Monday, November 17, 2025
Homeព័ត៌មានជាតិដុតផ្ទះឆេះ ស្រាតខោវ៉ៃតដៃប៉ូលិស

ដុតផ្ទះឆេះ ស្រាតខោវ៉ៃតដៃប៉ូលិស

ភ្នំពេញ ៖ បុរសត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សញៀនថ្នាំ៥-៦ឆ្នាំមកហើយ លុះអាការញៀនថ្នាំធ្វើទុក្ខ ក៏ស្រាប់តែធ្វើសកម្មភាពដុតផ្ទះខ្លួនឯង រួចក៏ឡើងទៅសម្ងំនៅលើដំបូល និងត្រូវបានសមត្ថកិច្ចព្យាយាមលួងលោមអស់រាប់ម៉ោង មិនព្រមចុះ។ ចុងក្រោយ ពេលឃើញកម្លាំងសមត្ថកិច្ចឡើងទៅចាប់ខ្លួនដល់លើដំបូងផ្ទះ ក៏ស្រាប់តែស្រាតខោចេញ រួចព្យាយាមវ៉ៃតដៃជាមួយសមត្ថកិច្ចទៀតផង ទីបំផុត ក៏ត្រូវសមត្ថកិច្ចប្រើធម៌ក្តៅចាប់វាយខ្នោះ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិអណ្តូងថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនបង្កហេតុចលាចលខាងលើ មានឈ្មោះ ផន ស្រស់ អាយុ៣៨ឆ្នាំ ជាមនុស្សញៀនថ្នាំអស់ រយៈពេល៥ទៅ៦ឆ្នាំហើយ មានប្រពន្ធឈ្មោះ ចុង សុខលាប អាយុ៤២ឆ្នាំ និងមានកូន៣នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីគាត់គឺជាមនុស្សញៀនថ្នាំរាប់ឆ្នាំមកហើយ និងធ្លាប់ជាប់មណ្ឌលជាច្រើនដង ហើយធ្លាប់ដុតផ្ទះម្តងដែរ និងត្រូវបានសមត្ថកិច្ចឃាត់ និងចាប់ទៅតុលាការ ជាប់ពន្ធនាគារប្រមាណជិត២ឆ្នាំទៀតផង។ លុះមកដល់វេលាព្រឹកកើតហេតុ ប្តីរបស់គាត់បានវាយបំផ្លាញរបស់របរក្នុងផ្ទះអស់ជាច្រើន រួចគាត់ក៏បានទាក់ទងទៅសមត្ថកិច្ចឱ្យជួយមកអន្តរាគមន៍ ដើម្បីឱ្យចាប់បុរសជាប្តីឱ្យចេញពីផ្ទះ នៅពេលនោះ សមត្ថកិច្ចមកដល់ បុរសជាប្តីបានឡើងទៅលើដំបូលផ្ទះ រួចក៏បានយកដែកព្យូរខោអាវចាក់ខ្នងរបស់ខ្លួនឯងទៀតផង។

នៅក្នុងហេតុការណ៍នោះដែរ សមត្ថកិច្ចបានត្រៀមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីការពារបាញ់ទឹកពន្លត់ ខណៈដែលជនកំណាចរូបនេះក្រពុលមុខ អាចនឹងដុតផ្ទះអ្នកជិតខាងទៀតផងក៏មិនដឹង។ រហូតមកដល់ម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែល ក៏មានកម្លាំងស្រមោចខ្មៅរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឡើងទៅលើដំបូលផ្ទះ ដើម្បីបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនញៀនថ្នាំខាងលើ ដោយការឃាត់ខ្លួននេះអស់ប្រមាណជាង១០នាទី។ ស្រាប់តែពេលឃើញកម្លាំង ពិសេសឡើងមករកចាប់ខ្លួនបែបនេះ ជនសង្ស័យក៏បានស្រាតខោ ហើយក៏ព្យាយាមវ៉ៃតដៃជាមួយកម្លាំងអាវុធហត្ថ និងបានព្យាយាមលោតពីដំបូល មកផ្នែកខាងក្រោយដែរ តែទីបំផុត ក៏ត្រូវកម្លាំងពិសេសរបស់អាវុធហត្ថឃាត់ខ្លួនបានតែម្តង រួចចាប់វាយខ្នោះបញ្ជូនទៅបពាក្ជារាដ្ឋានកងរាជអាវុធហត្ថភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES