Monday, November 17, 2025
Homeព័ត៌មានជាតិលោកដួង តារា ដែលរងការចោទប្រកាន់ពីលោកថៃ នរៈសត្យា ចេញមកបំភ្លឺ

លោកដួង តារា ដែលរងការចោទប្រកាន់ពីលោកថៃ នរៈសត្យា ចេញមកបំភ្លឺ

កាលពីព្រឹកមិញនេះ អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកថៃ នរៈសត្យា បានបង្ហោះសារទម្លាយរឿងអតីតភរិយារបស់ខ្លួន អ្នកស្រីងិន ម៉ានីយ៉ា ត្រូវបុរសម្នាក់ ឈ្មោះ ដួង តារា ឃុបឃិតជាមួយអ្នកស្រីម៉ានីយ៉ា វាយកម្ទេចផ្ទះវីឡារបស់កូនៗរបស់គាត់ ឲ្យក្លាយជាកន្លែងខារ៉ាអូខេនោះ នៅពេលនោះលោកដួង តារា ដែលរងការចោទប្រកាន់នេះ បានតបទៅលោកសត្យា វិញ ឲ្យមានចិត្តត្រជាក់ ហើយគិតគូរពិចារណាធ្វើអ្វីដែលល្អៗវិជ្ជមាន។

គណនីហ្វេសប៊ុករបស់លោកដួង តារា បានបង្ហោះសារថា “អាសំណព្វ និង អាសង្ហារ កាលពីព្រឹកមិញ បងប្រុស ថៃ នរសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៍ បានសរសេរសារលើហ្វេសប៊ុគគាត់ដោយប្រើពាក្យសំដីដែលប្អូនគិតថា មិនសមរម្យ ហើយជាលក្ខណៈមានចេតនាមួលបង្កាច់បង្ខូចឈោ្មះ និងកិត្តិយសប្អូន ដោយហៅសុទ្ឋតែពាក្យ (វា) (អា)។ បងជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៍ ហើយបងមានអាយុច្រើនជាងប្អូន។ ខ្ញុំនិងគ្រួសារបង យើងរាប់អានគ្នាយូរហើយដែរ។ ខ្ញុំក៏គោរពស្រឡាញ់បង ហើយចង់ឃើញក្រុមគ្រួសារបង និងក្មួយៗសុខសប្បាយ។

លោកដួង តារា បានបន្តថា “ប្អូនសោកស្តាយចំពោះរឿងរ៉ាវគ្រួសារបង។ ប្អូននៅតែគោរពស្រឡាញ់បងទាំងពីរ និងក្មួយៗ ទោះបីបងនិយាយពាក្យមិនល្អ មួលបង្កាច់កេរ្ត៍ឈ្មោះប្អូនដូចក្នុងហ្វេសប៊ុកបងក្តី។ ប្អូនលើកលែងអនុគ្រោះអោយបងគ្រប់ពេល។ បងក៏បានដឹងដែរចំពោះរឿងទិញផ្ទះ គឺប្អូនបានយកលុយពីគ្រួសារទៅបង់ឲ្យបងស្រី នៅពេលដែលគាត់លើកគម្រោងធ្វើផ្ទះល្វែង។ គាត់ជាអ្នកកំណត់អោយប្អូនល្វែងកណ្តាល ហើយប្អូនក៏មិនបានឲ្យបងស្រីកំទេចផ្ទះវីឡាចាស់នោះដែរ។ ប្អូនគ្រាន់តែដឹងថា បងស្រីមានគម្រោងសាងសង់ផ្ទះល្វែង៣ល្វែង បូកជាមួយល្វែងចាស់ ១ល្វែង (៤ល្វែង) ហើយសល់ដី គឺគាត់គ្រោងសង់ខុនដូទុកចែកអោយកូនៗ”។

ជាចុងក្រោយ លោកដួង តារា បានសំណូមពរ និងចូលរួមសោកស្តាយថា “សូមបងចិត្តត្រជាក់ៗ ហើយគិតគូរពិចារណា ធ្វើអ្វីដែលល្អៗវិជ្ជមាន។ ប្អូនក៏អត់បានដឹងពីរឿងរាជក្រិតដកដំណែងបងដែរ។ ប្អូនចូលរួមសោកស្តាយផង។ សូមជូនពរបងជួបតែសេចក្តីសុខ និងសំណាងល្អ។ យើងចូលរួមកសាងអំពើល្អ​ ចែករំលែកក្តីស្រឡាញ់​ និងស្នាមញញឹម​គ្រប់ទីកន្លែង”៕

RELATED ARTICLES