Tuesday, November 18, 2025
Homeព័ត៌មានជាតិប្រពន្ធដើមព្រះរាជអាជ្ញា រំលឹកសម្តីនាយករដ្ឋមន្ត្រី មន្ត្រីប្រពន្ធច្រើន ដកចោលទាំងអស់

ប្រពន្ធដើមព្រះរាជអាជ្ញា រំលឹកសម្តីនាយករដ្ឋមន្ត្រី មន្ត្រីប្រពន្ធច្រើន ដកចោលទាំងអស់

ខេត្តកណ្តាល ៖ ស្ត្រីជាភរិយាដើមរបស់លោកព្រះរាជអាជ្ញាមួយរូប ដែលបានទម្លាយរឿងអាស្រូវក្នុងគ្រួសាររបស់ខ្លួនថា លោកប្តីបានក្បត់ចិត្តលួចលាក់ទៅមានប្រពន្ធចុង មានទាំងកូន ស់នៅភូមិគ្រឹះធំស្កឹមស្កៃ និងមិនព្រមចូលខ្លួនដោះស្រាយជាមួយខ្លួនជាប្រពន្ធដើម ឱ្យបានដាច់ស្រេចនោះ ពេលនេះបានរំលឹកនូវពាក្យសម្តីរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងបញ្ជាក់ពីករណីដកតំណែងលោកថៃ នរៈសត្យា ពីរដ្ឋលេខាធិការក្រសួងវប្បធម៌ នោះថា មន្ត្រីប្រពន្ធច្រើន នឹងត្រូវដកចោលជាបន្តបន្ទាប់។

លោកព្រះរាជអាជ្ញាដែលត្រូវប្រពន្ធដើម អះអាងថា លួចលាក់មានប្រពន្ធចុងនោះ មានឈ្មោះជា ពេជ្រ មានតួនាទីជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។ ចំណែកស្ត្រីជាប្រពន្ធដើម មានឈ្មោះហ៊ាន លក្ខិណា មានលំនៅក្នុង ភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល។

អ្នកស្រីហ៊ាន លក្ខិណា ជាប្រពន្ធដើមរបស់លោកព្រះរាជអាជ្ញា ជា ពេជ្រ បានសរសេរក្នុង គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ថា “សម្តេចបានប្រកាសយ៉ាងច្បាស់ហើយថា បើមន្ត្រីរូបណាហ៊ាន មានស្រី ឬក៏ប្រពន្ធចុង សម្តេចត្រូវដកចោលទាំងអស់។ រឿងរបស់នាងខ្ញុំ មួយរឿងនេះ វាយូរពេកហើយ នាងខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់មេត្តាជួយមើលបុគ្គលព្រះរាជអាជ្ញា ជា ពេជ្រ ម្នាក់នេះផង កុំឱ្យគេបានដៃពេក ហើយកុំឱ្យដូចពាក្យលោកជា ពេជ្រ ម្នាក់នេះ និយាយថា គ្មានអ្នកណាហ៊ានធ្វើអីគេបាន ព្រោះគេជាអ្នកច្បាប់ មានមិត្តភក្តិ ក៏ជាអ្នកច្បាប់ដែរ ថែមទាំងមានខ្នងសុទ្ធតែអ្នកធំកំពូល អ្វីដែលសំខាន់ទៀតនោះ គឺលោកព្រះរាជអាជ្ញា ជា ពេជ្រ រូបនេះ គេមានលុយច្រើន ចឹងហើយបានគេហ៊ានចំអកឱ្យនាងខ្ញុំជាប្រពន្ធដើមថា ទៅប្តឹងដល់ណាក៏មិនឈ្នះគេដែរ។ អ្នកលួចមានប្រពន្ធចុង​ ត្រូវមានទោស (ឯកពន្ធភាព)…”។

គួររំលឹកថា កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលទៅ Comment ក្នុងទំព័រហ្វេសប‘កុលោកដួង តារា បញ្ជាក់ពីមូលហេតុនៃការដេកតំណែងលោកថៃ នរៈសន្យា ពីរដ្ឋលេខាធិការក្រសួងវប្បធម’ និងវិចិត្រសិល្បៈ នោះ របស់លោកដួង តារា ថា សុំកុំប្រកែកគ្នា និងចោទប្រកាន់គ្នាពីរឿងលោកថៃ នរៈសត្យា ត្រូវដកចេញពីតំណែង។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់លើការដកតំណែងនេះ។ ការដកតំណែងរបស់គាត់ គឺចង់ឱ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌ មានភាពស្អាតស្អំ។ ពួកអ្នកប្រពន្ធច្រើន ត្រូវបានដកចេញជាបន្តបន្ទាប់ និងបន្តដកចេញនៅពេលខាងមុខ។ នេះជាអភិក្រមទី៥ គឺការ (វះកាត់)…”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ អ្នកស្រីហ៊ាន លក្ខិណា ធ្លាប់បានអំពាវនាវសុំដល់សម្តេចហ៊ុន សែន ជួយអន្តរាគមន៍ លើករណីប្តីលួចមានប្រពន្ធចុង ដើម្បីផ្តល់យុត្តិធម៌ដល់ខ្លួនដែលជាប្រពន្ធដើមស្របច្បាប់ផងដែរ។

អ្នកស្រីហ៊ាន លក្ខិណា បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅពេលនោះថា “នាងខ្ញុំសូមលំឱនកាយ សូមអភ័យទោសពីចម្ងាយ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរតែងតែមានព្រហ្មវិហារធម៌ជួយប្រជាជនស្លូតត្រង់ មេត្តាជួយរកយុត្តិធម៌ឱ្យរូបនាងខ្ញុំផង ដែលលោកព្រះរាជអាជ្ញា ជា ពេជ្រ (បម្រើការងារនៅខេត្តរតនគិរី) បានធ្វើបាបនាងខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់។ លោកជា ពេជ្រ អាងខ្លួនឯងជាអ្នកច្បាប់ អាងខ្នងអ្នកធំ អាងអំណាច និងប្រាក់កាស និងអាងមានមិត្តភក្តិ សុទ្ធតែជាអ្នកច្បាប់ទាំងអស់ ចឹងគាត់មិនខ្លាចច្បាប់ទេ។ គាត់លួចមានប្រពន្ធចុង ខុសច្បាប់ឯកពន្ធភាព ហើយគាត់ថា គាត់មានលុយរាប់លានដុល្លារចឹង គ្មានអ្នកណាយកឈ្នះគាត់បានទេ ព្រោះច្បាប់នៅខាងគាត់អស់ហើយ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ១០ឆ្នាំទៀត គាត់ចាយលុយមិនអស់ផង។ លោកជា ពេជ្រ គាត់ថា នាងខ្ញុំមិនមានបងប្អូន មិត្តភក្តិ ជាអ្នកច្បាប់ដូចគាត់ទេ ចឹងមិនអាចឈ្នះគាត់បានឡើយ។ គួរពុំគួរសូមសម្តេចទាំងពីរ មេត្តាអភ័យទោសដល់នាងខ្ញុំផងចុះ ដោយសារនាងខ្ញុំមិនបានរៀនសូត្រចេះដឹងជ្រៅជ្រះទេ…”។

អ្នកស្រីហ៊ាន លក្ខិណា បានសរសេរបន្ថែម ថា “ព្រះរាជអាជ្ញា គឺជាអ្នកច្បាប់ គឺឪច្បាប់ ដល់មកប្រព្រឹត្តទង្វើខុសច្បាប់ លួចមានប្រពន្ធចុង។ ជាក់ស្តែងអ៊ីចឹង វាហួសនឹងនិយាយហើយ បើសិនលោកព្រះរាជអាជ្ញា ជា ពេជ្រ ម្នាក់នេះ រួចខ្លួនទៀតនោះ គឺតុលាការអយុត្តិធម៌ពេកហើយ សម្រាប់ប្រជាជនស្លូតត្រង់ ដូចជារូបនាងខ្ញុំ។ ដូច្នេះសូមមតិមហាជន និងសារព័ត៌មាន ព្រមទាំងទូរទស្សន៍ទាំងអស់ ជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង។ នាងខ្ញុំរង់ចាំទទួលការសម្ភាសន៍ពីទូរទស្សន៍ទាំងអស់ជានិច្ច សូមទំនាក់ទំនងតាមឆាតរបស់នាងខ្ញុំ…”។

ស្ត្រីជាប្រពន្ធដើមរូបនេះ បានសរសេរបន្ថែមទៀតថា “សូមលោកតុលាការមេត្តាជួយបន្តនីតិវិធី ដោះស្រាយរឿងក្តីរបស់នាងខ្ញុំ ហ៊ាន លក្ខិណា ដែលជាប្រពន្ធស្របច្បាប់នឹងលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូង (ខេត្តរតនគិរី) ផង នាងខ្ញុំបានដាក់ពាក្យប្តឹងពីបទ (ឯកពន្ធភាព) ហើយតុលាការក៏បានទទួលយកសំណុំរឿងនាងខ្ញុំដែរ តែបែរជាយកសំណុំរឿង នាងខ្ញុំទៅទុកចោលទៅវិញ ហើយពន្យារពេលរហូត។ ចេះតែថាខ្វះនេះខ្វះនោះ មិនចេះចប់ មិនចេះហើយ រវល់រហូត ហាក់បីដូចជាចង់ឱ្យ លោកព្រះរាជអាជ្ញា ជា ពេជ្រ ម្នាក់នេះ រួចខ្លួនពីសំណាញ់ច្បាប់ចឹង បើមិនព្រមយករឿងនាងខ្ញុំមកដោះស្រាយទេនោះ នាងខ្ញុំនឹងប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាអង្គចៅក្រមហើយ…”។

ពាក់ព័ន្ធនឹងករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES