ខេត្តបាត់ដំបង ៖ បន្ទាប់ពីមានការចុះផ្សាយជុំវិញរឿងរ៉ាវអតីតភ្នាក់ងារសារព័ត៌មាន “នគរធំ” ២នាក់ប្តីប្រពន្ធ គឺអ្នកស្រី ម៉ក់ វិច្ឆិកា និងស្វាមី លោកសុខ ផានិត មានរឿងរ៉ាវជាមួយមន្ត្រីតាមច្រកព្រំដែន រហូតត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លនរួចមក សាមីខ្លួនប្តីប្រពន្ធអ្នក ទាំង២ បានចេញមុខបំភ្លឺបកស្រាយ ថាករណីនេះ មិនមែនជារឿងពិតនោះទេ ព្រោះពួកខ្លួនទាំង២នាក់ប្តីប្រពន្ធ មិនបានដើរកោសរូស បង្ករឿងជាមួយមន្ត្រីតាមព្រំដែននោះទេ ហើយក៏មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដូចការលើកឡើងនោះដែរ។

អ្នកស្រី ម៉ក់ វិច្ឆិកា បានបញ្ជាក់ឱ្យដឹង កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នេះថា ព័ត៌មានដែលថា អ្នកស្រី និងស្វាមី ចូលទៅឡាយវីដេអូនៅច្រកទ្វារអន្តរជាតិដូង រហូតដល់មានរឿងថ្នាំងថ្នាក់គ្នានោះ មិនមែនជារឿងថ្មីនោះ តែជារឿងដែលកើតឡើងតាំងពីឆ្នាំ២០១៧ មកម៉្លេះ ហើយពេលនេះអ្នកស្រីក៏មិនធ្លាប់បានដើរយកព័ត៌មានតាមព្រំដែនទៀតដែរ ដោយសារតែកំពុងមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលទៅហើយ។ ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកស្រីនិងស្វាមី បានចុះបេសកកម្មទៅខេត្តប៉ៃលិនឯណោះ ពោលគឺមិនបាននៅខេត្តបាត់ដំបង នោះទេ ហេតុនេះព័ត៌មានថា អ្នកស្រី និងស្វាមី ដើរអុកឡុកបង្កជំលោះជាមួយមន្ត្រីតាមព្រំដែន ពិសេសច្រកដូងនោះ គឺមិនមែនជាការពិតឡើយ ហើយក៏មិនមានការចាប់ខ្លួនអ្វីមកលើអ្នកស្រី និងស្វាមីដែរ។

អ្នកស្រីម៉ក់ វិច្ឆិកា បានអះអាងថា កន្លងមក អ្នកស្រី និងស្វាមី ដើរយកព័ត៌មានតាមវិជ្ជាជីវៈ ដោយមិនបានធ្វើការកោសរូស គំរាមកំហែង ជំរិតទារប្រាក់ ដូចការលើកឡើងមួយចំនួននោះឡើយ ហើយអ្នកស្រីក៏មិនបានយកឈ្មោះអង្គភាពណាទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតនោះដែរ។ ដោយឡែក ករណីអង្គភាព សារព័ត៌មាន “នគរធំ” អ្នកស្រីបានលាឈប់តាំងពីឆ្នាំ២០១៧មកម៉្លេះ ដោយសារតែអ្នកស្រី និងស្វាមី ជាប់រវល់ដំណើរការគេហទំព័រថ្មីផ្ទាល់ខ្លួន ពោលគឺធ្វើជាចាងហ្វាងដោយខ្លួនឯងតែម្តង។

ពាក់ព័ន្ធទៅនឹងករណីខាងលើ “នគរធំ“ ក៏សូមធ្វើការបញ្ជាក់ផងដែរថា សាមីខ្លួនអ្នកស្រី ម៉ក់ វិច្ឆិកា និងលោកសុខ ផានិត ជាស្វាមី ពិតជា មិនបានយកឈ្មោះអង្គភាព “នគរធំ” ទៅប្រើប្រាស់ក្នុងរូបភាពអវិជ្ជមាន ដែលនាំឱ្យប៉ះពាល់ការកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អង្គភាពនោះដែរ៕