Tuesday, November 18, 2025
Homeព័ត៌មានជាតិសម្តេចតេជោ ហ៊ុន សែន ៖ "​ញឹម ​វណ្ណដា ​ពូកែ​ណាស់ ក្នុង​ការនិយាយ​ប្រើ​វិធានការ​សរុប កម្លាំង​សរុប ប៉ុន្តែ​ដល់​ពេល​មានការ ដេក​នៅ​ឯ​ខេត្ត​កំពត ជាមួយ​ស្រី​ណា​មិន​ដឹង​ទេ...

សម្តេចតេជោ ហ៊ុន សែន ៖ “​ញឹម ​វណ្ណដា ​ពូកែ​ណាស់ ក្នុង​ការនិយាយ​ប្រើ​វិធានការ​សរុប កម្លាំង​សរុប ប៉ុន្តែ​ដល់​ពេល​មានការ ដេក​នៅ​ឯ​ខេត្ត​កំពត ជាមួយ​ស្រី​ណា​មិន​ដឹង​ទេ ខ្ញុំ​មិន​យល់​ទេ”

​ភ្នំពេញ ​៖ ​ក្រោយពីបានបិទបញ្ចប់ការរុករកមនុស្សដែលជាប់ក្នុងគំនរអគារ៧ជាន់នោះ សម្តេចហ៊ុន សែន នាយករដ្ឋមមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានពីមូលហេតុដែលសម្តេចបានដកលោកញឹម វណ្ណដា មានតួនាទីជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំពោះមុខអ្នកសារព័ត៌មាន និងក្រុមអ្នកសង្គ្រោះជាច្រើននាក់ថា “នេះ​ជា​លើកដំបូង ​ដែល​ខ្ញុំ​បណ្ដេញ​សមាជិក​រាជរដ្ឋាភិបាល​ចេញ គឺ​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​និង​ជា​អនុប្រធាន​ទី​១​ គណៈកម្មកា​រជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​ខ្ញុំ​ជា​ប្រធាន ខ្ញុំ​មិន​បាន​ចុះ​មក​ទី​នេះ​”។

សម្តេចបានបន្តប្រសាសន៍ថា “ពី​ទីក្រុង​បាងកក ​ខ្ញុំ​មិន​បាន​ទទួល​បាន​របាយ​ការណ៍​ណាមួយ​ពី​គាត់​នៅវេលា​ម៉ោង​ប្រមាណ​ជិត១០យប់ ខ្ញុំ​បាន​វាយ​តាម Wath’s app សួ​រថា ​ឯកឧត្តម​ (ញឹម វណ្ណដា)នៅ​ឯណា? តែមិនបានឆ្លើយតមបមកសោះ ខ្ញុំ​បាន​សួរ​មក​ឯកឧត្តម ​យន្ត ​មីន​ ថា បានឃើញ​ឯកឧត្តម ​ញឹម ​វណ្ណដា​ ទេ ហើយ​ខ្ញុំ​បាន​សួរ​ទៅ​ឯកឧត្តម​សាយ​ សំ​អាល់ ក៏​មិន​បាន​ឃើញ​គាត់​ដែរ​។ ខ្ញុំ​បាន​ហៅ​ទូរស័ព្ទ​ទៅ​គាត់ តែ​គាត់​មិន​បាន​លើក​ទូរស័ព្ទ​ទេ​។ ខ្ញុំ​បាន​ប្រាប់​ទៅ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ ប៊ិន ​ឈិន ឲ្យ​តាម​រក​ឯកឧត្តម ​ញឹម ​វណ្ណដា តើ​នៅ​ឯណាពេលនេះ ? ព្រោះនេះ​ជា​បញ្ជា​ប្រតិបត្តិការ​កម្លាំង​សរុប រាប់​ទាំង​កងកម្លាំងប្រដាប់អាវុធ”។

សម្តេចបានបន្តប្រសាសន៍ទៀតថា “នៅ​ម៉ោង​ប្រមាណ ២ ទើប​ឯកឧត្តម ​ប៊ិន ​ឈិន ​រកឃើញ​គាត់ ហើយ​ឲ្យ​គាត់​មក​ទី​នេះ ។ នៅ​ម៉ោង​ប្រមាណ​៥​ភ្លឺ នៅ​ទីក្រុង​បាងកក ខ្ញុំ​បាន​ទទួល​របាយការណ៍​ដ៏​វែង។ មិនចាំបាច់​រាយការណ៍​អញ្ចឹងទេ​។ បាន​ខ្ញុំ​ឆ្លើយថា មិនបាច់​រាយការណ៍​អញ្ចឹងទេ​។ ម្សិលមិញ ពេល​ខ្ញុំ​មក​ដល់​ទី​នេះ ខ្ញុំបាន​សួរ​ទៅ​ឯកឧត្តម​ថា ​ឯកឧត្តម​នៅ​ទីណាឲ្យ​ពិតប្រាកដ ហើយ​គាត់​ឆ្លើយថា​គាត់​នៅ​ទី​ហ្នឹង។ អញ្ចឹង​ខ្ញុំ​និយាយ​ការពិត មិន​ទទួលខុសត្រូវ និង​ការ​ភូតកុហក​។ ខ្ញុំ​មិន​អាច​ទុក​ឲ្យ​មន្ត្រី​ណា​មួយនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ភូតកុហក​របៀបនេះ​តទៅទៀត​ទេ​។ ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ។ ពិតមែន​ហើយ ខ្ញុំ​បាន​យោគយល់​ហើយ​ពេលនេះ គ្រាន់តែ​ដកចេញ​ពី​សមាជិក​គណៈ​រដ្ឋមន្ត្រី នឹង​ទុក​ឲ្យធ្វើ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ហើយ​បើ​មិន​ពេញចិត្ត ខ្ញុំ​ក៏​ដកចេញ​បន្តទៀត​។ ខ្ញុំ​សោកស្ដាយ ប្រសិនបើ​មាន​ប្រតិបត្តិការ​ពេញទំហឹង យើង​អាច​រកបាន លើ​ការជាក់ស្ដែង ។ ខ្ញុំ​មក​ដល់​ទី​នេះ ក៏​មាន​ប្រយោជន៍​មួយចំនួន ទោះបី​ខ្ញុំ​មិនបាន​ចូលរួម​ប្រឡូក​ដោយផ្ទាល់ ក៏​មាន​ប្រយោជន៍​មួយចំនួន ក្នុង​ការផ្ដល់​មតិ ទាំង​ការ​យក​សម្ភារៈ​កន្លែង​នេះ​កន្លែង​នោះ នឹង​ទៅ​កន្លែង​កងវិស្វកម្ម និង​បច្ចេកទេស​ពី​កន្លែង​ផ្សេងមក​ជួយ​អន្តរាគមន៍​ដោះស្រាយ ប៉ុន្តែ​ជា​អកុសល​ប្រតិបត្តិការ​នេះ ត្រូវបាន​បណ្ដែតបណ្ដោយ​។ ខ្ញុំ​មិន​នឹកស្មាន បទពិសោធន៍​មួយ​នេះ បើទោះបីជា​មាន​ត្រឹមតែ​គ្នា​ពីរ​បីនាក់ ក៏​ត្រូវ​មាន​អ្នកទទួលខុសត្រូវ​ដែរ ចុះ​ទៅដល់​ទី​កន្លែង ដើម្បី​ដោះស្រាយ​បញ្ហា​នៅនឹងកន្លែង​។ ហើយ ​ញឹម ​វណ្ណដា ​ពូកែ​ណាស់ ក្នុង​ការនិយាយ​ប្រើ​វិធានការ​សរុប កម្លាំង​សរុប ប៉ុន្តែ​ដល់​ពេល​មានការ ដេក​នៅ​ឯ​ខេត្ត​កំពត ជាមួយ​ស្រី​ណា​មិន​ដឹង​ទេ ខ្ញុំ​មិន​យល់​ទេ​។ ប្រពន្ធ​ឬក៏​ស្រី ខ្ញុំ​មិន​យល់​ខ្ញុំ​មិនដឹង នៅក្នុង​ខេត្ត​កំពត ក្នុងពេល​នៅទីនេះ មាន​មាន​ព្រឹត្តិការណ៍​ដ៏​អកុសល នៅ​ខេត្ត​ព្រះសីហនុ​”។

គួរបបញ្ជាក់ថា កាលពីរសៀលម្សិលមិញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានដកតំណែងលោកញឹម វណ្ណដា ជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ មកត្រឹមជាទីប្រឹក្សារដ្ឋាភិបាល ដែលមានព្រះរាជក្រឹត្យ ឡាយព្រហស្ថដោយព្រះករុណា ព្រះបាទនរោត្តម សីហមនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

លោកញឹម វណ្ណដា
RELATED ARTICLES