បន្ទាប់ពីបែកធ្លាយរូបថតលោកលូ គឹមឈុន និងលោកផ្កាយ៣ នន្ទ សុខា ថតរូបញញឹមចេញធ្មេញនៅកន្លែងដែលអគារបាក់៧ជាន់ បាត់ស្រុត ស្លាប់មនុស្សរហូតដល់២៨នាក់ និងរងរបួស២៦នាក់នហោះ ស្រាប់តែកូនស្រីរបស់លោកនន្ទ សុខា បង្ហោះសារលើទំព័រងហ្វេសប៊ុកថា “លោកប៉ាខ្ញុំ ពេលនៅជាមួយពួកខ្ញុំ គាត់អត់សើចទេ មានតែទឹកមុខក្រញូវនឹងពាក្យជេរដៀលប៉ុណ្ណោះ នៅជាមួយសហាយស្មន់វិញ មុខលោកប៉ាខ្ញុំរីកដូចគ្រាប់ជី ទើបធ្វើឲ្យគាត់ញញឹមសើចភ្លេចខ្លួន គេកាន់ទុក្ខគ្រប់គ្នា លោកប៉ាខ្ញុំបែរជាប្រឹងថត សែលហ្វីជាមួយគេញញឹមគ្រប់ប៉ុស្ដិ៍”។

យោងតាមទំព័រហ្វេសប៊ុកនារីម្នាក់ ឈ្មោះ Ko Sol បានបង្ហោះសារកាលពីម្សិលមិញថា “លោកប៉ាខ្ញុំ ពេលនៅជាមួយពួកខ្ញុំ គាត់អត់សើចទេ មានតែទឹកមុខក្រញូវនឹងពាក្យជេរដៀលប៉ុណ្ណោះ ។ ពេលនៅជាមួយសហាយស្មន់វិញ មុខលោកប៉ាខ្ញុំរីកដូចគ្រាប់ជី លោកប៉ាខ្ញុំចេញពីផ្ទះ ឮថាសប្បាយរហូតហ្នឹង អ៊ីចឹងហើយ ទើបធ្វើឲ្យគាត់ញញឹមសើចភ្លេចខ្លួន គេកាន់ទុក្ខគ្រប់គ្នា លោកប៉ាខ្ញុំបែរជាប្រឹងថត សែលហ្វីជាមួយគេញញឹមគ្រប់ប៉ុស្ដិ៍ “។

ហ្វេប៊ុកដដែលនេះ បានសរសេរបន្តថា “កូនហួសចិត្តណាស់ ពេលឃើញទង្វើប៉ាបែបនេះ ។
បើពិនិត្យរូបថតទាំងនោះ លោកពូ លូ គឹមឈុន គាត់ញញឹមអត់ខុសទេ ព្រោះលោកប៉ាឋានៈផ្កាយបីអ្នកថតសែលហ្វី ហើយលោកប៉ាញញឹម នរណាមិនញញឹមតាម ហើយលោកប៉ានឹងគាត់ស្និទ្ធនឹងគ្នាទៀត ។ រូបថតប៉ុន្មានសន្លឹកនោះ ឃើញតែលោកប៉ាញញឹមរហូត មានតែប៉ុន្មានសន្លឹកថតជាមួយពួកកូនទេ ទើបលោកប៉ាមិនញញឹម ។ លោកប៉ាសប្បាយចិត្តនឹងទឹកភ្នែកប្រពន្ធកូនមិនឆ្អែតឆ្អន់ នៅទៅខំសើចសប្បាយចិត្តនឹងគំនរទុក្ខរបស់ជនរងគ្រោះទៀត ។ លោកប៉ាលួចមានស្រីហើយ នៅប្រើអំណាចតុលាការតាមធ្វើបាបអ្នកម៉ាក់របស់កូននឹងពួកកូនទៀត។ ប្ដឹងម៉ាក់រាប់ខែហើយ ម៉ាក់ចូលទៅបំភ្លឺច្រើនដងហើយ នៅអត់រលូនទៅមុខទៀត លោកប៉ាខ្ញុំសាហាវណាស់ សូម្បីខ្ញុំជាមនុស្សពិការហើយ ក៏លោកប៉ាខ្ញុំមិនលើកលែងដែរ នៅប្ដឹងទារចែកទ្រព្យដោយមិនចែកឲ្យខ្ញុំមួយរៀល លោកប៉ាខ្ញុំ ចង់ឲ្យពួកខ្ញុំដាច់បាយស្លាប់ហើយ ។ ដឹងហើយថា លោកប៉ាឋានៈធំ លោកប៉ាផ្កាយបី ហើយធ្វើជាទីព្រឹក្សារបស់សម្ដេចតេជោសែនទៀត តុលាការអត់ហ៊ានចាត់ការលោកប៉ាទេ ។ តែលោកប៉ាត្រូវចាំថា បាបកម្មគង់តែមាន លោកប៉ាមិនទទួលជាតិនេះ ជាតិក្រោយលោកប៉ាគង់តែទទួលទេ” ។

ដោយឡែក នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ គណនីហ្វេសប៊ុកដដែល បានបន្តបង្ហោះសារបន្ថែមទៀតថា “រឿងលោកប៉ាខ្ញុំមានសហាយស្មន់ ធ្វើបាបម៉ាក់ខ្ញុំ ។ល។ ម៉ាក់ខ្ញុំធ្លាប់បង្ហោះយូរហើយ តែអត់មានអ្នកសារព័ត៌មានធំៗណាជួយផ្សាយឡើយ ។ ហើយធ្លាប់បង្ហោះចូល Page សម្ដេចពុកដែរ តែក្រោយមកស្រាប់តែប៉ាខ្ញុំឡើងឋានៈថែម ធ្វើឲ្យពួកខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់ អ្នកម៉ាក់ខ្ញុំអត់មានលុយទេ មិនដឹងទៅពឹងនរណាឡើយ មានញាតិខ្លះចិត្តជាព្រះ ចិត្តជាទេវតា ធ្លាប់ឲ្យលុយម៉ាក់ខ្ញុំដែរ តែជម្ងឺរោគាបានបំផ្លាញលុយបន្ដិចបន្ដួចនោះអស់ហើយ ពួកខ្ញុំទាំងបីនាក់សុទ្ធតែមានជម្ងឺជាប្រចាំកាយ”។

នារីដែលអះអាងថា កូនស្រីលោកនន្ទ សុខា បន្ថែមថា “ខំផ្ញើសារទៅ Page សម្ដេចពុក តែសម្ដេចពុកលោកមើលមិនឃើញទេ ហើយម្យ៉ាងទៀតសម្ដេចពុកលោកជាទេវតាថែរក្សាជាតិខ្មែរ លោកមានការងាររាប់លានជំពូកដែលត្រូវដោះស្រាយ ។ រឿងគ្រួសារខ្ញុំជារឿងតូចតាចទេ ដូច្នេះខ្ញុំមានតែពឹងលោកឪពុកអ្នកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជួយ share ដើម្បីជួយរកយុត្តិធម៌ដល់ពួកខ្ញុំផងតែប៉ុណ្ណោះ ។ សូមជួយ share ផង សូមជួយអ្នកម្ដាយខ្ញុំផង”។

យ៉ាងណា ចំពោះការបង្ហោះសារខាងលើ អ្នកសារព័ត៌មានយើងព្យាយាមទាក់ទងទៅលោកផ្កាយ៣ នន្ទ សុខា ប៉ុន្តែមិនអាចទាក់ទងបាននៅឡើយ៕






