តារាចម្រៀងនិងសម្ដែង នៅ ដាណា ដែលធ្លាប់តែចេញបទចម្រៀង Original Songs នោះ ស្រាប់តែងាកមកច្រៀងកែច្នៃបទរបស់អៀកឡង់ ដែលមានអាយុកាល៥០០ឆ្នាំទៅហើយនោះ មកបញ្ចូលជាភ្លេងខ្មែរ ធ្វើឲ្យសំនៀងរបស់នាងប្លែកជាងលើកមុនៗ ខណៈពេលនេះនាងលេចមុខនៅក្រុមហ៊ុនផលិតចម្រៀងមួយ។

ទោះជាយ៉ាងណា ដាណា មិនហ៊ានរំពឹងថា បទចម្រៀងដែលមានចំណងជើងថា ”ការលាចុងក្រោយ” មួយនេះ នឹងទទួលបានការចាប់អារម្មណ៍ប៉ុនណាពីទស្សនិកជនទេ ប៉ុន្តែសម្រាប់រូបនាងផ្ទាល់ ពេញចិត្តនិងស្រលាញ់បទចម្រៀងមួយនេះ។

នៅ ដាណា វាចាថា ”ខ្ញុំបានយកបទរបស់អៀកឡង់ ដែលមានអាយុកាលជាង៥០០ឆ្នាំទៅហើយ មកបកប្រែ និងកែប៉ារូលថ្មី ហើយមានបញ្ចូលភ្លេងខ្មែរ ដើម្បីឲ្យប្លែក។ នេះជាបទថ្មីមួយទៀតសម្រាប់ខ្ញុំ ព្រោះកន្លងមកខ្ញុំធ្លាប់ធ្វើបទ Original Songs ខ្លួនឯង ប៉ុន្តែឥឡូវខ្ញុំមកចូលក្រុមហ៊ុនមួយដែលមិនមែនជាផលិតកម្មទេ តែគេធ្វើបទចម្រៀងដែរ ហើយខ្ញុំបានធ្វើបទមួយនេះឡើង”។

បទ ”ការលាចុងក្រោយ” របស់នៅ ដាណា ចេញនៅក្រុមហ៊ុន 208 Entertainment Media ខណៈដែលកន្លងមកក្រុមហ៊ុននេះធ្លាប់ធ្វើបទចម្រៀងអរិយធម៌ខ្មែរ និងឥណ្ឌា បញ្ចូលគ្នា ប៉ុន្តែពេលនេះបានធ្វើបទដ៏ល្បីល្បាញរបស់អៀកឡង់ មកប្រែឲ្យដាណា ច្រៀងម្ដង ដើម្បីឲ្យប្លែក។

ក្រៅពីអាជីពចម្រៀង នៅ ដាណា ជាតារាសម្ដែងភាពយន្ដដ៏លេចធ្លោម្នាក់ ពិសេសរឿង ”នាឡិកា” របស់ផលិតកម្ម LD និងរឿងភាគជាច្រើនទៀតរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥។

តារាចម្រៀងរូបនេះមិនមែននៅក្រមុំឡើយ ព្រោះនាងមានកូនដល់ទៅ២នាក់ ប៉ុន្ដែដាណា មិនដែលបង្ហាញមុខមាត់ស្វាមីថា ជាអ្នកណាទេ គ្រាន់តែបង្ហើបថា មិនមែនជាអ្នកសិល្បៈដូចគ្នា ទើបធ្វើឲ្យរឿងស្នេហារបស់នាងនៅតែអាថ៌កំបាំងជាយូរឆ្នាំមកហើយ៕