មាស សុខសោភា បានអះអាងប្រាប់អ្នកកាសែតច្បាស់ៗថា នៅឆ្នាំ២០២០នេះ នាងត្រូវតែដើរចេញពីផលិតកម្មថោន មែនទែនហើយ ព្រោះផលិតកម្មនេះលែងរវីរវល់ ឬអើពើជាមួយនាងតទៅទៀតហើយ។

ការបញ្ជាក់ជំហរបែបនេះរបស់សោភា ពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះស្ទើរតែគ្រប់គ្នាយល់ថា បើអត់ពីសោភា ទៅ ថោន ច្បាស់ជាស្រឡះដៃធេងតែម្តង។

ក្នុងជំនួបផ្ទាល់ជាមួយមាស សុខសោភា កាលពីពេលថ្មីៗនេះ នាងសារភាពថា ពិតជាមានរឿងខ្លះៗជាមួយថោន ដែលត្រូវដោះស្រាយគ្នាមែន។ ប៉ុន្តែនាងថា នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាងនិងថ្នាក់ដឹកនាំថោន នឹងជួបប្រជុំពិសេសជាមួយគ្នាដើម្បីលុបបំបាត់មន្ទិលទាំងឡាយឱ្យអស់កុំឱ្យនៅមានតទៅទៀត។

សោភា បន្តថា ដោយសារតែការប្រជុំនៅមានជាច្រើនដងទៀត ហេតុនេះហើយការសម្រេចចេញពីថោន ឬនៅទៀតនោះ នាងមិនទាន់អាចនិយាយមុនពេលប្រជុំនោះបានឡើយ។

ថ្វីត្បិតតែមាស សុខសោភា សារភាពថា នាងមានរឿងខ្លះៗជាមួយផលិតកម្មថោន មែន ប៉ុន្តែនាងថា លោកថៅកែផលិតកម្មថោន នៅតែមិនចង់ឱ្យនាងចេញទេ ហើយមនោសញ្ចោតនារបស់នាងជាមួយថោន ក៏មិនទាន់អស់និស្ស័យជាមួយគ្នាដែរ។ នាងថា ក្រុមការងាររបស់ថោន មួយចំនួន បែកខ្ញែកគ្នា ហើយនាងទៅច្រៀងនៅកាណាដា យូរខែដែរ ទើបការងារមិនសូវរលូនដូចមុន។

ទស្សនិកជនយល់ថា មាស សុខសោភា ជាតារាចម្រៀងស្នូលរបស់ផលិតកម្មថោន បើសិនជានាងហើរចេញពីទ្រនំនេះមែន ផលិតកម្មរស្មីហង្សមាស ដែលតាមប្រមាញ់នាងជាច្រើនឆ្នាំមកហើយនោះ នឹងមានឱកាសច្រើនទទួលបាននាងម្នាក់ទៀតជាមិនខាន ដែលពេលនោះ ហង្សមាស នឹង “ជិះសេះលែងដៃ” តែម្តង៕

