ខេត្តបាត់ដំបង ៖ បុរសម្នាក់បន្ទាប់ពីត្រូវស្ត្រីជាប្រពន្ធរត់ចោលទៅតាមប្រុសថ្មីបាត់ ដោយអត់ការងារធ្វើដើម្បីចិញ្ចឹមកូនតូច ក៏នាំកូនប្រុសជិះកង់ពីភ្នំពេញ ទៅបាត់ដំបង ដើម្បីស្វែងរកការងារធ្វើ តែតាមផ្លូវដោយអត់លុយទិញបាយហូប ក៏លក់កង់ខានជិះទៀត រួចបន្តដំណើរដោយថ្មើរជើងពីរនាក់កូនតូច សំណាងល្អបានជួបអ្នកមានចិត្តធម៌ឲ្យជិះរថយន្តទៅដល់ខេត្តបាត់ដំបង ព្រមទាំងផ្តល់ប្រាក់១០ម៉ឺន សម្រាប់ទិញបាយហូបជាមួយកូន ទម្រាំរកបានការងារធ្វើ។

បុរសដែលត្រូវប្រពន្ធរត់ចោល ដឹកដៃកូនដើររកការងារធ្វើតាំងពីរាជធានីភ្នំពេញ ទៅដល់ខេត្តបាត់ដំបង នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណជាង៣០ឆ្នាំ មានកូនប្រុសម្នាក់អាយុប្រមាណ៩ឆ្នាំ ។

តាមប្រភពបុរសម្នាក់ មុខរបរជាមន្ត្រីយោធា ដែលបានជួយដឹកបុរសជាឪពុកនិងកូន ខាងលើ ថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភផងនោះ បានឲ្យដឹងថា បុរសខាងលើ ដំបូងបានធ្វើដំណើរចេញពីរាជធានីភ្នំពេញ ដោយជិះកង់ដឹកកូនប្រុសម្នាក់តាមផ្លូវជាតិលេខ៥ បំណងទៅកាន់ខេត្តបាត់ដំបង ដើម្បីស្វែងរកការងារធ្វើ ក្រោយពីប្រពន្ធរបស់គាត់ បានរត់តាមប្រុសថ្មីបាត់ តែពេលធ្វើដំណើរតាមផ្លូវ ដោយអត់លុយទិញបាយទឹកឲ្យកូនហូប គាត់ក៏បានលក់កង់ខានជិះទៅ រួចក៏បន្តដំណើរទៅមុខដោយថ្មើរជើង ជាចៃដន្យ ពេលគាត់បើករថយន្តកាត់ បានឃើញពីនាក់ឪពុកកូនឱបបង្វេចខោអាវ ដើរនៅចិញ្ចើមផ្លូវ មានការសង្ស័យ ការឃាត់សួរនាំ ទើបដឹងរឿងក៏ជួយដឹកទៅដល់គោលដៅតែម្តង។

បុរសចិត្តធម៌ខាងលើ បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “១៣/១១/២០២០ ខ្ញុំបានជួបឪពុកនិងកូនពីរនាក់ គាត់បានធ្វើដំណើរពីភ្នំពេញមកបាត់ដំបង ដោយកង់ តែតាមផ្លូវអត់លុយ គាត់បានលក់កង់ហ្នឹងទៅ ហើយដើរតាមផ្លូវរហូតដល់បាត់ដំបង ដើម្បីរកកាងារធ្វើ ហើយគាត់ក៏គ្មានផ្ទះសំបែងអីដែរ ។ ចំណែកប្រពន្ធរបស់គាត់ក៏មានប្រុសថ្មីបាត់ហើយ។

ខ្ញុំគ្មានអ្វីជួនគាត់ច្រើនទេ មានតែថវិកា ១០០ ០០០៛ និងស្បៀងបន្តិចបន្តួច ហើយក៏បានជួនគាត់ទៅបេនឡាន ដើម្បីឲ្យគាត់ទៅស្វែងរកងារធ្វើបន្ត បើបងប្អូនបានជួបគាត់ សូមជួយគាត់ផង”៕