ក្រចេះ៖ ករណីឃាតកម្មដ៏សាហាវយង់ឃ្នងមួយ ដោយប្រជពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ខ្លោចរួញក្រញ៉ង និងខ្មោចម៉ូតូ១គ្រឿង ត្រូវបានគេដុតសម្លាប់ក្នុងភ្នក់ភ្លើង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ចំណុចដីឡូតិ៍កៅស៊ូចម្ងាយពីផ្លូវលំ ប្រមាណជា១០០ម៉ែត្រ ត្រង់ចំណុចផ្លូវកាំភ្លើងធំ ក្នុងឡូតិ៍ចម្ការកៅស៊ូក្រុមហ៊ុនស្នួល ភូមិដូនប៉ុក ឃុំសែ្រចារ ស្រុកស្នួល ខេត្តក្រចេះ។

ជនរងគ្រោះដែលត្រូវគេដុតសម្លាប់យ៉ាងព្រៃផ្សៃនេះ មានឈ្មោះ ខុម សិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (កន្លងមកធ្លាប់បានប្រើប្រាស់សារធាតុញៀន)។
បើតាមសម្តីរបស់យាយយុវជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ចៅប្រុសរូបនេះបានសុំលុយគាត់ ចំនួន២០០០រៀល ដើម្បីចូលទៅកាប់អុសក្នុងចម្ការកៅស៊ូ បន្ទាប់ពីគាត់ឲ្យលុយហើយ ចៅប្រុសរូបនេះបានជិះម៉ូតូ១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ក្រហម គ្មានស្លាកលេខ និងកាំបិតផ្គាក់ ចេញទៅតែម្នាក់ឯងបាត់ទៅ។

យាយយុវជនរងគ្រោះ បានបន្តថា លុះដល់វេលាកើតហេតុ ម៉ោង១២នាទីរសៀល ស្រាប់តែមានកម្មករជៀរជ័រកៅស៊ូម្នាក់ ប្រទះឃើញសាកសពចៅប្រុសរបស់គាត់ឆេះស្លាប់នៅក្បែរម៉ូតូ ខ្លោចរួញក្រញ៉ង់ មើលលែងស្គាល់ទៅហើយ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។

យាយយុវជនរងគ្រោះ បានបន្ថែមថា ក្រោពីទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការហ៊ុមព័ទ្ធ និងបានហៅគាត់ទៅពិនិត្យសាកសព ទើបដឹងថា ជាចៅប្រុសរបស់គាត់។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យ និងពិនិត្យសាកសព ឃើញមានស្រាបៀរចំនួន៣កំប៉ុង ប្រអប់ស្នោរចំនួន១ ក្រៅពីនោះពុំមានអ្វីគួរកត់សម្គាល់ទេ និងកំពុងធ្វើការស្រាវជ្រាវ៕