Tuesday, November 18, 2025
Homeព័ត៌មានជាតិដឹកសពដាក់ប៉ាឆា តាអាចារ្យភ្លុករៀបបូជា ដឹងខ្លួនវិញ

ដឹកសពដាក់ប៉ាឆា តាអាចារ្យភ្លុករៀបបូជា ដឹងខ្លួនវិញ

ភ្នំពេញ ៖ ស្ត្រីចំណាស់ជាកម្មករសំណង់ម្នាក់ គ្មានសាច់ញាតិដេកដួលឈឺក្នុងរោងកម្មកររាប់ខែ គ្មានអ្នកជួយមើលថែ។ លុះឃើញសភាពធ្ងន់ធ្ងរ បាត់មាត់បាត់ក នឹកស្មានតែស្លាប់ ក៏ត្រូវក្រុមសន្តិសុខហៅម៉ូតូកង់បីដឹកយកចោល នៅកន្លែងបូជាសពក្នុងវត្តសំបួរមាស ដោយថែមទាំងបានដាក់ធូបទៀន ឱបជាប់ទ្រូងទៀតផង។ លុះតាអាចារ្យរៀបនឹងបូជាទៅហើយ បែរជាពិនិត្យឃើញនៅមានដង្ហើម ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍តាអាចារ្យប្រុងបូជាសព បែរជាឃើញនៅមានដង្ហើម ក៏ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យវិញនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចកន្លែងបូជាសព (ប៉ាឆា) ក្នុងវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ស្ត្រីអភ័ព្វដែលឈឺធ្ងន់គ្មានសាច់ញាតិមើលថែ ស្មានតែស្លាប់ ក៏ត្រូវគេដឹកយកទៅដាក់ចោលនៅប៉ាឆា និងប៊ិះតែត្រូវតាអាចារ្យបូជាទាំងរស់ទៀតនោះ មានឈ្មោះយាយយ៉ា អាយុ៦០ឆ្នាំ មុខរបរកម្មករសំណង់នៅក្នុងបុរី ស្នាក់នៅក្នុងរោងកម្មករ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ គឺជាកម្មករសំណង់ តែគ្មានសាច់ញាតិកូនចៅអ្វីទាំងអស់ ហើយមួយរយៈចុងក្រោយនេះ ស្ត្រីរងគ្រោះបានកើតមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ដេកដួលតែលើកន្ទេល ប៉ុន្តែគ្មានអ្នកជួយមើលថែឱ្យបានដិតដល់នោះទេ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែអាការជំងឺរបស់ស្ត្រីរងគ្រោះហាក់កាន់តែដុនដាបខ្លាំង រហូតដល់បាត់មាត់បាត់កទៅហើយ ទើបអ្នកក្បែរខាងឃើញ នឹកស្មានតែផុតដង្ហើមទៅហើយ ក៏រាយការណ៍ប្រាប់សន្តិសុខដែលយាមនៅកន្លែង ធ្វើការមកពិនិត្យមើល លុះមកដល់ជុំគ្នា គិតអ្វីមិនចេញ ក៏សម្រេចចិត្តនាំគ្នាទិញធូបទៀនដាក់ឱបជាប់ទ្រូងស្ត្រីខាងលើ រួចហៅម៉ូតូកង់បី១គ្រឿង ឱ្យមកដឹកស្ត្រីខាងលើយកមកទុកចោលនៅកន្លែងបូជាសពក្នុងវត្តសំបួរមាស តែម្តង ព្រោះនឹកស្មានថា ស្ត្រីរងគ្រោះស្លាប់បាត់ទៅហើយ។

ប្រភពដដែលបន្តថា នៅពេលនោះដែរ តាអាចារ្យភ្លុក ដែលប្រចាំការនៅទីនោះ ក៏បានសួររកលិខិតស្នាមមរណភាព បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន តែអត់ឃើញមាន ទើបរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះទៅពិនិត្យកន្លែងកើតហេតុតែម្តង ដើម្បីរៀបចំបូជា។ លុះសមត្ថកិច្ចចុះទៅដល់ពិនិត្យឱ្យបានច្បាស់លាស់ជាមួយតាអាចារ្យភ្លុក ស្រាប់តែប្រទះឃើញថាស្ត្រីខាងលើ ដែលត្រូវបានគេដាក់ធូបឱបជាប់នឹងទ្រូងដូចសាកសពទៅហើយនោះ បែរជានៅមានដង្ហើមនៅឡើយ និងថែមទាំងហាមាត់បន្តិចៗទៀតផង ទើបកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ជូនលោកអធិការខណ្ឌ សុំរថយន្តសង្គ្រោះឱ្យមកជួយសង្គ្រោះស្ត្រីចំណាស់នោះតែម្តង។

ក្រោយកើតហេតុ រថយន្តសង្គ្រោះរបស់គ្លីនិកបានទៅជួយសង្គ្រោះបឋម ដាក់ស៊ីរ៉ូម ហើយក៏បានបញ្ជូនស្ត្រីខាងលើយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោ ជាបន្តទៀត ប៉ុន្តែស្ថានភាពរបស់ស្ត្រីរងគ្រោះខាងលើយ៉ាងណា នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយ៕

RELATED ARTICLES