Tuesday, November 18, 2025
Homeព័ត៌មានជាតិផឹកស៊ីចប់ ដឹកសង្សារដើរលេង... ព្រឹកឡើងផ្អើលដេកស្លាប់លើគ្រែក្នុងសាលារៀន

ផឹកស៊ីចប់ ដឹកសង្សារដើរលេង… ព្រឹកឡើងផ្អើលដេកស្លាប់លើគ្រែក្នុងសាលារៀន

ខេត្តកំពង់ធំ ៖ យុវជនម្នាក់បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិយ៉ាងសប្បាយក្អាកក្អាយ លុះផឹកស៊ីចប់ ក៏ត្រូវនារីជាសង្សារបានជិះម៉ូតូមកទទួល រួចក៏ដឹកគ្នាចេញទៅបាត់ពេញ១យប់ ស្រាប់តែព្រឹកឡើង ក៏ត្រូវបានគេប្រទះឃើញយុវជនរងគ្រោះដេកស្លាប់ផ្កាប់មុខក្នុងសភាព បែកលលាដ៍ក្បាលស្លាប់យ៉ាងអាណោចអធ័ម នៅក្នុងតូបលក់ដូរមួយកន្លែងក្នុងសាលារៀន ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យ ទើបដឹងថា ជនរងគ្រោះត្រូវបានឃាតករវាយសម្លាប់យ៉ាងសាហាវឃោរឃៅ។

ករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចតូបលក់ដូរ១កន្លែង ស្ថិតក្នុងបរិវេណអនុវិទ្យាល័យត្នោតជុំ ក្នុងភូមិត្នោតជុំទី១ ឃុំត្នោតជុំ ស្រុកបារាយណ៍។

យុវជនរងគ្រោះ ដែលត្រូវឃាតករវាយ សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះឌី បួន អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូជាមួយនឹងឈ្មោះចាន់ ថេង ទៅផឹកស៊ីនៅផ្ទះរបស់ឈ្មោះអឹម ធា ស្ថិតក្នុងភូមិលាវ ឃុំប្រាសាទ ស្រុកសន្ទុក។ លុះពេលកំពុងផឹកស៊ី ជនរងគ្រោះបាន ជិះម៉ូតូរបស់ខ្លួនឯង យកទៅឱ្យសង្សារឈ្មោះ សែម វណ្ណនីសារ បន្ទាប់មក ជនរងគ្រោះក៏ត្រឡប់មកផឹកវិញ។

ប្រភពដដែលបន្តថា លុះក្រោយពីបន្តផឹកស៊ីរហូតដល់វេលាម៉ោងប្រហែល៨យប់ថ្ងៃដដែល ទើបសង្សារជនរងគ្រោះជិះម៉ូតូមកវិញ ដោយមានគ្នា២នាក់ (ស្រីៗ) មកទទួលយកជនរងគ្រោះដែលកំពុងផឹក ហើយពេលនោះ ជនរងគ្រោះក៏បានជិះម៉ូតូឌុបនារីទាំង២នាក់នោះ ចេញទៅបាត់រហូត។ ស្រាប់តែមកដល់វេលាព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក៏ស្រាប់តែមានគេប្រទះឃើញជនរងគ្រោះដេកស្លាប់ ក្នុងសភាពត្រូវគេវាយសម្លាប់នៅក្នុងបរិវេណសាលាតែម្តង។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំត្នោតជុំ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលបណ្តឹងពីប្រជាពលរដ្ឋលក់ដូរនៅក្នុងបរិវេណសាលាថា មានមនុស្សម្នាក់ស្លាប់ ទើបកម្លាំងជំនាញខេត្តនិងស្រុក បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើកោសល្យវិច័យ និងពិនិត្យលើសពជនរងគ្រោះ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពិនិត្យសាកសពឃើញថា ជនរងគ្រោះស្លៀកខោខូវប៊យ ពណ៌ខៀវ ពាក់អាវយឺត ដេកស្លាប់ក្នុងស្ថានភាពផ្កាប់មុខ និងមានស្នាមរបួសចំនួន៣កន្លែង ១-បែកត្រង់លលាដ៍ក្បាលខាងលើផ្នែកខាងស្តាំ១កន្លែង ២-បែកមាត់ និងបាក់ធ្មេញ និង៣-ជាំភ្នែកខាងស្តាំ។

សមត្ថកិច្ចបន្ថែមថា តាមការសាកសួរ ជនរងគ្រោះបានទៅចូលរួមផឹកស៊ី មានគ្នាទាំងអស់ចំនួន៨នាក់ ក្នុងនោះរួមមាន ទី១-ឈ្មោះ អឹម ធា ជាម្ចាស់ផ្ទះ ទី២-ឈ្មោះសូត្រ ជាកូនម្ចាស់ផ្ទះ ទី៣-ឈ្មោះពែក ជាកូនម្ចាស់ផ្ទះ ទី៤- ឈ្មោះចាន់ ថេង រស់នៅភូមិត្នោតជុំទី៥ ជាមិត្តភក្តិ ទី៥-ឈ្មោះចាន់ រស់នៅភូមិត្នោតជុំទី៥ ជាមិត្តភក្តិ ទី៦-ឈ្មោះហ៊ា ទី៧-ឈ្មោះអ៊ុក មួន និងទី៨-គឺជនរងគ្រោះផ្ទាល់តែម្តង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ការស្លាប់របស់យុវជនរងគ្រោះ គឺដោយសារអំពើឃាតកម្ម ហើយបច្ចុប្បន្ន កម្លាំងជំនាញបាននិងកំពុងដុតដៃដុតជើងធ្វើការស្រាវជាវ វែកមុខឃាតករ ដើម្បីតាមប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោសឱ្យខាងតែបាន។

ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES