Monday, November 17, 2025
Homeព័ត៌មានជាតិនាងភ័យឡើងញ័រមាត់... ប្រុសទាំង២នាក់ធ្វើសកម្មភាពហើយ បន្សល់ស្បែកជើងម្ខាងទៀត

នាងភ័យឡើងញ័រមាត់… ប្រុសទាំង២នាក់ធ្វើសកម្មភាពហើយ បន្សល់ស្បែកជើងម្ខាងទៀត

ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់មាសម្នាក់ ក្រោយពីបិទតូបលក់ដូរ ក៏ធ្វើដំណើរទៅយកគ្រឿងអលង្កាពីផ្ទះជាង បន្ទាប់មកក៏ប្រ៏មូលគ្រឿងអលង្ការដាក់ពេញក្រោមកែបម៉ូតូ រួចក៏ជិះសំដៅទៅផ្ទះវិញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវបុរស២នាក់ ជិះម៉ូតូមួយគ្រឿងតាមមកពីក្រោយ រួចក៏ធាក់ផ្តួលម៉ូតូស្ត្រីរងគ្រោះ បណ្តាលឱ្យដួលបែកមាត់ តែមិនដឹងជាមានបំណងអ្វី សង្ស័យប៉ុនប៉ងប្លន់ លុះឃើញមានមនុស្សម្នាអ្នកដំណើរមកពីក្រោយច្រើន ភ័យស្លន់ស្លោ ក៏នាំគ្នាជិះគេចខ្លួនបាត់ស្រមោលអស់។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចជិតសណ្ឋារគារម៉ារ៉ាឌី ក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែបង្ហើបប្រាប់ថា គាត់ជាអ្នកលក់ដូរគ្រឿងអលង្ការនៅផ្សារអូឡាំពិក ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌កាប់ស្ទាំង ពាក់ស្លាកលេខភ្នំពេញ 1WC-8253 រងរបួសបែកមាត់។ ចំណែកបុរសសង្ស័យទាំង២នាក់ ដែលជិះតាមធាក់ផ្តួលម៉ូតូស្ត្រីរងគ្រោះ ក៏មិនស្គាល់អត្តសញ្ញាណដែរ ក្រោយកើតហេតុ បានបើកម៉ូតូគេចខ្លួនបាត់។

តាមសម្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីកន្លែងលក់គ្រឿងអលង្ការនៅផ្សារអូរឡាំពិក និងធ្វើដំណើរទៅម្តុំវត្តសាមគ្គីរង្សី ក្នុងគោលបំណងយកគ្រឿងអលង្ការ (កងឈុត) ទៅឱ្យជាងធ្វើ រួចហើយគាត់ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅម្តុំផ្សារអូឡាំពិក ដោយដាក់កាបូបមានគ្រឿងអលង្ការពេញ ទុកក្រោមកែបម៉ូតូផង។ លុះពេលគាត់ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ សង្ស័យតាមគាត់តាំងពីម្តុំវត្តសាមគ្គីរង្សី ដែលជាកន្លែងធ្វើគ្រឿងអលង្ការ បានព្យាយាមជិះម៉ូតូមកក្បែរគាត់ រួចធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់គាត់តែម្តង បណ្តាលឱ្យដួលម៉ូតូទាំងអស់គ្នា ចំណែកគាត់បោកទៅនឹងផ្លូវរងរបួសបែកមាត់។ ភ្លាមៗនោះ ក៏មានបងប្អូនប្រជាពលរដ្ឋជាអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កម៉ូតូកង់បី មកពីក្រោយព្រោងព្រាត ធ្វើឱ្យបុរសទាំង២នាក់នោះភ័យស្លន់ស្លោ ក៏លើកម៉ូតូជិះគេចចេញពីកន្លែងកើតហេតុទៅបាត់ ដោយបន្សល់ទុកស្បែកជើងមួយចំហៀង។ ចំណែកគ្រឿងអលង្ការ ត្រូវបានស្ត្រីរងគ្រោះបើកកែបម៉ូតូ យកមកឱបជាប់នឹងខ្លួន ទាំងអារម្មណ៍រងការភិតភ័យយ៉ាងខ្លាំង។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចចរាចរណ៍ដែលប្រចាំការនៅគោលដៅក្បែរកន្លែងកើតហេតុនោះ បនាជួយយកស្ត្រីរងគ្រោះឱ្យទៅអង្គុយនៅគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់មកស្ត្រីរងគ្រោះក៏បានទាក់ទងហៅក្រុមគ្រួសារសាច់ញាតិ ឱ្យមកទទួលយកទៅផ្ទះវិញ។

ដោយឡែក សកម្មភាពរបស់បុរសទាំង២នាក់ខាងលើ ត្រូវបានក្រុមប្រជាពលរដ្ឋ ពិសេស ស្ត្រីរងគ្រោះដាក់ការសង្ស័យថា អាចនឹងមានបំណងតាមប្លន់គ្រឿងអលង្ការ ដែលនៅក្រោមកែបម៉ូតូតែម្តង ប៉ុន្តែមិនបានសម្រេច ដោយសារឃើញមានមនុស្សមកចោមរោមមើលច្រើនពេក ភ័យខ្លួនក៏លើម៉ូតូជិះរត់តែម្តង៕

RELATED ARTICLES