ខេត្តសៀមរាប ៖ ក្មេងស្រីតូចៗ២នាក់បងប្អូនដោយសារតែឪពុកម្តាយរវល់ប្រកបរបររកស៊ី មិនបានមើលថែឱ្យបានដិតដល់ ស្រាប់តែត្រូវក្មេងប្រុសអាយុ១១ឆ្នាំម្នាក ដែលជាកូនអ្នកមានជីវភាពធូរធារនៅក្នុងភូមិ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ទាំង២នាក់បងប្អូន លុះរឿងរ៉ាវបែកធ្លាយ ក៏ស្រាប់តែឪពុកម្តាយជនបង្កហេតុ សុំបង់លុយជំងឺចិត្តដល់គ្រួសារក្មេងស្រីរងគ្រោះ ចំនួន១០០ដុល្លារ ជាថ្នូរនឹងការបញ្ចប់រឿង លុះខាងក្មេងស្រីរងគ្រោះអត់ព្រម ស្រាប់តែខាងជនបង្កហេតុ បានគំរាមថា ចង់ប្តឹងដល់ណាក៏ប្តឹងទៅ គេអត់ខ្លាចទេ។
ក្មេងប្រុសជាជនសង្ស័យ ចាប់រំលោភក្មេងស្រី២នាក់បងប្អូន រហូតដល់បានសម្រេចនោះ ទើបនឹងមានវ័យ១១ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ មានលំនៅក្នុងខេត្តសៀមរាប។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន ក្មេងស្រីច្បង មានអាយុ៨ឆ្នាំ ចំណែកក្មេងស្រីប្អូន ទើបនឹងអាយុ៥ឆ្នាំប៉ុណ្ណោះ មានឪពុកជាកម្មករនៅតាមបេនឡាន ម្តាយដើរបេះ ត្រកួនលក់ និងស្នាក់នៅក្នុងភូមិជាមួយគ្នា។

អ្នកស្រីម៉ម សុម៉ាលី ស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទា អាហ្វេស៊ីប ទុំឌី បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅខេត្តសៀមរាប ដោយករណីរំលោភនេះបានកើតឡើងតាំងពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៩ មកម៉្លេះ ហើយក្រុមគ្រួសារជនរងគ្រោះមានជីវភាពខ្វះខាត ឪពុកជាកម្មករនៅតាមបេនឡាន ម្តាយដើរបេះត្រកួនលក់ សូម្បីតែខ្ទមសឹងតែមិនមាននៅផង។
អ្នកស្រីម៉ម សុម៉ាលី បានសរសេរក្នុងគណនីហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ថា “ពិតជាឈឺចាប់បំផុត ហេតុតែខ្លួនក្រ សូម្បីតែខ្ទមសឹងមិនមាននៅផង ម្តាយដើរបេះត្រកួនលក់ ឯឪពុកជាកម្មករនៅតាមបេនឡាន កូនស្រី២នាក់បងប្អូន ម្នាក់អាយុ៨ឆ្នាំ ម្នាក់ទៀតអាយុ៥ឆ្នាំ ត្រូវកូនអ្នកមានលុយ អាយុ១១ឆ្នាំ រំលោភ ហើយជនល្មើសបានគំរាមឱ្យលុយ១០ម៉ឺនរៀល ជនរងគ្រោះមិនព្រម ក៏សុខចិត្តឱ្យ២០ម៉ឺនរៀល តែជនរងគ្រោះនៅតែមិនសុខចិត្ត ក៏គំរាមថា ឱ្យ១០០ដុល្លារ បើមិនយក ទៅប្តឹងអ្នកណាក៏ទៅៗ។ អនិច្ចាជីវិតអ្នកក្រ ម្តាយនិងឪពុក ទៅប្តឹងប៉ូលិស ក៏គេមិនទទួល ដោយយកលេសថា ជនល្មើសនៅតូចអាយុ១១ឆ្នាំ មិនដឹងយកទៅណា ម្តាយរត់ឆ្លេឆ្លា តែគ្មានអ្នកជួយ…”។

អ្នកស្រីម៉ម សុម៉ាលី បន្តថា “សូមជម្រាបថា កណីរំលោភនេះ កើតតាំងពីថ្ងៃទី១៤ ខែមិថុនា តែម្តាយរកអ្នកជួយមិនបាន ទើបតែជួបប្អូនស្រីចិត្តធម៌ម្នាក់ គាត់ក៏តេមករកនាងខ្ញុំភ្លាមៗ បុគ្គលិកអង្គការ ក៏ចុះជួបថ្ងៃនេះភ្លាម បានជួបជនរងគ្រោះហើយ។ នេះជាព័ត៌មានបឋម នាងខ្ញុំនឹងស្រាវជ្រាវថា តើលោកអ្នកមានណាដែលកូនរំលោភគេហើយ គំរាមគេទៀតនោះ ហើយប៉ូលិសណាដែលសមគំនិត ព្រោះថា ខ្ញុំពិតជាមិនដែលជួបទេ ធ្លាប់តែធ្វើការជាមួយប៉ូលិស ដែលល្អជួយជនរងគ្រោះដោយមិនខ្លាចនឿយហត់ ពិបាកនឹងជឿមែន ដែលនៅមានជនបែបនេះ។ ករណីនេះនៅខេត្តសៀមរាប ហើយជាខេត្តដែលឯកឧត្តមអភិបាលខេត្ត យកចិត្តទុកដាក់បំផុត ចំពោះករណីរំលោភបំពានលើកុមារនិងស្ត្រី។ បញ្ជាក់ នេះជាព័ត៌មានបឋម បានមកពីគ្រួសារជនរងគ្រោះ…”។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ អ្នកស្រីម៉ម សុម៉ាលី បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ថា ករណីនេះ ខាងអ្នកស្រីបានទទួលព័ត៌មានបឋមពីគ្រួសារជនរងគ្រោះហើយ ពេលនេះក្រុមការងារកំពុងធ្វើការបន្តយ៉ាងដុតដៃដុតជើង ព្រោះថា ករណីនេះគឺមានពាក់ព័ន្ធច្រើនខ្លាំងណាស់ ដោយសារក្មេងប្រុសជាជនបង្កហេតុ ទើបនឹងមានអាយុ១១ឆ្នាំប៉ុណ្ណោះ ចំណែកគ្រួសារជនរងគ្រោះមានការភ័យខ្លាចខ្លាំង ដោយរងការគំរាម។

អ្នកស្រីម៉ម សុម៉ាលី បន្តថ្លែងថា “អ្វីដែលជាចម្ងល់នៅពេលនេះ នៅត្រង់ថា ហេតុអ្វីបានជាប៉ូលិសមិនចាត់ការទៅលើជនល្មើស? ហើយខាងប៉ូលិសបានឆ្លើយថា ធ្វើហើយ ប៉ុន្តែបើធ្វើហើយ ហេតុអ្វីមិនមានការឃាត់ខ្លួនជនល្មើស? ចំណែកក្មេងស្រីរងគ្រោះនឹងមកដល់មណ្ឌលរបស់ខ្ញុំនៅថ្ងៃស្អែក ហើយបញ្ហាចំពោះមុខនៅពេលនេះ គឺការរក្សាសុវត្ថិភាពជូនក្មេងស្រីរងគ្រោះ។ ចំពោះការគំរាមពីភាគីជនល្មើស គឺយើងគ្រាន់តែឮថាប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាក់ស្តែង យើងនៅពុំទាន់ច្បាស់នៅឡើយ គ្រាន់តែដឹងថា ពេលនេះភាគីរងគ្រោះមានការភិតភ័យ និងមានការឈឺចាប់”។
អ្នកស្រីម៉ម សុម៉ាលី បានបន្ថែមថា ជុំវិញបញ្ហាការលើកឡើងថា ជនល្មើសមានវ័យក្មេងស្ថិតក្នុងវ័យជាអនីតិជន មិនអាចផ្តន្ទាទោសបាន ឬមិនអាចចាប់ខ្លួនបាននោះ អ៊ីចឹងមានន័យថា ក្មេងអាយុ១១ទៅ១២ ឬ១៥ឆ្នាំ ដើររំលោភ គេគ្រប់គ្នា ដោយមិនចាំបាច់មានទោសទណ្ឌ ទៅហើយឬយ៉ាងណា? ហេតុនេះ គួរតែមានវិធានការ មិនមែនហៅថា ការដាក់ទោសនោះទេ តែគេហៅថា ការស្តារនីតិសម្បទារបស់គាត់ បានន័យថា អប់រំ ហើយកត្តានេះ ឪពុកម្តាយ គឺចាំបាច់ត្រូវធ្វើការអប់រំកូនឱ្យបានដិតដល់ និងល្អបំផុត។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អ្នកស្រីម៉ម សុម៉ាលី បានធ្វើការសំណូមពរដល់ឪពុកម្តាយ អាណាព្យាបាលទូទៅ គួរតែមានចំណាត់ការមួយ គឺការមើលថែកូនឱ្យបានដិតដល់ ព្រោះក្មេងមានការពាក់ព័ន្ធខ្លាំងទៅនឹងកត្តា៣ធំៗ រួមមាន គ្រួសារ សាលារៀន និងសង្គម ប៉ុន្តែនៅ ពេលដែលចាប់ផ្តើមកើតមានរឿងរ៉ាវភ្លាម គេតែងបន្ទោសដល់សង្គម ប៉ុន្តែមិនបានគិតដល់ការថែទាំរបស់ឪពុកម្តាយនោះទេ។ តាមធម្មតា ឪពុកម្តាយមានភារកិច្ចធ្វើការរកស៊ី ដើម្បីចិញ្ចឹមកូន ប៉ុន្តែឪពុកម្តាយចាំបាច់ត្រូវរកពេលវេលាមើលថែ អប់រំ និងផ្តលភាពកក់ក្តៅដល់កូនផងដែរ៕