ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់កើតទុក្ខមិនសុខចិត្តចំពោះរឿងប្តីរបស់គាត់ និងមិត្តភក្តិប្តីគាត់ម្នាក់ទៀត ត្រូវបានស្ថាប័នតុលាការស្វែងរកចាប់ខ្លួនតាមបណ្តឹងរបស់អតីតប្រពន្ធនិងកូនៗរបស់មិត្តភក្តិ ដែលបានស្លាប់ទៅហើយនោះ បានលែងលះគ្នាចែកទ្រព្យសម្បត្តិអស់ហើយ តែនៅសល់សត្វគោចំនួន២០ក្បាល និងត្រូវម្តាយមិត្តភក្តិ (ជាប្តីនិងខ្មោចឪពុក ដើមបណ្តឹង) ខាងលើ បានពឹងឱ្យប្តីរបស់គាត់ និងមិត្តភក្តិ រកម៉ូយមកទិញគោ ដើម្បីយកលុយទៅសងការធ្វើផ្លូវ និងចំណាយលើការធ្វើបុណ្យសពមិត្តភក្តិ ស្រាប់តែពេលនេះ ប្តីរបស់គាត់និងមិត្តភក្តិ ត្រូវតុលាការខេត្តកំពង់ស្ពឺ តាមចាប់ខ្លួន ដោយចោទថា លួចគោទៅវិញ ដែលករណីនេះគាត់ជាប្រពន្ធសំណូមពរដល់ស្ថាប័នតុលាការខេត្ត និងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាចាត់ជំនាញចុះពិនិត្យមើលរឿងនេះម្តងទៀតផង សូមកុំធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់អី។

ស្ត្រីដែលចេញមុខរកយុត្តិធម៌ជូនប្តីនេះ មានឈ្មោះសាំង សារី អាយុ៥៣ឆ្នាំ ជាគ្រូបង្រៀន រស់នៅក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង។

ស្ត្រីឈ្មោះសាំង សារី បានរៀបរាប់ថា ប្តីរបស់គាត់ (កំពុងរត់គេច) មានឈ្មោះដួង ស៊ុនលី អាយុ៥៦ឆ្នាំ មុខរបរកសិករ និងមិត្តភក្តិម្នាក់ទៀត (កំពុងរត់គេចជាមួយគ្នា) មានឈ្មោះរឿន មករា អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា។ កាលពីអំឡុងឆ្នាំ២០១០ ឈ្មោះយន់ កាណាដា អាយុប្រហែល៥៦ឆ្នាំ (បច្ចុប្បន្នស្លាប់) បានមកទិញដីនៅក្នុងភូមិស្យា ឃុំយាអង្គ ស្រុកថ្ពង ក្បែរដីចម្ការរបស់ប្តីគាត់ និងមិត្តភក្តិម្នាក់ទៀត ឈ្មោះរឿន មករា ហើយក៏បានរាប់អានគ្នាជាមួយឈ្មោះយន់ កាណាដា និងឮថា ឈ្មោះយន់ កាណាដា ជាមន្ត្រីអង្គរក្សថែមទៀតផង។ ពួក គាត់បានរាប់អានគ្នាចាប់តាំងពីពេលនោះ រហូតដល់ឆ្នាំ២០១៤ ឈ្មោះយន់ កាណាដា បានមកធ្វើចម្ការដាំដើមស្វាយ ហើយបានប្រាប់ពួកគាត់ថា គាត់និងអតីតប្រពន្ធឈ្មោះអ៊ុក សោភា អាយុជាង៤០ឆ្នាំ និងកូនៗបានលែងលះ ព្រមទាំងចែកទ្រព្យសម្បត្តិគ្នារួចរាល់អស់ហើយ ឥឡូវគាត់នៅសល់តែសំបកខ្លួន និងដីមួយកន្លែងនេះទេ ហើយរស់នៅជាមួយម្តាយបង្កើតមានឈ្មោះ ធឿម ហ្គិច ហៅយ៉េក អាយុ៨១ឆ្នាំ និងបងស្រី ឈ្មោះយន់ គីមអ៊ាង អាយុ៥៨ឆ្នាំ ព្រមទាំងកូនប្រុសម្នាក់ទៀតឈ្មោះយន់ ដាវីត អាយុ១១ឆ្នាំ។ ចាប់ពីពេលនោះ មកពួកគាត់បានបង្កើនការរាប់អានគ្នាយ៉ាងស្និទ្ធស្នាលរហូតមក។ ស្រាប់មកដល់ឆ្នាំ២០១៦ ឈ្មោះយន់ កាណាដា ជាមន្ត្រីអង្គរក្សនោះបានស្លាប់ទៅ ហើយក៏បានដង្ហែសពមកបញ្ចុះនៅលើដីចម្ការ ទំហំជាង៤០ហិកតារ នេះផងដែរ។ ដោយពេលនោះ ម្តាយនិងបងស្រីរបស់មិត្តភក្តិជាអ្នកចំណាយក្នុងការធ្វើបុណ្យផង និងត្រូវសងលុយជំពាក់ធ្វើផ្លូវផង។ ក្រោយមក ម្តាយនិងប្អូនប្រុសរបស់ឈ្មោះយន់ កាណាដា បានពឹងពាក់ប្តីរបស់អ្នកស្រីឈ្មោះដួង ស៊ុនលី និងមិត្តភក្តិឈ្មោះរឿន មករា ឱ្យជួយ រកថៅកែទិញសត្វគោចំនួន២០ក្បាល ដោយបានលុយចំនួន៥ពាន់ដុល្លារនោះ ដើម្បីយកលុយទៅ ចំណាយលើការធ្វើផ្លូវ និងធ្វើបុណ្យសពមិត្តភក្តិផងដែរ។ លុះរំលងបាន២ឆ្នាំ ស្រាប់តែតុលាការខេត្តកំពង់ស្ពឺ ចេញដីកាធ្វើការកោះហៅប្តីគាត់ឈ្មោះដួង ស៊ុនលី និងមិត្តភក្តិប្តីគាត់ឈ្មោះ រឿន មករា សួរចំនួនពីរលើក ពាក់ពន្ធ័នឹងរឿងថា លួចសត្វគោនោះលក់ទៅឱ្យឈ្មួញ តាមបណ្តឹងរបស់ឈ្មោះអ៊ុក សោភា អតីតប្រពន្ធរបស់ឈ្មោះយន់ កាណាដា និងកូនៗផងដែរ។ បន្ទាប់ពីចៅក្រមសួរនាំមិនពាក់ពន្ធ័នោះ ក៏ដើមបណ្តឹងមិនសុខចិត្តប្តឹងទៅសាលាឧទ្ធរណ៍ទៀត ទើបនៅឆ្នាំ២០១៩នេះ ស្រាប់តែត្រូវតុលាការចេញដីកាតាមចាប់ប្តីរបស់គាត់ និងមិត្តភក្តិតែម្តង ទោះបីជាប្អូននិងម្តាយឈ្មោះយន់ កាណាដា បានចេញមុខមកស្រាយបំភ្លឺ និងអះអាងយ៉ាងណា ក៏តុលាការនៅចោទប្តីគាត់ និងមិត្តភក្តិប្តីគាត់ដដែល។ ដោយសារតែគ្មានជម្រើស ទើបប្តីគាត់ និងមិត្តភក្តិ បានរត់គេចខ្លួនចោលប្រពន្ធកូន។ ដូចនេះក្នុងនាមអ្នកស្រីជាប្រពន្ធធ្វើការសំណូមពរដល់អស់លោក លោកស្រីជាចៅក្រម ជាព្រះរាជអាជ្ញា និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយពិនិត្យមើលរឿងអយុត្តិធម៌របស់ប្តីគាត់នេះផង សូមកុំធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់អី។

ពាក់ពន្ធ័រឿងនេះដែរ លោកយាយឈ្មោះ ធឿម ហ្គិច ហៅយ៉េក អាយុ៨១ឆ្នាំ ជាម្តាយរបស់ឈ្មោះយន់ កាណាដា បានអះអាងថា គាត់ ពិតជាបានពឹងឈ្មោះដួង ស៊ុនលី និងឈ្មោះរឿន មករា ជាមិត្តភក្តិកូនប្រុសរបស់គាត់មែន គ្រាន់តែពឹងឱ្យជួយរកថៅកែទិញសត្វគោប៉ុណ្ណោះ ដើម្បីបានលុយយកមកចំណាយក្នុងការធ្វើបុណ្យសពឱ្យកូនប្រុស និងចំណាយក្នុងការធ្វើផ្លូវចូលក្នុងចម្ការស្វាយ បន្ទាប់ពីលែងលះជាមួយអតីតកូនប្រសា និងចៅដែលមិនទទួលស្គាល់រូបគាត់ជាជីដូនផងនោះ។ ស្រាប់តែកូនប្រុសគាត់ស្លាប់ទៅ បែរជាមកប្តឹងចង់ធ្វើបាបមិត្តភក្តិកូនគាត់ និងទាមទារទ្រព្យសម្បត្តិកូនប្រុសគាត់ថែមទៀត ខណៈដែលកូនប្រុសគាត់បន្សល់ទុកចៅប្រុសកំព្រាម្នាក់ទៀតអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ។ ក្នុងនាមជាម្តាយសូមធ្វើការសំណូមពរដល់អស់លោកតុលាការមេត្តាជួយពិនិត្យមើលរឿងនេះឡើងវិញផង។

ជុំវិញករណីខាងលើនេះ “នគរធំ“ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីដើមបណ្តឹងបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕



