ខេត្តតាកែវ ៖ ប្តីប្រពន្ធ2នាក់ បាននាំគ្នាចេញទៅប្រកបរបររកស៊ីដូចសព្វដង ដោយទុកឱ្យកូនស្រីក្រមុំម្នាក់នៅចាំផ្ទះតែម្នាក់ឯង លុះឃើញឱកាសស្ងាត់ ស្រាប់តែប្រុសព្រានល្មោភកាមម្នាក់រស់នៅផ្ទះក្បែរគ្នា បានធ្វើសកម្មភាពលបចូលទៅធ្វើសកម្មភាពចាប់ឱបថើប លូកស្ទាបសព្វរាងកាយ និងប៉ុនប៉ងរំលោភទាំងកំរោល ជាហេតុធ្វើឱ្យយុវតីរងគ្រោះភ័យ ប្រឹងរើបម្រះធាក់ទម្លាយទ្វារ ស្រែកហៅអ្នកជិតខាងឱ្យជួយទាន់ពេល។
ករណីប្រុសព្រានប៉ុនប៉ងរំលោភកូនក្រមុំគេនេះ បានកើតឡើង កាលពីវេលាម៉ោង7និង20នាទីព្រឹក ថ្ងៃទី26 ខែមិថុនា ឆ្នាំ2019 នៅចំណុចផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងវែង ឃុំរវៀង ស្រុកសំរោង។
ជនសង្ស័យដែលលបចូលផ្ទះរបស់គេចាប់ឱបថើបលូកស្ទាប ប៉ងរំលោភកូនក្រមុំគេ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ណុប ពុធ ភេទប្រុស អាយុ34ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រី រងគ្រោះដែលត្រូវប្រុសល្មោភកាមប៉ងចាប់រំលោភ មានឈ្មោះស.ស.វ.ត អាយុ15ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី26 ខែមិថុនា ឆ្នាំ2019 យុវតីរងគ្រោះខាងលើបាននៅចាំផ្ទះតែម្នាក់ឯងប៉ុណ្ណោះ ខណៈដែលឪពុកម្តាយរវល់ចេញទៅប្រកបរបររកស៊ី។ ស្រាប់តែមកដល់វេលាម៉ោង7និង20នាទីព្រឹកថ្ងៃដដែល ក៏លេចមុខជនសង្ស័យឈ្មោះ ណុប ពុធ បានចូលមកដល់ក្នុងផ្ទះរបស់យុវតីរងគ្រោះ រួចក៏ធ្វើសកម្មភាពចាប់ឱបថើប និងប្រើដៃលូកស្ទាបសព្វរាងកាយយុវតីរងគ្រោះ ព្រមទាំងប៉ុនប៉ងចាប់រំលោភទាំងកំរោល។ ប៉ុន្តែភ្លាមនោះ យុវតីរងគ្រោះប្រឹងរើបម្រះ រួចក៏ ធាក់ទម្លាយទ្វារ ស្ទុះចេញមកខាងក្រៅ ស្រែកឆោឡោហៅឱ្យអ្នកជិតខាងជួយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងស្ទុះមកជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ណុប ពុធ បានឆ្លើយសារភាពថា រូបគេពិតជា បានប្រព្រឹត្តសកម្មភាពដូចអ្វីដែលយុវតីរងគ្រោះ ប្តឹងចោទប្រកាន់មែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវីធី៕