Tuesday, November 18, 2025
Homeព័ត៌មានជាតិពស់វែករនាមចឹក បញ្ជូនទៅដល់មន្ទីរពេទ្យ គ្រូពេទ្យថា យឺតពេលទៅហើយ

ពស់វែករនាមចឹក បញ្ជូនទៅដល់មន្ទីរពេទ្យ គ្រូពេទ្យថា យឺតពេលទៅហើយ

ខេត្តស្ទឹងត្រែង ៖ បុរសវ័យចំណាស់ម្នាក់ បានបណ្តើរសត្វឆ្កែរបស់ខ្លួន១ក្បាលចូលចម្ការរកបាញ់សត្វ លុះប្រទះឃើញពស់វែករនាម ១ក្បាល ក៏ស្ទុះទៅចាប់ តែភ្លាត់ស្នៀត ធ្វើឱ្យពស់ដ៏មានពិសនោះរើរួច បកមកចឹកចំដៃ ធ្វើឱ្យឈឺចុកចាប់រត់ទៅរកកូនចៅឱ្យជួយ ដឹកបញ្ជូនទៅមណ្ឌលសុខភាពសង្គ្រោះភ្លាមៗដែរ តែអកុសល យឺតពេលទៅហើយ។

ករណីបុរសចំណាស់ដើរបាញ់សត្វ ឃើញពស់ ស្ទុះទៅចាប់ តែត្រូវពស់ចឹកបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចម្ការរបស់ជនរងគ្រោះ ស្ថិតនៅចំណុចភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក។

បុរសរងគ្រោះដែលត្រូវពស់ចឹកស្លាប់ មានឈ្មោះសុខ ស៊ីន អាយុ៦៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាបថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានចេញទៅដើររកបាញ់សត្វនៅក្នុងចម្ការបស់ខ្លួនដូចសព្វដង និងថែមទាំងបណ្តើរឆ្កែមួយក្បាលទៅជាមួយផង។ លុះពេលទៅដល់ក្នុងចម្ការ ជនរងគ្រោះកំពុងតែដើររកបាញ់សត្វ ក៏ឮសំឡេងឆ្កែព្រុសរន្ថើន ទើបស្ទុះទៅមើល ព្រោះដឹងថា ឆ្កែព្រុសរន្ថើនបែបនេះ ច្បាស់ជាជួបនឹងសត្វអ្វីមិនខាន។ លុះទៅដល់ ក៏ប្រទះឃើញសត្វពស់ដ៏មានពិស១ក្បាល គឺពស់វែករនាម កំពុងបើកវែក ស្រាប់តែភ្លាមនោះ បុរសរងគ្រោះក៏ស្ទុះទៅចាប់ពស់ ដោយមិនខ្លាចញញើតអ្វីសោះ ព្រោះតែកន្លងមក ជនរងគ្រោះធ្លាប់ចាប់ពស់មានពិសបានជាច្រើនក្បាល ដោយមិនធ្លាប់មានបញ្ហាអ្វីសោះឡើយ។ ស្រាប់តែអកុសល ពេលចាប់ពស់វែករនាម១ក្បាលនេះ ទំនងជាចាប់មិនជាប់ ឬចាប់ខុសកន្លែង ទើបធ្វើឱ្យពស់ បកក្បាលមកចឹក ជនរងគ្រោះចំដៃ ធ្វើឱ្យរងរបួស និងឈឺចុកចាប់យ៉ាងខ្លាំង។

ប្រភពដដែលបន្តថា បន្ទាប់ពីត្រូវពស់ចឹកឱ្យរបួសហើយ ជនរងគ្រោះក៏ប្រញាប់ដើរទៅរកកូនចៅនៅផ្ទះឱ្យជួយ ដោយប្រាប់ថា គាត់ត្រូវពស់ចឹកហើយ។ ពេលមកដល់ក្នុងភូមិ ទាំងក្រុមគ្រួសារ និងអ្នកភូមិ មានការភ្ញាក់ផ្អើល រួចក៏ប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពកោះព្រះ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះ ប៉ុន្តែពេលបញ្ជូនទៅដល់គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា យឺតពេលទៅហើយ ព្រោះពិសពស់បានជ្រាបពេញខ្លួនជនរងគ្រោះហើយ មិនមានសង្ឃឹមទេ។ បន្ទាប់មក ក្រុមគ្រួសារក៏បានដឹកជនរងគ្រោះត្រឡប់មកផ្ទះវិញ ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារពស់ មានពិសចឹកប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES