ខេត្តសៀមរាប ៖ យុវតីរូបស្រស់ម្នាក់ មិនដឹងជាខឹងចិត្តរឿងអ្វី ឬខឹងអ្នកណា ក៏បែរជាធ្វើបាបខ្លួនឯងដោយអារកដៃ លុះឪពុកម្តាយបានឃើញក៏សួរនាំ និងស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែកូនស្រីមួម៉ៅក្តៅចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកផ្ទះរបស់យុវតីរងគ្រោះ ស្ថិតនៅក្រុមទី១៨ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យុវតីគិតខ្លី ដែលចងកសម្លាប់ខ្លួន គ្រាន់តែខឹងនឹងម្តាយស្តីបន្ទោសតិចតួចនេះ មានឈ្មោះហ៊ុន ដាវ៉ាន អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៩ រៀននៅវិទ្យាល័យអង្គរ មានលំនៅផ្ទះកើតហេតុខាងលើ។

តាមសម្តីឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ ពួកគាត់បានប្រទះឃើញកូនស្រីរបស់គាត់មានស្នាមអារកដៃ ទើបនឹកឆ្ងល់ថាតើមានមូលហេតុអ្វី? ព្រោះកន្លងមកធ្លាប់តែឮគេថា ទាល់តែមនុស្សញៀនថ្នាំ ឬមនុស្សខូចចិត្តចង់ សម្លាប់ខ្លួន ទើបដាច់ចិត្តធ្វើបាបខ្លួនឯងបែបនេះ។ បន្ទាប់មក ពួកគាត់ក៏បានហៅកូនស្រីមកសួរនាំ រួចក៏ជ្រុលមាត់ស្តីឱ្យបន្តិចបន្តួចថា ថ្ងៃក្រោយ កូនកុំធ្វើអ៊ីចឹងទៀត ត្រូវចេះស្រលាញ់ខ្លួនឯងផង។ ស្រាប់តែមិននឹកស្មានថា កូនស្រីគាត់បែរជាខឹងខ្លាំងដល់ថ្នាក់គិតខ្លីបែបនេះសោះ។

ប្រភពដដែលបន្តថា ក្រោយពីពួកគាត់ស្តីបន្ទោសរួច កូនស្រីក៏ចូលទៅសម្ងំក្នុងផ្ទះបាត់ទៅ ចំណែកពួកគាត់ជាឪពុកម្តាយ ក៏មិនចាប់អារម្មណ៍ ឬស្មានដល់សោះថា កូនស្រីនឹងធ្វើដល់ថ្នាក់នេះ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ដោយសារតែមិនឃើញកូនស្រីចេញមកក្រៅផ្ទះសោះ ទើបនឹកឆ្ងល់ ចូលទៅស្រែកហៅ ប៉ុន្តែមិនឮសូរឆ្លើយតបវិញសោះ លុះពេលពួកគាត់ចូលទៅរកមើលក្នុងផ្ទះអត់ឃើញ ទើបដើរទៅបើកទ្វារបន្ទប់ទឹកមើល ក៏ស្រាប់តែប្រទះឃើញកូនស្រីរបស់ពួកគាត់បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ប៉ុន្តែដោយសារពួកគាត់មិនទាន់អស់ចិត្ត ទើបនាំគ្នាជួយស្រាយចំណងដាក់កូនស្រីចុះ រួចប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួច ប្រាប់ថា កូនស្រីរបស់ពួកគាត់បានស្លាប់បាត់ទៅហើយ ទើបពួកគាត់បានដឹកសពកូនស្រីត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព និងទីតាំងកើតហេតុ រួចបញ្ជាក់ថា មិនមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសគួរឱ្យសង្ស័យឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញយុវតីរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយប្រើក្រមាការ៉ូ ពណ៌សលាយក្រហម ចងកភ្ជាប់នឹងទ្វារបន្ទប់ទឹក បណ្តាលឱ្យស្លាប់។ មូលហេតុដោយសារតែយុវតីរងគ្រោះខឹងឪពុកម្តាយបន្ទោសរឿងអារកដៃ ទើបខឹងចិត្តក៏ទៅចងកសម្លាប់ខ្លួនតែម្តង។

សាកសពយុវតីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

