កាលពីវេលាម៉ោងប្រមាណជាង៣យប់ ទៀបភ្លឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ តារាសម្ដែងមាស សៀវប៉ាយ ដែលត្រូវគេដឹងធ្វើជាអ្នករត់តុនៅក្នុងក្លឹបកម្សាន្តមួយ បន្ថែមពីលើការសម្ដែង ព្រោះតែជីវភាពត្រូវបានគេបង្ហោះថា បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវម៉ូតូបុកពេលចេញពីធ្វើការ ហើយសន្លប់មិនដឹងខ្លួន។

មកទល់ម៉ោងនេះ លោកត្រូវបានអ្នកឃើញតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សុី ដោយទើបតែមានសាច់ញាតិមកជួយកំដរនៅក្រោយមកដល់មន្ទីរពេទ្យ។

អ្នកលើកទូរស័ព្ទដែលអះអាងថាជាបងស្រី បានឆ្លើយបញ្ជាក់ថា លោកមាស សៀវប៉ាយ ស្ថិតក្នុងសភាពសន្លប់មិនទាន់ដឹងខ្លួននៅឡើយ ដោយលោកមានការប៉ះទង្គិចផ្នែកក្បាលធ្ងន់ធ្ងរ ដោយមានខ្ទាំក្បាល និងមានឈាមកក។

បងស្រីរបស់លោកបញ្ជាក់ថា នៅមិនទាន់ដឹងថា លោកគ្រោះថ្នាក់ចរាចរណ៍នៅទីតាំងណានៅឡើយ ខណៈដែលលោកត្រូវបានគេដឹងថា ក្រៅពីសម្ដែង គឺធ្វើជាអ្នករត់តុ និងទទួលភ្ញៀវនៅក្នុងក្លឹប QK ស្ថិតនៅម្ដុំក្ដាន់ពីរ ដោយសារតែការសម្ដែងទទួលបានចំណូលតិច និងមិនសូវមានទីផ្សារ។

បងស្រីរបស់លោកនិយាយថា ក្មុងពេលប៉ះគ្នាភ្លាមៗ ម៉ូតូបង្កហេតុម្ខាងទៀតត្រូវបានគេឃាត់ទុក ប៉ុន្តែក្រោយពេលចលាចលរឿងបញ្ជូនលោកមាស សៀវប៉ាយ ទៅកាន់មន្ទីរពេទ្យ ក៏លួចរត់បាត់ ហើយម៉ូតូរបស់លោកក៏ត្រូវបានប៉ូលិសយករក្សាទុក ប៉ុន្តែមិនទាន់ដឹងថារក្សាទុកនៅខណ្ឌណានៅឡើយទេ ក្នុងពេលគ្រួសាររបស់ស្ថិតក្នុងការបារម្ភពីលោកនៅឡើយ៕



