Tuesday, November 18, 2025
Homeព័ត៌មានជាតិគាត់នៅក្នុងផ្ទះសំណាក់ទេតើ... សម្ងំបានយូរគ្រាន់បើ

គាត់នៅក្នុងផ្ទះសំណាក់ទេតើ… សម្ងំបានយូរគ្រាន់បើ

ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតផ្ទុះជាអំពើហិង្សាវាយតប់គ្នា បណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់ ចំណែកភាគីបង្កបានព្យាយាមរត់គេចខ្លួនអស់រយៈពេល៦ថ្ងៃ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើ បានកើតឡើង តាំងពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះសំណាក់យីហោ ពេជ្រ សុទ្ធ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លុះមកដល់រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននាំយកមកសាកសួរ។

ជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៅ វិចិត្រ អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ ចំណែកជនរងគ្រោះ មានឈ្មោះហៃ ដេត អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យ និងជនរងគ្រោះ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា បន្ទាប់មកជនសង្ស័យក៏បានបង្កហិង្សាវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល រហូតមកដល់រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ទើបត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួននាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី។/

RELATED ARTICLES