ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ព្រោះតែខឹងសម្បានឹងប្រពន្ធចូលចិត្តដើរលេងយប់ ចោលផ្ទះសំបែង មិនចេះនៅមើលថែកូន ក៏ហៅប្រពន្ធមកសួរនាំ និងស្តីបន្ទោស២-៣មាត់ ស្រាប់តែខឹងនឹងប្រពន្ធតមាត់វិញ ក៏ផ្ទុះកំហឹងស្ទុះទៅទាញដំបងវាយសំពងប្រពន្ធចំក្បាល បណ្តាលឱ្យពកក្បាលរងរបួសយ៉ាងដំណំ និងត្រូវសមត្ថកិច្ច ចុះអន្តរាគមន៍ចាប់ខ្លួននាំយកទៅសាកសួរ។
ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុច មុខស្ថានីយរយថន្តភ្លើងបំណក់ ស្ថិតក្នុងភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនសង្ស័យដៃដល់ជាប្តី ដែលវ៉ៃប្រពន្ធពកក្បាល មានឈ្មោះធុល ទីណូ អាយុ៣០ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអុន សូធាវី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានកូនប្រុសចំនួន៤នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ស្ត្រីជាប្រពន្ធ គឺជាមនុស្សដែលចូលចិត្តដើរលេងនៅពេលយប់ព្រលប់ ដោយមិនសូវនៅផ្ទះមើលថែកូន ឬប្តីអ្វីទេ។ លុះមកដល់ថ្ងៃកើតហេតុ ដោយសារតែជនបង្កជាប្តីទ្រាំមិនបាន ក៏ហៅប្រពន្ធមកសួរនាំ និងស្តីបន្ទោស កុំឱ្យប្រពន្ធដើរលេងយប់ទៀត ព្រោះកូនចៅគ្មានអ្នកមើលថែទេ ស្រាប់តែប្រពន្ធបែរជាតមាត់ជាមួយប្តី ជាហេតុធ្វើឱ្យបុរសជាប្តីផ្ទុះភ្លើងកំហឹង ក៏ស្ទុះទៅទាញដំបងវាយសំពងប្រពន្ធចំក្បាល បណ្តាលឱ្យពកក្បាល និងហើមកំភួនដៃ រងរបួសយ៉ាងដំណំ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធបានរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនបុរសជាប្តី នាំយកមកសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕