Monday, November 17, 2025
Homeព័ត៌មានជាតិឈប់ម៉ូតូនិយាយទូរស័ព្ទ ស្រាប់តែដុំថ្មហោះមក ដូចគ្រាប់ភ្លៀង

ឈប់ម៉ូតូនិយាយទូរស័ព្ទ ស្រាប់តែដុំថ្មហោះមក ដូចគ្រាប់ភ្លៀង

ភ្នំពេញ ៖ យុវជន២នាក់ កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវសុខៗ ក៏មានគេទូរស័ព្ទមក ទើបអែបម៉ូតូឈប់នៅលើចិញ្ចើមផ្លូវ ដើម្បីនិយាយ ទូរស័ព្ទ ស្រាប់តែលេចមុខក្រុមក្មេងស្ទាវ១ក្រុម បានទាញដុំថ្មគប់ ចំយុវជនម្នាក់ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈមួយកន្លែង តាមបណ្តោយ មហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ កែងផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះខាងលើ មានឈ្មោះផៃ សុផា អាយុ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងការ៉ាស់រថយន្ត តាមបណ្តោយផ្លូវ ជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកមិត្តភក្តិដែលរួមដំណើរជាមួយគ្នា មិនស្គាល់ឈ្មោះ និងមិនទទួលរងរបួសនោះទេ។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 1Q-8808។ ចំណែកក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុរួច បាននាំគ្នាគេចខ្លួនបាត់ ស្រមោលអស់។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេ និងមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូដើរលេង លុះមកដល់ចំណុច កើតហេតុ ដោយសារតែមានគេខលមក ទើបរូបគេ បានឱ្យមិត្តភក្តិជាអ្នកឌុបបន្ថយល្បឿនអែបខាង ដើម្បីឈប់និយាយទូរស័ព្ទនៅចិញ្ចើមផ្លូវ ស្រាប់តែរំពេចនោះ ក៏លេចមុខក្រុមជនបង្កខាងលើ មានគ្នា៣នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ មិនចាំស្លាកលេខ ជិះមកដល់ក្បែរ បន្ទាប់មកជនបង្កម្នាក់ដែលជិះកណ្តាល បានយកដុំឥដ្ឋមកគប់សំដៅរូបគេពេញ១ទំហឹង បណ្តាលឱ្យចំក្បាលបែកឈាមហូរស្រោចជោកខ្លួនតែម្តង។ ភ្លាមនោះ គាត់បានស្រែកឱ្យប្រជាពលរដ្ឋជួយដេញតាមដែរ តែក្រុមជនបង្កខាងលើ បានបន្ថែមល្បឿនម៉ូតុជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ កំលាំងនគរបាលប៉ុស្តិ៍ចោមចៅម្នាក់បានមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ ហើយបានឱ្យជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចស៊ើបអង្កេតរកមុខសញ្ញាក្រុមជនបង្កខាងលើ យកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES