ខេត្តសៀមរាប៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនតាមដីការបស់តុលាការខេត្តសៀមរាប ដោយចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ និងអំពើផិតក្បត់ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់នេះ និងនាំខ្លួនមកសួរនាំនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានប្រាប់ថា ជនសង្ស័យដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខាងប្រុសមានឈ្មោះម៊ុយ ហ៊ត់ ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរចិញ្ចឹមជ្រូក រស់នៅភូមិទ្រាំង សង្កាត់ស្លរក្រាម ខេត្តសៀមរាប មានដីកាបង្គាប់ឱ្យនាំខ្លួនលេខ១៥២ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តសៀមរាប និងខាងស្រីមានឈ្មោះ លៀម មុំ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរចិញ្ចឹមជ្រូក រស់នៅភូមិទ្រាំង សង្កាត់ស្លរក្រាម ខេត្តសៀមរាប មានដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៥៣ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក បានបន្តថា ក្រោយពីមានដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើរួចមក កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងរបស់លោកក៏បានចុះទៅហៅដល់ផ្ទះ រួចនាំខ្លួនមកសួរនាំនៅស្នងការ។ ហើយកម្លាំងរបស់លោកក៏សម្រេចបញ្ជូនជនសង្ស័យទាំង២ ទៅកាន់តុលាការនៅរសៀលថ្ងៃដដែលភ្លាមៗតែម្តង៕