Tuesday, November 18, 2025
Homeព័ត៌មានជាតិសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះបញ្ជាផ្ទាល់ ការរុករកជនរងគ្រោះក្រោមអគារបាក់រលំ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះបញ្ជាផ្ទាល់ ការរុករកជនរងគ្រោះក្រោមអគារបាក់រលំ

ខេត្តព្រះសីហនុ ៖ ក្រោយកើតឧបទ្ទវហេតុបាក់រលំអគារសំណង់កម្ពស់៧ជាន់ ស្ថិតនៅកណ្តាលក្រុងព្រះសីហនុ ទាំងព្រឹកព្រលឹមអុរ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបង្កឱ្យក្រុមកម្មករសំណង់ចំនួន២៨នាក់ (គិតត្រឹមម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៤ មិថុនា) បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត និង២៦នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាលរួចមក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះពិនិត្យនិងបញ្ជាផ្ទាល់ក្នុងការរកជនរងគ្រោះក្រោមគំនរអគារបាក់បែក។

ជាមួយនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងលោកគួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ជំនួសលោកយន្ត មីន ដែលស្នើសុំលាលែងតំណែង និងសម្រេចដកលោកញឹម វណ្ណដា ចេញពីតំណែងអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយផងដែរ។

នាយករដ្ឋមន្ត្រីចុះទៅកន្លែងកើតហេតុ ទាំងយប់ ៖

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ បានអញ្ជើញធ្វើដំណើរតាមរថយន្ត មកកាន់ខេត្តព្រះសីហនុ ទាំងយប់ ដើម្បីត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់ ក៏ដូចជាផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចនិងក្រុមសង្គ្រោះ ដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះ ដោយសារសំណង់អគារ៧ជាន់បាក់រលំសង្កត់ កាលពីថ្ងៃទី២២ មិថុនា នោះ។

សម្តេចហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចមានការសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់នេះ ហើយសម្តេចក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសព។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារជនរងគ្រោះផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានសរសេរតាមទំព័រហ្វេសប៊ុករបស់សម្តេចដែរថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! សោដនាដកម្មបាក់អគារនៅខេត្តព្រះសីហនុ គឺជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារ នៃអ្នកដែលបានបាត់បង់ជិវិត ដែលជាភរិយាឬស្វាមី ឬកូន ឬឪពុកម្តាយ៘ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសម្រេចបញ្ចោញថវិកាជាតិ ជួយដល់ក្រុមគ្រួសារអ្នកស្លាប់ ក្នុងមួយនាក់៤០លានរៀល (សែសិបលានរៀល) ឬ១ម៉ឺនដុល្លា (១០.០០០$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ ចំនួន៥លានរៀល (ប្រាំលានរៀល)។ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ទទួលចាត់ចែងថវិកានេះជូនបងប្អូន…”។

លោកយន្ត មីន ទទួលស្គាល់កំហុសក្នុងការគ្រប់គ្រង សុំលាលែងតំណែង ៖

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ថា “ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលឱ្យមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកខ្ញុំ ដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។

ខ្ញុំបានយល់ព្រមឱ្យគាត់លាលែង និងបានពិភាក្សាជាមួយសម្តេច ស ខេង យកឯកឧត្តមគួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយ ក៏ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្គ្រោះតទៅទៀត រហូតចប់កិច្ចការ និងអភិបាលខេត្តថ្មីចូលកាន់តំណែង។

ខ្ញុំក៏សូមបញ្ជាក់ថា ថ្ងៃនេះខ្ញុំបានសម្រេចចិត្តដកឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ”។

លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃដដែលនោះថា “ក្នុងឧប្បវហេតុរលំអគារ៧ជាន់ ក្នុងក្រុងព្រះសីហនុនេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងសុំការអភ័យទោសពីក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាការទទួលខុសត្រូវក្នុងឧបទ្ទវហេតុនេះ ខ្ញុំបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី លាលែងពីតំណែងរួចហើយ ហើយសម្តេចក៏បានផ្តល់ការយល់ព្រមហើយដែរ។

ខ្ញុំបាទ និងភរិយា សុំអរគុណដ៏ជ្រាលជ្រៅ បំផុតចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្តល់ទំនុកចិត្តដល់ខ្ញុំបាទ ឱ្យមានឱកាសចូលរួមបម្រើប្រជាពលរដ្ឋកន្លងមកនេះ។

សូមអរគុណ ចំពោះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ការទុកចិត្ត និងចង្អុលបង្ហាញដឹកនាំការងារកន្លងមក និងសូមអរគុណ ចំពោះសម្តេច ឯឧ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រៀមច្បង ក៏ដូចជាមិត្តភក្តិ ដែលតែងតែផ្តល់នូវការណែនាំ យោបល់ និងសហការការងារប្រកបដោយ មនោសញ្ចោតនា និងការយោគយល់បំផុតដល់ខ្ញុំបាទ។

ជាមួយនេះ ខ្ញុំបាទសុំការអភ័យទោសពីសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម សម្តេច ឯឧ លោកជំទាវ ចំពោះកង្វះខាតនៃការបំពេញភារកិច្ចរបស់ខ្ញុំបាទកន្លងមកនេះ។

ខ្ញុំសុំការអភ័យទោស និងការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ក្នុងខេត្តព្រះសីហនុ ទាំងអស់ ចំពោះកង្វះខាតរបស់ខ្ញុំកន្លងមក ត្បិតអីខ្ញុំបានខំប្រឹងអស់ពីលទ្ធភាពហើយ។ តែទោះបីជាបែបណា ខ្ញុំនៅតែបន្តសកម្មភាពជួយសង្គ្រោះក្នុងឧបទ្ទវហេតុនេះ ឱ្យចប់ចុងចប់ដើម”។ 

ការរុករកឃើញជនរងគ្រោះស្លាប់ និងរបួសបន្តកើតឡើង ៖

ពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុបាក់រលំអគារ ៧ជាន់ ដ៏រន្ធត់ខាងលើនេះ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គិតវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០១៩នេះ ចំនួនជនរងគ្រោះដែលក្រុមការងារបានជួយសង្គ្រោះ និងយកចេញពីគំនរបាក់បែកនៃអគាររលំ គឺស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី២នាក់)។ ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារ ទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ចំនួន២៤សព។

សកម្មភាពជួយសង្គ្រោះដល់ជនរងគ្រោះរបស់កម្លាំងសរុប នៃរដ្ឋបាលខេត្ត នៅតែបន្តសង្គ្រោះ រហូតដល់យកជនរងគ្រោះចេញអស់ពីក្រោមគំនរបាក់បែកនៃអគារបាក់រលំ។

សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះ គំនរបែកបាក់ត្រូវបានក្រុមការងារជួយសង្គ្រោះ ធ្វើការកាយចេញបានចំនួនប្រមាណជា៨៥ភាគរយហើយ។

បើសិនលោក លោកស្រី បាត់បងប្អូនសាច់ញាតិ ដោយសង្ស័យថា មានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះ សូមទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទ ០១៦ ៥២ ៦៥ ២០ និង ០១៦ ៣២ ១០ ១០…។

ដោយឡែក យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបញ្ចោញជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បនាឱ្យដឹងថា ចំនួនជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ បានកើនដល់២៨នាក់ ដែលក្នុងនោះ រួមមាន ៖

ទី១-ឈ្មោះញ៉ ចាន់ថន ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ។ ទី២-ឈ្មោះតុន ទឹម ហៅខេង ទឹម ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។ ទី៣-ឈ្មោះបេន សុភ័ណ្ឌ ភេទស្រី អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ទី៤-ឈ្មោះ សូ ភក្ត្រា ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅឃុំអង្គសូភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ទី៥-ឈ្មោះសូ សំណាង ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ទី៦-ឈ្មោះមុំ បូរិន ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ទី៧-ឈ្មោះទេព ណី ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅស្រុកសំបូរ ខេត្តក្រចេះ។ ទី៨-ឈ្មោះព្រុំ ដែន ភេទស្រី អាយុ៤៥ឆ្នាំ មានស្រុកកំណើត នៅស្រុកសំបូរ ខេត្តក្រចេះ។ ទី៩-ឈ្មោះចាន់ ឆូយ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើត នៅដងទង់ ខេត្តកំពត។ ទី១០-ឈ្មោះជុំ ណាវី ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅស្រុកដងទង់ ខេត្តកំពត។ ទី១១-ឈ្មោះយ៉ន រឿន ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ទី១២-ឈ្មោះឡៃ តៃ ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ទី១៣-ឈ្មោះពិន លំអង ភេទស្រី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ទី១៤- ឈ្មោះទេព ម៉េង ភេទប្រុស អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ទី១៥-ឈ្មោះចាន់ គូ ហៅឆៀក ថាវ ភេទប្រុស អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ទី១៦-ឈ្មោះទន់ ប្រុស អាយុ ៤២ឆ្នាំ មានស្រុកកំណើត នៅស្រុករុក្ខគិរី ខេត្ត បាត់ដំបង។ ទី១៧-ឈ្មោះហួង ចាន់ថា ភេទស្រី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ទី១៨-ឈ្មោះស៊ឹម មន ភេទ ប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី១៩ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស។ ទី២០-ឈ្មោះប៉ាង វិច្ឆិរ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទី២១-ឈ្មោះវិច្ឆិរ៉ា បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទី២២-ឈ្មោះឆេង ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី២៣-ឈ្មោះ ឃុត ចាន់ដេវិត ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត នៅស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី២៤- ឈ្មោះភួន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ និងទី២៥-ឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។ និងទី២៦, ២៧, ២៨ មិនទាន់ស្គាល់អត្តសញ្ញាណ។

ជុំវិញហេតុការណ៍ ដ៏រន្ធត់ខាងលើនេះ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកនយោបាយ និងសង្គមស៊ីវិលជាច្រើនបានសម្តែងនូវអារម្មណ៍តក់ស្លុត សោកសង្រេង និងបញ្ចោញព្រះសារលិខិត និងសារលិខិតសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ។ ក្នុងនោះ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក៏បានបញ្ចោញសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារជនរងគ្រោះផងដែរ។

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ៖

បន្ទាប់ពីកើតមានករណីរលំបាក់អគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ នេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៩៥ សសរ ចុះថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចថា គណៈកម្មការនេះ មានសមាសភាព១៥រូប ដឹកនាំដោយលោកឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងមាននាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន។

គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោមៈ

-ត្រួតពិនិត្យបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ

-ត្រួតពិនិត្យលក្ខណសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ នៅតាមការដ្ឋានសំណង់

-ធ្វើបច្ចុប្បន្នភាពសំណង់អគារដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្ម

-ធ្វើរបាយការណ៍លទ្ធផល ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល និងបំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។

សេចក្តីសម្រេចដដែល បានកំណត់ឱ្យសមាជិកគណៈកម្មការត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានគណៈកម្មការ។ ជាមួយនេះ គណៈកម្មការមានសិទ្ធិបង្កើតក្រុមការងារបច្ចេកទេស ឱ្យជួយគាំទ្រការងារតាមការចាំបាច់ មិនតែប៉ុណ្ណោះ គណៈកម្មការនេះមានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបំពេញការងាររបស់ខ្លួនទៀតផង។

គួរបញ្ជាក់ថា ក្រៅមានការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនដល់ជនរងគ្រោះ ដែលបាត់បង់ជីវិត និងរងរបួសនៅក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ ខាងលើនេះ ឆ្លើយតបចំពោះការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក៏មានសប្បុរសជនជាច្រើន បានចូលរួមជួយឧបត្ថម្ភដល់ជនរងគ្រោះជាបន្តបន្ទាប់ផងដែរ។ 

សប្បុរសជនដែលបានចូលរួមជួយជនរងគ្រោះ តាមការអំពាវនាវរបស់សម្តេចហ៊ុន សែន រួមមាន ៖

១-អ្នកឧកញ៉ា គិត ម៉េង ថវិកាចំនួន១០ម៉ឺនដុល្លារ។

២-លោកឧកញ៉ា លាង ឃុន ថវិកាចំនួន ១០ម៉ឺនដុល្លារ។

៣-លោកឧកញ៉ា ឃុន សៀ ថវិកាចំនួន១០ម៉ឺនដុល្លារ។

៤-លោក ឧកញ៉ា អាង ឈុនលាង ថវិកាចំនួន១០ម៉ឺនដុល្លារ។

៥-លោកឧកញ៉ា ឡៅ ម៉េងឃីន ថវិកាចំនួន៥ម៉ឺនដុល្លារ។

៦-លោកឧកញ៉ា គង់ ទ្រីវ ថវិកាចំនួន៥ម៉ឺនដុល្លារ។

៧-លោកឧកញ៉ា វិញ ហួ ថវិកាចំនួន២ម៉ឺនដុល្លារ។

៨-លោកឧកញ៉ា ហ៊ីវ គឹមហេង ថវិកាចំនួន១ម៉ឺនដុល្លារ។

៩-លោក ម៉ា ឈឿន និងលោកស្រី ថវិកាចំនួន១ម៉ឺនដុល្លារ។

១០-កាកបាទក្រហមកម្ពុជា ថវិកាចំនួន១០ម៉ឺនដុល្លារ។

១១-លោកឧកញ៉ា ហ៊ុន តូ ថវិកាចំនួន១០ម៉ឺនដុល្លារ។

១២-មិត្តភក្តិរបស់លោកឧកញ៉ា ហ៊ុន តូ ចំនួន៦នាក់ សរុបថវិកាចំនួន៤០ម៉ឺនដុល្លារ…៘ 

១៣-លោកស្រីសៀង ចាន់ហេង ១០០លានរៀល។

១៤-លោកសុក លីម អនុប្រធានប្រតិភូ មកពីគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ៥០០០ដុល្លារ។

ក្រៅពីនេះ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ដល់សុខទុក្ខប្រជានុរាស្ត្រ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន​ព្រះរាជទ្រព្យផ្ទាល់ ចំនួន១០០០០ (មួយម៉ឺន) ដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះដែលទទួលរងនូវគ្រោះថ្នាក់ពីការបាក់រលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ តាមរយៈកាកបាទក្រហមកម្ពុជា ផងដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកការដួលរលំអគារនៅក្រុងព្រះសីហនុ គឺជាឧបទ្ទវហេតុបច្ចេកទេសនៃសំណង់សុទ្ធសាធ ៖  

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ចាត់ទុកការដួលរលំអគារ៧ជាន់ កំពុងសាងសង់នៅក្រុងព្រះសីហនុ គឺឧបទ្ទវហេតុបច្ចេកទេសនៃសំណង់សុទ្ធសាធ មិនប៉ះពាល់ដល់បរិយាកាស នៃការវិនិយោគផ្នែកឧស្សាហកម្មសំណង់ និងអចលនទ្រព្យនោះទេ។

សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លេខ ៩៥,០១៩ អអរ ចុះថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នោះ មានខ្លឹមសារទាំងស្រុងថា “អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមសម្តែងនូវសេចក្តីសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានកើតឡើងនៅចុងសប្តាហ៍កន្លងមក ដោយសារតែការរលំបាក់អគារកំពុងសាងសង់ នៅខេត្តព្រះសីហនុ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជីវិត និងរងរបួសមួយចំនួនទៀត។ អង្គភាពអ្នកនាំពាក្យ បានយល់អំពីស្ថានភាពលំបាករបស់ក្រុមគ្រួសារនៃសព និងអ្នករងរបួស ក៏ប៉ុន្តែរាជរដ្ឋាភិបាល បាននឹងកំពុងធ្វើកិច្ចការនេះ និងវិធានការផ្សេងៗទៀត ដើម្បីរួមចំណែកដោះស្រាយទុក្ខលំបាកជូនក្រុមគ្រួសារជនរងគ្រោះ បណ្តាលពីឧបទ្ទវហេតុនេះ។ អង្គភាពអ្នកនាំពាក្យ សូមចូលរួមរំលែកទុក្ខ និងមរណទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារសព និងគ្រួសារជនរងគ្រោះ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សោកនាដកម្មនេះ “គឺជារឿងឈឺចាប់របស់ជាតិយើង” ហើយបានចាត់វិធានការភ្លាមៗ ជាមួយនឹងវត្តមានជាក់ស្តែងផ្ទាល់នៅនឹងកន្លែងកើតហេតុ ដែលសរបញ្ជាក់ឱ្យឃើញ នូវការយកចិត្តទុកដាក់ខ្ពស់ អំពីការរួមសុខទុក្ខរបស់សម្តេចតេជោ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងកាលៈទេសៈ ដោយមិនគេចចេញពីបញ្ហាណាមួយនោះឡើយ។

អង្គភាពអ្នកនាំពាក្យ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់គ្រប់បណ្តាស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសប្បុរសជនជាតិ និងអន្តរជាតិ ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងទាន់ពេលវេលា រួមវិភាគទានទាំងកម្លាំងកាយ សម្ភារៈ និងថវិកា ឆ្លើយតបទៅនឹងកិច្ចសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះទាំងអស់។ ទង្វើនេះ ជាការបង្ហាញឱ្យឃើញជាក់ស្តែងនូវការឯកភាព សាមគ្គីភាព ក៏ដូចជាឧត្តមគតិជាតិ ក្រោមការដឹកនាំប្រកបដោយថាមពល និងប្រសិទ្ធភាព ក្នុងកិច្ចកសាងការពារជាតិ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

អង្គភាពអ្នកនាំពាក្យ គោរពជម្រាបជូនសារធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ការដួលរលំអគារកំពុងសាងសង់នៅក្រុងព្រះសីហនុ គឺស្ថិតនៅក្នុងឧបទ្ទវហេតុបច្ចេកទេសនៃសំណង់សុទ្ធសាធ មិនប៉ះពាល់ដល់បរិយាកាសនៃការវិនិយោគផ្នែកឧស្សាហកម្មសំណង់ និងអចលនទ្រព្យនោះទេ។ សូមសាធារណជនទាំងអស់អធ្យាស្រ័យ ជៀសវាងនូវការសន្និដ្ឋាន ឬវាយតម្លៃណាមួយចំពោះឧបទ្ទវហេតុនេះ ដោយរង់ចាំទល្ធផលស្រាវជ្រាវផ្លូវការ របស់គណៈកម្មការជាតិ។

រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ជានិច្ច នូវរាល់ការបណ្តាក់ទុន និងវិនិយោគគ្រប់វិស័យ មកកាន់ព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES