តារាចម្រៀងឱក សុគន្ធកញ្ញា កាន់តែឡើងគីឡូចម្លែកទៅៗនៅពេលដែលការសម្រាលកូនប្រុសរបស់នាងកាន់តែខិតកៀកមែនទែននោះ ហើយគេឃើញប្អូនថ្លៃថៅកែហង្សមាស សប្បាយរីករាយទាំងពោះធំតែម្តង កាលពីរាត្រីថ្ងៃទី០៣ ខែវិច្ឆិកា ដោយសារតែកូនក្រុមរបស់ខ្លួន ចាន់ សុបញ្ញា ទទួលបានពាន X Factor Cambodia រដូវកាលទី១ យកឈ្នះលើកូនក្រុមរបស់កញ្ញាសុខ សីឡាលីន ស្របពេលដែលខេមរៈ សិរីមន្ត និងណុប បាយ៉ារិទ្ធ កូនក្រុមរបស់ពួកគេធ្លាក់អស់គ្មានសល់តាំងពី មុនឈានដល់ថ្ងៃផ្តាច់ព្រ័ត្រម៉្លេះ។

នេះមិនមែនជាលើកទី១ឡើយដែលសុគន្ធកញ្ញា បានដឹកនាំកូនក្រុមលើកពាន ព្រោះកាលពីឆ្នាំមុន នាងបានដឹកនាំថែល ថៃ លើកពាន The Voice Cambodia រដូវកាលទី២ម្តងរួចទៅហើយ ទើបធ្វើឱ្យប្អូនថ្លៃថៅកែហង្សមាសរូបនេះ កាន់តែមានឥទ្ធិពលថែមទៀតនៅហង្សមាស ខណៈដែលស្វាមីរបស់នាង លោកអ៊ឹង សុខលី គឺជាអ្នកបញ្ជាទាំងស្រុងទៅលើកម្មវិធីប្រលងចម្រៀងទាំងឡាយរបស់ទូរទស្សន៍មួយនេះ។

ឱក សុគន្ធកញ្ញា បានផ្អាកអាជីពចម្រៀងទាំងស្រុងតាំងពីខែតុលាម៉្លេះ ដោយមិនទទួលរាំច្រៀងកម្មវិធីណាទៀតឡើយ ដោយសារតែផ្ទៃពោះរបស់នាងកាន់តែរីកធំទៅៗហើយ មិនអាចដើរម្នាក់ឯងបានទេ គឺទាល់តែមានអ្នកអមដឹកដៃ អ៊ីចឹងតើឱ្យទៅរាំច្រៀងលេងក្បាច់រាំម៉េចនឹងកើតទៀតទៅ ?

ទោះជាយ៉ាងណា សុគន្ធកញ្ញា នឹងត្រៀមវិលមកអុកឡុកលើឆាកតន្ត្រីឡើងវិញនៅដើមឆ្នាំ២០២០ ខាងមុខនេះ ខណៈដែលកូនប្រុសដំបូងរបស់នាងនឹងសម្រាលនៅខែវិច្ឆិកា ឆ្នាំ២០១៩ នេះហើយ។

សុគន្ធកញ្ញា បានដាក់ឈ្មោះកូនប្រុសរបស់នាងហៅក្រៅថា“ឆាលី” ប៉ុន្តែនាងមិនទាន់កំណត់ទីតាំងនៃការសម្រាលកូន ថាតើនឹងជ្រើសយកពេទ្យនៅក្នុងឬក្រៅស្រុកឡើយ។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន រៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលក្រោយរៀបការប្តីភ្លាមយកកូនភ្លែតនេះ ធ្វើឱ្យមហាជនជជែកគ្នាថា តើសុគន្ធកញ្ញា នឹងអាចរក្សាតំណែងជាតារាចម្រៀងល្បីតទៅទៀត ឬក៏ប្រឈមការធ្លាក់ចុះខ្សោយដូចតារាមួយចំនួនដែលមានប្តីកូនហើយហៅលែងឮដែរ?៕

