Tuesday, November 18, 2025
Homeព័ត៌មានជាតិកូនចៅដេញកាប់ ខឹងថៅកែមិនឲ្យផឹកសុីនៅកន្លែងធ្វើការ

កូនចៅដេញកាប់ ខឹងថៅកែមិនឲ្យផឹកសុីនៅកន្លែងធ្វើការ

ខេត្តកណ្តាល ៖ កម្មករឡឥដ្ឋម្នាក់ បានទិញស្រាថ្នាំយកមកផឹកជាមួយនឹងកម្មកររួមការងារជាមួយគ្នាប៉ុន្មាននាក់ទៀត នៅកន្លែងធ្វើការក្នុងម៉ោងការងារ លុះថៅកែដើរមកឃើញ ក៏ស្តីបន្ទោស ហាមមិនឱ្យផឹកស៊ីនៅក្នុងកន្លែងធ្វើការនោះទេ ស្រាប់តែធ្វើឱ្យជនសង្ស័យមួម៉ៅក្តៅចិត្ត ក៏ស្ទុះទាញកាំបិតកាប់បំផ្លាញរបស់របរក្នុងការដ្ឋាន និងប៉ងរកកាប់ថៅកែទៀតផង ប៉ុន្តែត្រូវសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ទាន់ពេល ដោយចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណឡឥដ្ឋពន្លឺព្រះអាទិត្យ២ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

យុវជនចិត្តខ្លាំង តឿ ធី

ជនរងគ្រោះមានឈ្មោះសេង សាំងហេង អាយុ៣៨ឆ្នាំ មុខរបរម្ចាស់សិប្បកម្មឡឥដ្ឋ មានលំនៅក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល។ ចំណែកជនសង្ស័យមានឈ្មោះតឿ ធី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅទីកន្លែងកើតហេតុ មុខរបរកម្មករឡឥដ្ឋ។ រីឯវត្ថុតាង ចាប់យកកាំបិតប៉័ងតោ ពណ៌ស ដងដែកចំនួន១។

លោក សេង សាំងហេង ចង្អុលកន្លែងដែលជនសង្ស័យផឹកសុី

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានអង្គុយផឹកស្រាថ្នាំជាមួយឈ្មោះភឿង ជាកម្មករឡឥដ្ឋដូចគ្នា នៅកន្លែងកើតហេតុ។ លុះពេលផឹកស្រាអស់កន្លះលីត្រ ស្រាប់តែជនរងគ្រោះឈ្មោះសេង សាំងហេង ជាថៅកែឡឥដ្ឋបានដើរទៅដល់ ហើយបានប្រាប់ជនសង្ស័យថា “បើផឹកស្រាទៅផឹកនៅផ្ទះខ្លួនឯងទៅ កុំផឹកនៅកន្លែងធ្វើការអី” ពេលនោះ ជនសង្ស័យឈ្មោះតឿ ធី បានបោកកែវស្រាចោល រួចដើរទៅកន្លែងស្នាក់នៅរបស់ខ្លួន បានមួយសន្ទុះ ក៏ត្រឡប់មកវិញមានកាន់កាំបិត ហើយបានធ្វើសកម្មភាពវាយធ្នឹមដំបូលឡឥដ្ឋ ក្នុងពេលនោះ ជនរងគ្រោះឈ្មោះសេង សាំងហេង ថៅកែឡឥដ្ឋ បានមើលពីផ្ទះខ្លួនមក ឃើញជនសង្ស័យមានសកម្មភាពដូចនេះ ក៏បានរាយការណ៍មកនគរបាលប៉ុស្តិ៍តាមទូរស័ព្ទ ក្នុងពេលនោះដែរ ឈ្មោះលី សុខលាង នៅក្បែរនោះ បានដកហូតកាំបិតពីជនសង្ស័យចេញ បន្ទាប់មក សមត្ថកិច្ចប៉ុស្តិ៍បានទៅដល់ រួចនាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះតឿ ធី បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតវ៉ៃលើធ្នឹមដំបូលឡឥដ្ឋឈ្មោះសេង សាំងហេង ប្រាកដមែន។ មូលហេតុខឹងឈ្មោះសេង សាំងហេង ស្តីបន្ទោសរឿងផឹកស្រានៅក្នុងម៉ោងធ្វើការ។

ករណីនេះ ផ្នែកជំនាញនគរបាលយុត្តិធម៌ ស្រុកបានសហការជាមួយប៉ុស្តិ៍ បន្តកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES