Thursday, July 17, 2025
Homeព័ត៌មានជាតិទីបំផុត ស្ត្រីជាប្រពន្ធដើម ត្រូវតុលាការឲ្យត្រឡប់ទៅផ្ទះវិញ មើលថែទាំកូនហើយ

ទីបំផុត ស្ត្រីជាប្រពន្ធដើម ត្រូវតុលាការឲ្យត្រឡប់ទៅផ្ទះវិញ មើលថែទាំកូនហើយ

ខេត្តកណ្តាល ៖ រឿងរ៉ាវចម្រូងចម្រាសរវាងប្តីប្រពន្ធ១គូ ដែលរស់នៅមិនចុះសម្រុងគ្នាឈានដល់ការបែកបាក់ ហើយបុរសជាប្តីបានរៀបការប្រពន្ធថ្មី តែត្រូវភាគីប្រពន្ធដើមដឹង ដឹកដៃកូនតាមរករឿង អុកឡុកផ្អើលពេញមុខរោងការ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ នៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ហើយត្រូវបានបុរសជាអតីតប្តី និងស្ត្រីជាប្រពន្ធក្រោយ ប្តឹង អតីតប្រពន្ធដើម រហូតតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន បន្សល់ទុកកូនប្រុសតូចម្នាក់ រស់នៅ កំព្រាគ្មានម្តាយមើលថែនោះ ពេលនេះបានរួចផុតពីការជាប់ទោសទណ្ឌ ដោយសារតែចៅក្រមអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញហើយ ។

យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បាប្រាប់អ្នកសារព័ត៌មានថា “ករណី​ ឈ្មោះ​ហុក​ ស្រី​ណុច​ ដែល​សមត្ថកិច្ច​នាំខ្លួនតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ នួន​ វណ្ណៈ​ ត្រូវ​បានចៅក្រម​អនុញ្ញាតិអោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តាំង​ពី​ព្រឹក​ម្ល៉េះ​ បន្ទាប់​ពី​សាកសួររួចហេីយ​ ចៅក្រម​មិនបានឃុំខ្លួនទេ​ តែបានដាក់​ឈ្មោះ​ហុក​ ស្រី​ណុច​ ឲ្យ​ស្ថិតនៅក្រោមការត្រួតពិនិត្យ​របស់​តុលាការ​ ។ មូលហេតុ​ដែល​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ ព្រោះ​តែ​ឈ្មោះ​ ហុក​ ស្រី​ណុច​ មិនព្រម​ចូល​ខ្លួន​មកបំភ្លឺ​តុលាការ​តាមការកោះហៅ​”។

គួរបញ្ជាក់ថា ករណីចាប់ខ្លួនស្ត្រីជាអតីតប្រពន្ធដើម តាមដីកាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចស្តង់លក់ត្រីមួយកន្លែង ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ក្រោមការចោទប្រកាន់ពីបទរំលោភ លើលំនៅឋាននិងបរិហារកេរ្តិ៍ជាសាធារណៈ។

ស្ត្រីជាអតីតប្រពន្ធដើម មានឈ្មោះហុក ស្រីណុច អាយុ២៧ឆ្នាំ មុខរបរលក់ត្រី មានលំនៅក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។ ចំណែកភាគីដើមបណ្តឹង មានឈ្មោះទេស ស្រីនាង អាយុ៣៥ មានលំនៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មានប្តីឈ្មោះលី ច្រាយ ២៩ឆ្នាំ ត្រូវជាអតីតប្តីរបស់ជនត្រូវចោទ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្ត្រីត្រូវចោទឈ្មោះហុក ស្រីណុច ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ចុះអនុវត្តដីកាចាប់ខ្លួនកាលព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលដែលស្ត្រីរូបនោះ កំពុងអង្គុយលក់ត្រី នៅចំណុចស្តង់លក់ត្រីមួយកន្លែង ស្ថិតក្នុងភូមិរកាខ្ពស់ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដើម្បីបានប្រាក់ចិញ្ចឹមកូននិងដោះបំណុលគេ។

ប្រភពដដែល បន្តថា ការឃាត់ខ្លួនស្ត្រីឈ្មោះហុក ស្រីណុច នេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ៨០២ដប.នខ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោកជួន វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។ លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ច ២រថយន្ត មានគ្នា៨នាក់ បានចុះទៅឃាត់ខ្លួននៅចំណុចភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទរំលោភលើលំនៅឋាននិងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រោយឃាត់ខ្លួនស្ត្រីខាងលើ ត្រូវបាន បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធខេត្ត កណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។

នាងហុក ស្រីណុច

គួររំលឹកថា កាលពីព្រឹកព្រលឹម ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចមុខរោងការមួយកន្លែង ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដោយស្ត្រីឈ្មោះហុក ស្រីណុច បានដឹកដៃកូនប្រុសតូចរបស់ខ្លួនចូលទៅអុកឡុកពិធីមង្គលការរវាងកូនកំលោះឈ្មោះលី ច្រាយ និងកូនក្រមុំឈ្មោះទេស ស្រីនាង។

តាមសម្តីភាគីស្ត្រីជាប្រពន្ធដើម បានរៀបរាប់ប្រាប់ថា រវាងនាងនិងប្តី ឈ្មោះលី ច្រាយ បានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធច្រើនឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសម្នាក់អាយុ៦ឆ្នាំ ជាចំណងនិស្ស័យ។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ប្តីនាងមិនធ្លាប់ប្រើប្រាស់អំពើហិង្សាធ្វើបាបរាងកាយនាងនោះទេ តែប្តីនេះតែងធ្វើបាបចិត្តនាងជារឿយៗ តាមរយៈការមានស្រីញី មិនសូវជួយរកស៊ី ជាហេតុធ្វើឱ្យ ជីវិតគ្រួសារចេះតែជួបរឿងរកាំរកូសមិនឈប់ រហូតឈានដល់ធ្លាប់ចែកផ្លូវគ្នាម្តងរួចមកហើយ ដោយបានផ្តិតមេដៃលែងលះគ្នាត្រឹមសាលាឃុំ កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅ។

លោកលី ច្រាយ

បន្ទាប់ពីលែងលះគ្នារួចមក ប្តីរបស់នាងបានតាមអង្វរលួងលោមសុំជានាជាមួយនាងវិញ រហូតដល់ នាងទន់ចិត្ត ក៏យល់ព្រមរួមរស់ជាប្តីប្រពន្ធបន្តទៀត ដោយបាននាំគ្នាទៅសាលាឃុំ សុំដកលិខិតផ្តិតមេដៃលែងលះគ្នាមកវិញ ហើយពេលយកមកនោះ នាងបានយក១សន្លឹក មកហែកចោល។ ចំណែកប្តីនាងបានរក្សាទុករហូត ឯនាងក៏មិនបានចាប់អារម្មណ៍អ្វីដែរ។

ស្ត្រីជាប្រពន្ធដើម បន្តថា នៅពេលត្រូវរ៉ូវគ្នាម្តងទៀតនេះ ប្តីនាងនៅតែមិនចោលចរិតខិលខូចរឿងស្រីញី ដោយចេះតែដើរចោលផ្ទះទៅជួបស្រីញីមិនឈប់ ចំណែករបររកស៊ីទិញត្រី ក៏ប្តីមិនរវីរវល់ជួយនាងសោះ។ ក្រោយមកប្តីនាងក៏បែកគំនិតនាំស្រី (ប្រពន្ធចុង) ទៅជួបនាងដល់កន្លែងយឿត្រី ទៀតផង លុះមិនបានប៉ុន្មាន ប្តីនាងក៏បានចុះចោលផ្ទះចោលប្រពន្ធកូនបាត់ ដោយយករថយន្តតាកូម៉ា ១គ្រឿង ទៅជាមួយផង។

ស្រាប់តែមិនបានប៉ុន្មាន នាងក៏ទទួលបានដំណឹងថា ប្តីបានស្នើសុំសំបុត្ររៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំគេម្នាក់ ដោយទៅប្រាប់ចៅសង្កាត់ ថាខ្លួនពោះម៉ាយ និងមានលិខិតបញ្ជាក់ពីសាលាឃុំកំណើត ដោយយោងលើលិខិតលែងលះដែលប្តីបានរក្សាទុកនោះ ទើបខាងមន្ត្រីអត្រានុកូលដ្ឋាន បញ្ជាក់ថា ប្តីរបស់នាងនៅពោះម៉ាយ និងមានសិទ្ធិមករៀបការជាមួយប្រពន្ធថ្មីតែម្តង។

លោកលី ច្រាយ និងប្រពន្ធទី២ ទេស ស្រីនាង

ស្ត្រីជាប្រពន្ធដើម បានបញ្ជាក់ថា បន្ទាប់ពីដឹងច្បាស់ពីពេលវេលា និងទីតាំងដែលប្តីបានរៀបការ ទើបកាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាល្ងាចថ្ងៃសូត្រមន្តចូលរោងការ នាងបានមកជួបប្តីដើម្បីរកដំណោះស្រាយស្ងាត់ៗដែរ តែប្តីមិនព្រម។ ចំណែកស្ត្រីជាកូនក្រមុំវិញ បានបោះសម្តីថា គេគ្មានអីដោះស្រាយជាមួយទេ គេការត្រឹមត្រូវតាមផ្លូវច្បាប់អស់ហើយ ចង់ដោះស្រាយ មានតែធ្វើតាមផ្លូវច្បាប់ទៅចុះ ហើយបើមិនសុខចិត្តទេ ស្អែកនេះពួកគេចូលរោងការ ចង់មកអុកឡុកអីក៏មកទៅ ទើបធ្វើឱ្យនាងទ្រាំមិនបាន ក៏នាំបងប្អូនមកដល់មុខរោងការទាំងព្រឹកតែម្តង ខណៈដែលកូន កំលោះក្រមុំកំពុងហែជំនូន។

តាមការអះអាងរបស់ស្ត្រីជាប្រពន្ធដើម អ្វីដែលនាងចង់បាននៅពេលនោះ មិនមែនចង់បានប្តីទៅរួមរស់ជុំគ្នាវិញនោះទេ គ្រាន់តែចង់ឱ្យប្តីដោះស្រាយលែងលះជាមួយនាងឱ្យបានដាច់ស្រេច និងត្រូវជួយសងបំណុលដែលធ្លាប់បានខ្ចីរួមគ្នា យកមករកស៊ីទិញលក់ត្រីចំនួនជាង១០០លានរៀល និងជាង១ម៉ឺនដុល្លារ ហើយស្នើសុំយករថយន្តតាកូម៉ា១គ្រឿងនោះ ត្រឡប់មកវិញ ដើម្បីជាមធ្យោបាយ សម្រាប់នាងរកស៊ីចិញ្ចឹមកូន ហើយចង់ប្តីទៅរៀបការជាមួយប្រពន្ធប៉ុន្មាននាក់ទៀត ក៏នាងមិនខ្វល់ ដែរ។

ដោយឡែក ភាគីបុរសជាកូនកំលោះ ឈ្មោះលី ច្រាយ បានបកស្រាយនៅពេលនោះថា រវាងគាត់ និងស្ត្រីឈ្មោះហុក ស្រីណុច ធ្លាប់ជាប្តីប្រពន្ធនឹងគ្នាមែន ប៉ុន្តែបានលែងលះគ្នាដាច់ស្រេចតាមផ្លូវច្បាប់អស់ទៅហើយ នៅចំពោះមុខអាជ្ញាធរឃុំត្រើយស្លា ស្រុកស្អាង។ ជាក់ស្តែង គាត់មានភ័ស្តុតាងលិខិតលែងលះកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ដោយក្នុងកិច្ចសន្យាព្រមព្រៀងនោះ គាត់ជាប្តី បានយល់ព្រមលែងលះ និងបើកផ្លូវឱ្យភាគីស្ត្រី ឈ្មោះហុក ស្រីណុច មានគូស្រករ សាងជីវិតថ្មី ជាមួយអ្នកណាក៏បាន និងបានប្រគល់កូនប្រុសម្នាក់ឱ្យភាគីស្ត្រីឈ្មោះហុក ស្រីណុច ជាអ្នក ចិញ្ចឹមមើលថែទៀតផង។

ស្ត្តីជាប្រពន្ធដើម និងអតីតប្តី ក្នុងថ្ងៃរៀបការ

មិនតែប៉ុណ្ណោះ នៅក្នុងកិច្ចសន្យាខាងលើនោះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ភាគីស្ត្រីឈ្មោះហុក ស្រីណុច យល់ព្រមទទួលរ៉ាប់រងលើបំណុលដែលខ្ចីឯកជនទាំងស្រុង ដោយមិនឱ្យគាត់ជាប្តីទទួលដឹងឮ ឬពិបាកជាមួយឡើយ ហើយក៏សន្យាថា មិនបង្កទំនាស់ ឬរឿងរ៉ាវផ្សេងៗជាមួយគាត់ឡើយ ប្រសិនបើ ថ្ងៃក្រោយភាគីណាមួយមិនគោរពតាមកិច្ចសន្យាខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់។

ដោយឡែក ភាគីកូនក្រមុំ ក៏បានបញ្ជាក់នៅពេលនោះថា មុននឹងនាងរៀបចំពិធីមង្គលការនេះ គឺនាងបានសុំច្បាប់ទម្លាប់ត្រឹមត្រូវ ទើបហ៊ានរៀបការ។ អនាគតប្តីរបស់នាងនេះ គឺមានលិខិតលែងលះ ក្រដាសស្នាមបញ្ជាក់ពីភាពពោះម៉ាយត្រឹមត្រូវដែរ។ ចំណែកប្រពន្ធដើម មានអេតាស៊ីវិលឬអត់? ហេតុអ្វីបានជាមកបំផ្លាញពិធីមង្គលរបស់នាងបែបនេះ? ហើយពិធីនេះគឺចំណាយអស់មិនតិចទេ។ ចំណែកកិត្តិយសនាងក៏ធំធេងដែរ ព្រោះនាងស្រលាញ់កិត្តិយសណាស់ ហេតុនេះនាងសម្រេចចិត្តដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តតាមផ្លូវច្បាប់៕

RELATED ARTICLES