Tuesday, November 18, 2025
Homeព័ត៌មានជាតិប្រពន្ធសសៃខ្ចី៣ខែ រួមដៃប្រុសសហាយ វ៉ៃប្តីរយះក្បាល ដេញទាំងកូនចេញពីផ្ទះ

ប្រពន្ធសសៃខ្ចី៣ខែ រួមដៃប្រុសសហាយ វ៉ៃប្តីរយះក្បាល ដេញទាំងកូនចេញពីផ្ទះ

ភ្នំពេញ ៖ បុរសអភ័ព្វម្នាក់ បានអះអាងថា ប្រពន្ធរបស់ខ្លួនទើបនឹងសម្រាលកូនបានប្រមាណជាង៣ខែ ស្រាប់តែបែកគំនិតលួចមានសហាយស្មន់ជាមួយនឹងប្រុសថ្មី រហូតដល់រួមដៃជាមួយប្រុសសហាយ ប្រើអំពើហិង្សាវាយដំប្តី បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ និងថែមទាំងបណ្តេញទាំងប្តី និងកូនតូចជាង៣ខែចេញពីផ្ទះ ដើរតែលតោលគ្មានលុយកាក់១រៀលជាប់ខ្លួន។

បុរសអភ័ព្វដែលត្រូវប្រពន្ធសរសៃខ្ចីផិតក្បត់ និងថែមទាំងរួមដៃជាមួយប្រុសសហាយវាយដំ បណ្តាលឱ្យរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាកម្មករសំណង់នៅកោះពេជ្រ និងមានស្រុកកំណើតនៅឯខេត្តព្រៃវែង។ ចំណែកកូនប្រុសតូចដែលត្រូវបុរសជាឪពុកស្ពាយជាប់ខ្លួន ទើបនឹងមានវ័យ៣ខែ៥ថ្ងៃប៉ុណ្ណោះ។ ដោយឡែក ស្ត្រីជាប្រពន្ធ រួមនឹងប្រុសសហាយ ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា តែត្រូវបុរសជាប្តីបង្ហើបថា សព្វថ្ងៃកំពុងធ្វើការនិងសម្ងំរួមរស់ជាមួយគ្នាយ៉ាងល្អូកល្អិននៅក្នុងការដ្ឋានសំណង់មួយ ឯកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បុរសកម្សត់មានតែទឹកដោះគោកូន ១កំប៉ុង ជាប់ខ្លួន

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sophorn Roeung ដែលគេដឹងថា ជាកីឡាករប្រដាល់សេរីដ៏ល្បីឈ្មោះ រឿង សោភ័ណ្ឌ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានធ្វើការឡាយវីដេអូមួយ រយៈពេល៧នាទី និង៤៣វិនាទី បង្ហាញពីស្ថានភាពបុរសអភ័ព្វជាប្តីខាងលើ ដែលកំពុងនាំកូនប្រុសរកមធ្យោបាយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតឯខេត្តព្រៃវែង វិញ ប៉ុន្តែដោយសារគ្មានប្រាក់ធ្វើសោហ៊ុយ និងមិនមានគោលដៅច្បាស់លាស់ ទើបសំចតជ្រកក្រោមម្លប់មុខអគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង ដោយដាក់កូនប្រុសតូចឱ្យដេកផ្ទាល់ឥដ្ឋ លើកាំជណ្តើរ ចិញ្ចើមផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

តាមរយៈវីដេអូឃ្លីបខាងលើ បុរសអភ័ព្វខាងលើបានឆ្លើយតបទៅនឹងការសាកសួររបស់កីឡាករ រឿង សោភ័ណ្ឌ ថា កូនប្រុសម្នាក់នេះទើបនឹងមានអាយុ៣ខែ និង៥ថ្ងៃប៉ុណ្ណោះ។ ចំណែកប្រពន្ធរបស់គាត់បានផិតក្បត់គាត់ទៅមានប្រុសសហាយថ្មី និងបានកើតមានជម្លោះនឹងគ្នា រហូតប្រុសសហាយនោះ បានវ៉ៃគាត់ជាប្តី បណ្តាលឱ្យរងរបួសបែកក្បាលជាច្រើនកន្លែង ចំណែកប្រពន្ធគាត់ថែមទាំងបានបណ្តេញគាត់ និងកូនប្រុសចេញ ដោយអះអាងថា លែងអាចរួមរស់នឹងគ្នាបានទៀតហើយ ត្រូវលែងលះគ្នាចាប់ពីពេលនេះទៅ។ មកដល់ពេលនេះ គាត់កំពុងរកលុយកាក់ ដើម្បីធ្វើដំណើរត្រឡប់ទៅស្រុក និងចង់ទុកកូនតូច ឱ្យម្តាយរបស់គាត់ជួយមើលថែ ហើយគាត់នឹងឡើងមករកការងារធ្វើវិញ ដើម្បីរកប្រាក់ចិញ្ចឹមកូន។ ប៉ុន្តែពេលនេះ សូម្បីតែលុយ១រយ១រៀល ក៏គ្មានជាប់ខ្លួនផង មានតែទឹកដោះគោកូន១កំប៉ុងប៉ុណ្ណោះ ទុកឆុងឱ្យកូនបៅនៅពេលកូនស្រែកឃ្លាន ហើយដោយសារតែគ្មានគោលដៅច្បាស់លាស់ ទើបគាត់បានបីកូនដើរមកដល់ចំណុចនេះតែម្តង និងឃើញមានម្លប់ត្រជាក់ ក៏ដាក់កូនឱ្យដេក១ភាំងសិន ចាំគិតបន្តទៀត។

បន្ទាប់ពីកើតការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើល និងដឹងពីដំណើរជីវិតបុរសអភ័ព្វខាងលើ គេឃើញមានសប្បុរសជនម្នាក់ បានផ្តល់លុយចំនួន១ម៉ឺនរៀល ឱ្យបុរសខាងលើ ទុកទិញនំចំណីហូប។ ដោយឡែក កីឡាករល្បីឈ្មោះ រឿង សោភ័ណ្ឌ ក៏បានសម្តែងនូវអារម្មណ៍ និងទឹកចិត្តអាណិតអាសូរយ៉ាងខ្លាំងចំពោះឪពុកកូនទាំង២នាក់ ព្រមទាំងបានចូលរួមឧបត្ថម្ភជាទឹកប្រាក់ជូនបុរសខាងលើ ចំនួន២០ដុល្លារផងដែរ គ្រាន់ជាសោហ៊ុយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។

យ៉ាងណាក្តី បុរសអភ័ព្វខាងលើ បានអះអាងថា ត្បិតថាគាត់ជាមនុស្សប្រុស និងមានជីវភាពទីទ័លក្រ ជួបនឹងការលំបាកមើលថែចិញ្ចឹមកូនតូចនេះក៏ពិតមែន ប៉ុន្តែក្នុងនាមជាឪពុកគាត់មិនអាចយកកូនទៅដាក់មណ្ឌលកុមារកំព្រា ឬបោះបង់ឱ្យគេចិញ្ចឹមនោះឡើយ គឺគាត់នឹងយកកូនទៅផ្ញើឪពុកម្តាយនៅឯស្រុកកំណើត ហើយនឹងប្រឹងរកប្រាក់ចិញ្ចឹមកូនប្រុសម្នាក់នេះ ឱ្យបានធំធាត់ បានចូលរៀនសូត្រ មានចំណេះដឹងនឹងគេ កុំឱ្យមកជួបរឿងអភ័ព្វវេទនាដូចរូបគាត់ជាឪពុកទៀត៕

កីឡាករ រឿង សោភ័ណ្ឌ
RELATED ARTICLES