ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការដកតំណែងលោកថៃ នរៈសត្យា គឺចង់ឱ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌ មានភាពស្អាតស្អំ និងជាអភិក្រមទី៥ ហើយសម្តេចបានបន្ថែមថា ការដកលោកថៃ នរៈសត្យា មិនពាក់ព័ន្ធជាមួយលោកដួង តារា នោះទេ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហោះសារមួយថា “នៅ១ម៉ោង មុននេះ នៅក្នុងផេកខ្ញុំបាទ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ច្បាស់អំពីមូលហេតុនៃការដកលោកថៃ នរៈសត្យា អតីតរដ្ឋលេខាធិការពីក្រសួងវប្បធម៌ ដែលមានខ្លឹមសារដើមទាំងស្រុងខាងក្រោម ៖

Hun Sen : សុំកុំប្រកែកគ្នា និងចោទប្រកាន់គ្នាពីរឿងលោកថៃ នរៈសត្យា ត្រូវដកចេញពីដំណែង។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់ លើការដកតំណែងនេះ។ ការដកតំណែងរបស់គាត់ គឺចង់ឱ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌មានភាពស្អាតស្អំ។ ពួកអ្នកប្រពន្ធច្រើនត្រូវបានដកចេញជាបន្តបន្ទាប់ និងបន្តដកចេញនៅពេលខាងមុខ។ នេះជាអភិក្រមទី៥ គឺការ (វះកាត់)…”។

ជាមួយនោះដែរ សម្តេចហ៊ុន សែន ក៏បាន Comment នៅលើហ្វេសប៊ុករបស់លោកថៃ នរៈសត្យា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា “ការដកលោកថៃ នរៈសត្យា មិនពាក់ព័ន្ធជាមួយលោកដួង តារា ទេ។ សុំកុំភាន់ច្រឡំលើរឿងនេះ…”។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ លោកថៃ នរៈសត្យា ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ពីរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ដោយយោងតាមព្រះរាជក្រឹត្យឡាយព្រះហត្ថលេខា ដោយព្រះកុរណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានធ្វើការត្រាស់បង្គាប់បញ្ចប់មុខតំណែងលោកថៃ នរៈសត្យា ពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
