Sunday, July 20, 2025
Homeព័ត៌មានជាតិសម្ដេចតេជោ ហ៊ុន សែន សរសើរឧកញ៉ាឡេង ណាវ៉ាត្រា ប្រែខ្លួនពីពលករទៅជាអ្នកជំនួញធំ

សម្ដេចតេជោ ហ៊ុន សែន សរសើរឧកញ៉ាឡេង ណាវ៉ាត្រា ប្រែខ្លួនពីពលករទៅជាអ្នកជំនួញធំ

កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងកោតសរសើរឧកញ៉ាឡេង ណាវ៉ាត្រា ដែលប្រែខ្លួនពីពលករកូរ៉េខាងត្បូង ក្លាយទៅជាអ្នករកស៊ីវិស័យអចលនទ្រព្យដ៏ល្បីនៅកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង បែបនេះ នៅក្នុងឱកាសដែលសម្ដេចបានទៅជួបសំណេះសំណាល ដោយសម្ដេចបានមានប្រសាសន៍ថា ”មិនមែនគ្រាន់តែមកយកប្រាក់ខែទេ ក៏ប៉ុន្ដែនៅពេលដែលក្មួយៗធ្វើការនៅទីនេះ ក្មួយៗនឹងមានជំនាញ ហើយជំនាញនោះហើយដែលផ្ដល់ឲ្យក្មួយៗអាចនឹងទៅរកការងារធ្វើ បើក្រុមហ៊ុនកូរ៉េទៅ ក្មួយៗអាចមានការងារធ្វើជាមួយក្រុមហ៊ុនកូរ៉េ នៅស្រុកខ្មែរទៀត ក៏អាចបង្កើតការងារដែលមានមួយចំនួន បានទទួលជោគជ័យបន្ទាប់ពីបញ្ចប់ការងារជាពលករនៅកូរ៉េនេះ ដើម្បីបង្កើតមុខរបរនៅក្នុងប្រទេស”។

សម្តេចហ៊ុន សែន បន្តថា “ឡេង ណាវ៉ាត្រា ឥឡូវក្លាយជាម្ចាស់អចលនទ្រព្យយ៉ាងធំ ដែលសន្សំលុយតិចតួចដែលបានមកពីកូរ៉េ ទៅទិញដីធ្លី ឥឡូវដីធ្លីនោះវាកាក់កប អីចឹងវាទៅជាជំនួញអចលនទ្រព្យមួយដ៏ធំនៅទីនោះ”។

សម្ដេចតេជោ ហ៊ុន សែន បានមានមានប្រសាសន៍ទៀតថា ពលករដែលរស់នៅមិនស្របច្បាប់នៅកូរ៉េខាងត្បូង ប្រមាណជា៧ពាន់នាក់ ហើយពលករខ្មែរមិនស្របច្បាប់មួយចំនួន ដើម្បីបានរស់នៅកូរ៉េខាងត្បូង គឺប្រឹងជេររដ្ឋាភិបាល។

សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យបង្កើនចំនួនពលកររបស់កម្ពុជា ឲ្យទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង បន្ថែមទៀត ដើម្បីម្ខាងដោះស្រាយការងារធ្វើ និងម្ខាងទៀតទទួលយកបច្ចេកវិទ្យាថ្មីៗ សម្រាប់នាំយកទៅបង្កើតការងារថ្មីជូនដល់ប្រជាជនកម្ពុជាផងដែរ។

គួរបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ប្រមាណជាង៣ពាន់នាក់ សម្ដេចតេជោហ៊ុន សែន ក៏បានលើកសម្ដែងការកោតសរសើរចំពោះការតស៊ូរបស់លោកឡេង ណាវ៉ាត្រា ផងដែរថា ខិតខំប្រឹងប្រែងធ្វើការនៅកូរ៉េ សន្សំថវិការទិញដីធ្លី រហូតមានឈ្មោះជាឧកញ៉ា បានក្លាយទៅជាអ្នកជំនួញដ៏មានសមត្ថភាព ហើយអាចធ្វើជាម្ចាស់បុរីដ៏ធំរាប់រយល្វែងទៀតផង។

សម្ដេចនាយករដ្ឋមន្រ្ដី មានប្រសាសន៍ទៀតថា លោកឡេង ណាវ៉ាត្រា មិនត្រឹមតែមានចិត្តអំណត់តស៊ូធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទឹកចិត្តចូលរួមកិច្ចការសប្បុរសធម៌ និងធ្លាប់ផ្ដល់ថវិកាជួយដល់មន្ទីពេទ្យគន្ធបុប្ផា ទៀតផង ដែលនេះជាការចូលរួមចំណែកមួយផ្នែកដល់សង្គមជាតិ៕

RELATED ARTICLES