ខេត្តក្រចេះ ៖ បុរសវ័យចំណាស់ម្នាក់ នៅសុខៗ ក៏ល្បួងកូនក្រមុំរបស់គេ ចេញបាត់ពីផ្ទះអស់រយៈពេល២យប់ មិនដឹងជានាំទៅដល់ណា និងធ្វើអ្វីខ្លះ លុះឪពុកម្តាយប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ក៏ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនបាន នាំយកមកសាកសួរ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី។

ជនសង្ស័យដែលល្បួងកូនក្រមុំគេចេញបាត់ពីផ្ទះ២ថ្ងៃ រហូតសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះកេត កៃ អាយុ៥៨ឆ្នាំ ជាជនជាតិព្នង មុខរបរកសិករ មានលំនៅក្នុងភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី។ ចំណែកយុវតីរងគ្រោះ មានអាយុ១៦ឆ្នាំ ជនជាតិព្នង មុខរបរកសិករ ស្នាក់នៅ ឃុំស្រែឈូក ស្រុកកែវសីមា។

តាមប្រភពពីឪពុកម្តាយយុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ កូនស្រីរបស់ពួកគាត់ (យុវជនរងគ្រោះ) ត្រូវបានជនសង្ស័យឈ្មោះកេត កៃ ល្បួងនាំចេញពីផ្ទះបាត់ មិនដឹងជានាំទៅដល់ណា និងបានធ្វើអ្វីខ្លះមកលើកូនស្រីរបស់ពួកគាត់នោះទេ។ បន្ទាប់មក ពួកគាត់ជាឪពុកម្តាយ មានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចមូលដ្ឋាន ឃុំស្រែឈូក ជួយអន្តរាគមន៍ រហូត២ថ្ងៃក្រោយ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងនាំកូនស្រីរបស់ពួកគាត់ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង និងតម្រុយពីក្រុមគ្រួសារយុវតីរងគ្រោះរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក (ខេត្តមណ្ឌលគិរី) សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី (ខេត្តក្រចេះ) រួមនឹងកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការស្រាវជ្រាវរកយុវតីរងគ្រោះ រហូតរកឃើញថា ការបាត់ខ្លួនរបស់ យុវតីរូបនេះមានការពាក់ព័ន្ធនឹងបុរសម្នាក់ ឈ្មោះកេត កៃ ទើបឈានដល់ការសហការចុះឃាត់ខ្លួនជនសង្ស័យខាងលើ និងនាំយុវតីរងគ្រោះយក ទៅប្រគល់ជូនឪពុកម្តាយវិញ។

យ៉ាងណាក្តី ករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ឱ្យបានច្បាស់នៅឡើយថា រវាងនារីរងគ្រោះ និងបុរសជាជនសង្ស័យខាងលើ មានទំនាក់ទំនងអ្វីនឹងគ្នាឱ្យពិតប្រាកដនៅឡើយ តើជាស្នេហា ឬជាករណីអ្វីផ្សេង។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរក្មេងស្រីរងគ្រោះ និងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះកេត កៃ ដើម្បីបន្តចំណាត់ការតាមនីតិវិធី៕