កណ្តាល៖ នារីជាអ្នកបម្រើការខារ៉ាអូខេម្នាក់ និងបុរសម្នាក់ទៀត ត្រូវបានសមត្ថកិច្ចខ្លួន បន្ទាប់ពីពួកគេពួនសម្ងំប្រើប្រាស់ និងជួញដូរថ្នាំញៀន នៅចំណុចរោងចម្ការអ្នកភូមិ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។

ជនសង្ស័យទាំង២នាក់ ខាងប្រុស មានឈ្មោះរិន សារ៉ាក់ ហៅតូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។ ចំណែកខាងស្រី មាន ឈ្មោះ នី ស្រីទី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បំរើការងារជានារីខារ៉ាអូខេ(ប៊ីហ្គោល) ទីលំនៅបច្ចុប្បន្ន ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋម្នាក់បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា មានជនសង្ស័យប្រុសស្រី២នាក់ កំពុងជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចរោងចម្ការអ្នកភូមិម្នាក់ ឈ្មោះ មឿន រ៉ាន់។សមត្ថកិច្ចបានបន្តថា លុះពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងចុះទៅ ក៏ឃើញជនសង្ស័យខាងលើនៅចំណុចកើតហេតុ រួចបានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច , ក្រដាសប្រាក់រៀល ចំនួន១៧០,០០០៛ , ទូរស័ព្ទចំនួន០១គ្រឿង ម៉ាក Oppo ពណ៌ផ្កាឈូក លាយស នៅជាប់ខ្លួនជនសង្ស័យឈ្មោះ នី ស្រីទី ។ ភ្លាមៗនោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងមកកាន់ប៉ុស្ដិ៍នគរបាលស្វាយរលំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនី ស្រីទី បានសារភាពថា នាងបានគ្រឿងញៀន (ម៉ាទឹកកក) និងលុយចំនួន១០ម៉ឺនរៀល បានមកពីសង្សាររបស់នាង ឈ្មោះ ភា ភេទប្រុស អាយុ៣០ឆ្នាំ មិនស្គាល់ទីលំនៅ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕
