Monday, November 17, 2025
Homeព័ត៌មានជាតិចំប៉ីខ្មៅ ខឹងគេខោក៣ក្រញ៉រ ដៀលពូជខ្មែរ តុលាការផ្តន្ទាទោសជាប់គុក២ឆ្នាំ

ចំប៉ីខ្មៅ ខឹងគេខោក៣ក្រញ៉រ ដៀលពូជខ្មែរ តុលាការផ្តន្ទាទោសជាប់គុក២ឆ្នាំ

ភ្នំពេញ ៖ យុវជនជាភេទទី៣ រហ័សនាម “ចំប៉ីខ្មៅ” ដែលបានឡាយវិដេអូតាមហ្វេសប៊ុកចេញពីមុខព្រះបរមរាជវាំង ដោយបានដៀលប្រមាថពូជសាសន៍ខ្មែរកប់ៗមាត់ ព្រោះតែខឹងរឿងយុវជន៣នាក់ជិះម៉ូតូមកខោកក្បាលខ្លួនឯង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដោយសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ តែអនុវត្តត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។

យោងតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រេចផ្តន្ទាទោសជនជាប់ឈ្មោះយិន ហេង ហៅ “ចំប៉ីខ្មៅ” ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់៣លានរៀល ប៉ុន្តែទោសនេះឱ្យអនុវត្តតែ១ឆ្នាំប៉ុណ្ណោះ ករណីប្រមាថជាតិសាសន៍ខ្មែរ។

ការប្រកាសសាលក្រមនេះ មានលោកម៉ៅ ស៊ីណា ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោកគុជ គឹមឡុង ជាតំណាងអយ្យការ។

ទោះបីអវត្តមានមេធាវីជនជាប់ចោទ យិន ហេង ប៉ុន្តែសវនាការសួរដេញដោល អាចដំណើរការទៅបាន ដោយហេតុថា ជនជាប់ចោទអាចឆ្លើយតទល់ជាមួយតុលាការ បានដោយស្ម័គ្រចិត្ត។ ចាប់តាំងពីការសាកសួរពីដំបូង រហូតដល់បញ្ចប់ការជំនុំជម្រះ ជនជាប់បានសារភាពនូវទោសកំហុសរបស់ខ្លួន និងបានសម្តែងការស្តាយក្រោយចំពោះទ្វើរបស់ខ្លួនកន្លងមក។

គួររំលឹកថា យុវជនដែលជាភេទទី៣ ឈ្មោះយិន ហេង រហ័សនាម “ចំប៉ីខ្មៅ” ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីធ្វើការឡាយវីដេអូជាសាធារណៈតាមបណ្តាញសង្គមហេសប៊ុក ចេញពីមុខព្រះបរមរាជវាំង ដោយបានជេរប្រមាថមកលើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយមើលថោក ដោយបានប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ប្រមាថទៅដល់ជាតិសាសន៍ខ្មែរទាំងមូល។

វីដេអូរបស់យុវជនភេទទី៣ “ចំប៉ីខ្មៅ” នោះ ធ្វើឡើង បន្ទាប់ពីយុវជនរូបនោះ ត្រូវទទួលរងអំពើហិង្សាពីយុវជន៣នាក់ ដែលបានជិះម៉ូតូមកខោកក្បាលខ្លួនចំនួន៣ក្រញ៉ ជាហេតុធ្វើឱ្យយុវជននោះខឹងច្រឡោត ក៏បែកគំនិតឡាយហ្វេសប៊ុក ជេរបញ្ចោររាលដាលដល់ពលរដ្ឋខ្មែរទូទាំងប្រទេសតែម្តង ទើបធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្កោលទោសឱ្យសមត្ថកិច្ចចាត់ការចំពោះបុគ្គលភេទទី៣នេះផងដែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យរូបនេះ មូលហេតុដែលធ្វើឱ្យខ្លួនប្រមាថជាតិសាសន៍ខ្មែរ ដោយសារតែមានជនអនាមិកចំនួន៣នាក់ បានជិះម៉ូតូមកខោកក្បាលខ្លួនចំនួន៣ដង (៣ក្រញ៉)ដោយមិនដឹងមូលហេតុ។ ជនសង្ស័យថា សកម្មភាពខោកក្បាលពីជនអនាមិក បានធ្វើឱ្យខ្លួនមានការឈឺចាប់ជាខ្លាំង ក៏បង្កឱ្យខ្លួនបង្ហោះវីដេអូជេរប្រមាថខ្មែរ ព្រោះតែកំហឹងមួយឆាវតែម្តង៕

RELATED ARTICLES