តារាចម្រៀងតូចល្អិត ពេជ្រ សូលីកា ឬគង់ ស្រីពេជ្រ មិនដែលបង្ហាញមុខរីករាយម្តងណាឡើយ តាំងពីម្តាយនាង អ្នកស្រីស៊ិន ស្រីនាង ត្រូវបានប៉ូលិសចាប់ទៅឃុំខ្លួនករណីឃាតកម្មលើគូស្នេហ៍ស្រលាញ់ភេទដូចគ្នា អ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០មក។

ទោះជាមិត្តភក្តិរបស់នាងព្យាយាមលើកទឹកចិត្តយ៉ាងណា ក៏សូលីកា នៅតែស្រងូតស្រងាត់ដដែល ហើយការបង្ហាញរូបភាពបែប Cute Cute ឬនៅហាងផឹកស៊ីសប្បាយដូចមុនជាមួយគូស្នេហ៍ និងមិត្តភក្តិ ក៏ត្រូវបានតារារូបនេះកាត់បន្ថយផងដែរ គឺហាក់ដូចជាកំពុងតែកាន់ទុក្ខរឿងម្តាយជាប់គុកនេះ។

គួរបញ្ជាក់ថា ការឱបទុក្ខរបស់ពេជ្រ សូលីកា នៅពេលនេះ គឺចំពេលដែលនាងកំពុងតែមានផ្ទៃពោះជាង២ខែហើយ ជាមួយគូដណ្តឹង លោកគឹម ហាន ហេតុនេះហើយបានជាក្រុមអ្នកគាំទ្ររបស់សូលីកា ខ្លះ ពួកគេបារម្ភខ្លាចនាងពិបាកចិត្តខ្លាំងពេក ធ្វើឱ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃទៀតផង។

ប៉ុន្តែនៅពេលដែលម្តាយជាទីស្រលាញ់ប្រឈមជាប់គុកអស់១ជីវិតបែបនេះ តើឱ្យកូនឯណាទៅរីកយាយកើតទៅ? នេះជាការលើកឡើងរបស់តារាចម្រៀងរួមទ្រនំជាមួយសូលីកា។

ពេជ្រ សូលីកា ដែលធ្លាប់ប៉ះរឿងអាស្រូវស្នេហាជាច្រើនលើកច្រើនសាមកហើយនោះ បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ នៅអូស្ត្រាលី លោកគឹម ហាន ដែលជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ ហើយពួកគេគ្រោងដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំ២០២០ នេះ មុនពេលដែលកូនក្នុងផ្ទៃរបស់នាងកើតទៀតផង។

ប៉ុន្តែពេលនេះ អ្វីៗបានផ្លាស់ប្តូរទាំងស្រុងទៅហើយ ក្រោយពីម្តាយត្រូវឃុំខ្លួនមង្គលការរបស់សូលីកា ត្រូវពន្យារពេលដោយគ្មានការកំណត់ ខណៈដែលអាជីពចម្រៀងរបស់នាងវិញក៏មិនទាន់មានលំនឹងទៀត ទើបធ្វើឱ្យអតីតតារាចម្រៀងផលិតកម្ម Rock និង M រូបនេះ កំពុងតែមានអារម្មណ៍ច្របូកច្របល់កាន់តែខ្លាំងឡើងៗ៕

