ភ្នំពេញ ៖ បុរសជាប្តីម្នាក់បានហៅមិត្តភក្តិ២នាក់ទៀត មកវាតវង់ផឹកស៊ីនៅក្នុងបន្ទប់ជួលរបស់ខ្លួនយ៉ាងសប្បាយក្អាកក្អាយ លុះពេលផឹកស្រវឹងស្រឿងៗ គ្រាន់តែប្រពន្ធពឹងឱ្យជួយបីកូនតូច៧ខែម្នាក់មួយភ្លែត ព្រោះប្រពន្ធរវល់ជាប់ដៃលាងចានឆ្នាំង បែរជាប្តីមិនខ្ចីបីកូន និងថែមទាំងរករឿងចោទប្រពន្ធថា មករញ៉េរញ៉ៃរំខានប្តីផឹកស៊ី រួចក៏ស្ទុះទៅវ៉ៃប្រពន្ធទាំងកំរោល បណ្តាលឱ្យបែកថ្ងាសហូរឈាមជោកខ្លួន ទីបំផុត ក៏ត្រូវសមត្ថកិច្ចចុះអូសកយកទៅដុសក្អែល។

ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារ ប្តីវ៉ៃប្រពន្ធបែកថ្ងាសនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល១កន្លែង ស្ថិតក្នុងភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ប្តីជើងខ្លាំងដែលវ៉ៃប្រពន្ធបែកថ្ងាស មានឈ្មោះឈិត ផល្លា អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកស្ត្រីរងគ្រាះជាប្រពន្ធ មានឈ្មោះសុខ គា អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ប្តីប្រពន្ធទាំងពីនាក់នេះ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ ឱ្យដឹងថា នៅមុនកើតហេតុ ជនបង្កហេតុជាប្តីបានហៅមិត្តភក្តិរបស់ខ្លួនចំនួន២នាក់ មកជួបជុំគ្នាផឹកស្រាថ្នាំ នៅក្នុងបន្ទប់ជួលរបស់ខ្លួន។ លុះកំពុងផឹកស្រវឹងធ្លាក់ភ្នែក ស្រាប់តែស្ត្រីជាប្រពន្ធបានបីកូនស្រីតូច ទើបនឹងអាយុ៧ខែ មកឱ្យជនបង្កជាប្តីជួយពបន្តិច ព្រោះនាងរវល់ទៅលាងចានឆ្នាំងទុកដាក់មួយភ្លែត។
ប្រភពដដែលបន្តថា គ្រាន់តែឮប្រពន្ធពឹងឱ្យជួយមើលកូនបែបនេះ ស្រាប់តែបុរសជាប្តីចិត្តខ្លាំងមួម៉ៅក្តៅចិត្ត ប្រកែកមិនព្រមមើលកូន និងថែមទាំងបោះសម្តីថា ប្រពន្ធមករញ៉េរញ៉ៃ រំខានប្តីផឹកស៊ី រកតែប្តីផឹកស៊ីត្រង់មាត់មិនបាន ទើបធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីនឹងគ្នាមួយប្រាវ រហូតដល់ប្រពន្ធខឹងពេក ក៏ក្តិចសាច់ប្តីបន្តិចទៅ គ្រាន់ស្រាយកំហឹងក្នុងខ្លួន ដឹងអី! បុរសជាប្តីកំណាចច្រឡោតខឹងក៏ស្ទុះមកវ៉ៃប្រពន្ធទាំងកំរោល បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធបែកថ្ងាស ហូរឈាមស្រោចខ្លួន ធ្វើឱ្យផ្អើលឆោឡោដល់អ្នកជិតខាង ជួយរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ទាំងយប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានហៅបុរសជាប្តីទៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការអប់រំ ថ្ងៃក្រោយកុំឱ្យបានដៃវ៉ៃប្រពន្ធតាមចិត្តបែបនេះទៀត៕