ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថា ជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងសឹងរាល់ថ្ងៃ លុះក្រោយពីទៅចូលរួមក្នុងពិធីភ្ជាប់ពាក្យមិត្តភក្តិក្នុងភូមិវិញ មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែបែកគំនិតគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាមោ់ង៦និង២០នាទីព្រលប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងសុពរ័ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ មានឈ្មោះជេត គង់គីម អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះស្រី សាវលី អាយុ៣៦ឆ្នាំ មុខរបរកសិករ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ និងស្នាក់នៅផ្ទះជាមួយគ្នា បានរៀបរាប់ប្រាប់ថា ប្អូនថ្លៃរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) ចូលចិត្តដើរផឹកស្រាជារៀងរាល់ថ្ងៃ ព្រឹកល្ងាចគ្មានពេលឈប់ថ្ងៃណាឡើយ។ ស្រាប់តែមកដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅភ្ជាប់ពាក្យមិត្តភក្តិនៅក្នុងភូមិ លុះមកដល់វេលាម៉ោងប្រហែល១១ជាងព្រឹក ថ្ងៃដដែល ជនរងគ្រោះបានត្រឡប់មកពីភ្ជាប់ពាក្យគេវិញ រួចក៏ចូលទៅមើលទូរទស្សន៍ ពេលនោះ គាត់បានសួរជនរងគ្រោះថា អូនឯងបានចងដៃគេ ហើយនៅ ហើយវាឆ្លើយថា បានចងដៃរួចហើយ។ និយាយរួច ជនរងគ្រោះក៏ទៅងូតទឹក ហើយឡើងទៅដេកលើផ្ទះបាត់ទៅ ចំណែកគាត់បានចេញទៅកាប់ឆ្ការព្រៃខាងក្រោយផ្ទះ រួចទៅដឹកគោពីវាលមកវិញ ទើបឡើងទៅរកមើលជនរងគ្រោះនៅលើផ្ទះ តែមិនឃើញគេដេកក្នុងបន្ទប់សោះ លុះពេលដើររកនៅបន្ទប់១ទៀតជាប់គ្នានោះ ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕