តារាចម្រៀងនិងសម្ដែង អ្នកនាងឆ័យលី ដាឡែន បានប្រតិកម្មខឹងខ្លាំងចំពោះសារព័ត៌មានមួយចំនួន ដែលបានលើកឡើងថា នាងបើកហាងលក់គ្រឿងសមុទ្រ ដោយគ្មានអនាម័យ សំរាមនៅមុខហាងជះក្លិនស្អុយដល់អ្នកធ្វើដំណើរតាមផ្លូវ។

ការផ្ទុះប្រតិកម្មរបស់ឆ័យលី ដាឡែន នៅពេលនេះ ក្រោយពីមានសារព័ត៌មានលើបណ្ដាញសង្គមខ្លះ បានផ្សព្វផ្សាយថា ហាង ”អយស្ទើរ ហៅស៍” ដែលមានថៅកែស្រីឆ័យលី ដាឡែន កំពុងបង្កឲ្យមានក្លិនស្អុយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវស្ទើរតែទ្រាំលែងបាននោះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៤ សង្កាត់ផ្សារធំថ្មី៣ ខណ្ឌដូនពេញ ព្រោះតែកាកសំណល់គ្រឿងសមុទ្រ និងទឹកស្អុយនៅមុខហាងនោះ មិនមានការសម្អាតឲ្យបានត្រឹមត្រូវ។

ជុំវិញរឿងនេះ ឆ័យលី ដាឡែន បានចេញមកបកស្រាយទាំងកំហឹង ដោយថា រឿងនោះគឺជាការមួលបង្កាច់ ធ្វើឲ្យមានការយល់ច្រឡំមកលើហាងរបស់នាងដ៏ធ្ងន់ធ្ងរ ដែលមិនអាចទទួលបានឡើយ។

ឆ័យលី ដាឡែន អះអាងថា ”តាមពិត ហាង ”អយស្ទើរ ហៅស៍” នោះ ជាហាងរបស់ប្អូនស្រីខ្ញុំទេ! ខ្ញុំសូមសរសើរដល់អ្នកតាមឈ្នានីសគេ ពូកែរិះរកគ្រប់វិធី មុននឹងសរសេរថា គេគ្មានអនាម័យសូមសួរម្ចាស់ហាងផង ការរិះគន់ក្នុងន័យស្ថាបនា មិនមែនជាន់ពន្លិចទេ ហើយមួយទៀតពីបញ្ហាកកស្ទះចរាចរណ៍ សុំសួរមួយចុះ ពេលហាងបិទទ្វាមួយរយៈ ហើយឡានចតនៅហ្នឹងច្រើន មិនថាពេលល្ងាចទេ គឺពេលព្រឹកនិងពេលថ្ងៃ ធ្វើឲ្យកកស្ទះអាហ្នឹងម៉េចវិញ សូមជួយបកស្រាយ ថាមិនចង់និយាយទេ យូរៗទៅបើកហាងរកស៊ី ទើសរហូតអញ្ចឹង តើឲ្យប្រជាពលរដ្ឋមានអីរក?”។

ដោយឡែក អ្នកនាងលី ទីភ័ស្ដ ដែលជាប្អូនស្រីឆ័យលី ដាឡែន និងជាម្ចាស់ហាងអយស្ទើរ ហៅស៍ បានឲ្យដឹងដែរថា ហាងនេះអ្នកនាងបើកលក់រយៈពេល៨ឆ្នាំមកហើយ ដោយមានការគាំទ្រច្រើនពីអតិថិជន។

អ្នកនាងថា ការផុសរូបភាពថ្មីៗនេះ គឺគ្រាន់តែជារូបភាពមួយជ្រុងតូចដែលពួកគាត់មិនបានដឹងពីមូលហេតុពិតប្រាកដ។ តាមពិតវាជារូបភាពរបស់ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ដែលបានប្រមូលសំរាមហើយកំពប់សំរាម និងទម្លាក់ធុងសំរាមចោលពេញដី ទើបមានការយល់ច្រឡំថា ហាងនាងមិនបានសម្អាតសំរាមបានល្អ។ ម្យ៉ាងទៀតរាល់លើកគាត់មកយកសំរាមនៅម៉ោង២យប់ ប៉ុន្តែថ្ងៃនោះគាត់មកយកនៅម៉ោង៩ព្រឹកទៅវិញ។

អ្នកនាងលី ទីភ័ស្ដ បន្ថែមថា ចំពោះទឹកស្អុយដែលកំពប់នៅមុខហាងនោះ គឺដោយសារឡានសំរាមគាត់បង្ហូរទឹកស្អុយចូលលូ ព្រោះទីនោះមានលូ ធ្វើឲ្យបងប្អូនមានការយលល់ច្រឡំដោយសាររូបភាពនោះ គាត់ថតយកតែមួយជ្រុង នាំការប្រមូលសំរាមរញ៉េរញ៉ៃ គាត់មិនបានថតនៅពេលដែលយើងលាង និងយកសំរាមទុកដាក់ត្រឹមត្រូវនោះទេ។ ខ្ញុំសូមកុំឲ្យបងប្អូននិងអតិថិជនមានការយល់ច្រលំ ព្រោះបើហាងយើងមិនស្អាត គ្មានអនាម័យមែន នឹងមិនមានអថិជនគាំទ្ររហូតមកដល់ពេលនេះទេ៕