Wednesday, July 16, 2025
Homeព័ត៌មានជាតិកូនអ្នកខេត្តព្រៃវែង លោកឌី សាវុទ្ធី ចំណាយ១២ម៉ឺនដុល្លារ បើកហាងនៅភ្នំពេញ

កូនអ្នកខេត្តព្រៃវែង លោកឌី សាវុទ្ធី ចំណាយ១២ម៉ឺនដុល្លារ បើកហាងនៅភ្នំពេញ

លោកឌី សាវុទ្ធី អាយុ៤១ឆ្នាំ ជាអាណិកជនខ្មែរ ដែលរស់នៅអាមេរិក ៤០ឆ្នាំ រៀនជំនាញចុងភៅនៅរដ្ឋកាលីហ្វ័រញ៉ា និងបានចាប់អាជីពមួយនេះ រយៈពេល១៨ឆ្នាំមកហើយ ដោយលោកថែមទាំងធ្លាប់ទៅធ្វើជាចុងភៅនៅប្រទេសអ៊ីតាលី ២ឆ្នាំទៀតផង។

ប៉ុន្ដែកាលពីខែមិថុនា ឆ្នាំ២០២០ លោកសាវុទ្ធី បានមកប្រទេសកម្ពុជា វិញ ដោយបានបើកហាងមួយ ឈ្មោះផេស៊ីហ្វិក ប៉ាស្ដា (Pacific Pasta) នៅមជ្ឈមណ្ឌល ខាលែនឌែលម៉ល យូនីត ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចំណាយទុនអស់១២ម៉ឺនដុល្លារ។

កូនអ្នកខេត្តព្រៃវែង រូបនេះ បានឲ្យដឹងថា ហាងនេះធ្វើម្ហូបមានរសជាតិមកពីអ៊ីតាលី ១០០% តែម្ដង ហេតុនេះហើយអតិថិជនដែលមិនបានទៅញាំអាហារនៅប្រទេសអ៊ីតាលី អាចមកហាងរបស់លោក ដូចបានទៅញាំអាហារនៅអ៊ីតាលីដែរ។ លោកថា តាមរយៈការដំណើរការជាង៤ខែនេះ ភ្ញៀវដែលចូលមកពិសាអាហារនៅហាងរបស់លោក គឺជាជនខ្មែរ ៩៥% ហើយតម្លៃម្ហូបចាប់ពី៣ទៅ២០ដុល្លារ មុខម្ហូបមានជាច្រើនប្រភេទ ដូចជា ស៊ីសារសាឡាត់, ភីហ្សាសាល់ម៉ុនទំពាំងបាយជូ, សាច់គោចំឡកក្នុង, មាន់អាំង, ប៊ូកាធីនី, ស្ពេហ្គេទី, ខ្ទឹមសម្ទេស, ផាផាដេលី, ភេននេ, ស្ពាហ្គេទី គ្រឿងសមុទ្រ, រ៉ាដេទ័រ, ពូតានីស្ការ,​សាឡាត់ត្រកួន, សាច់ត្រីសាលម៉ុន សាឡាត់គ្រប់មុខ, ឈីសទឹកដោះក្របី, សាច់ក្រកអ៊ីតាលី ៣រសជាតិ, ប៉ាស៊ីហ្វិកអយស្ទើរ៦គ្រាប់, ភីហ្សាប្រហិតសាច់ជ្រូកជាមួយប្រហិតហិល, ភីហ្សាបន្លែរ, គ្រឿងសមុទ្រក្រឡុក, សាច់ចៀមជាប់ឆ្អឹងជំនី, ជាដើម។

លោកសាវុទ្ធី បន្តថា បានចេះជំនាញធ្វើម្ហូបជាច្រើនមុខ ប៉ុន្ដែមុខម្ហូបដែលលោកពេញចិត្តជាងគេ គឺជាម្ហូបអ៊ីតាលីនេះតែម្ដង ហើយនៅពេលខាងមុខ លោកចង់បង្កើតហាងរបៀបនេះឲ្យបាន២ទៅ៣សាខាបន្ថែមទៀត។ ប៉ុន្ដែលោកក៏ចង់ចង់បង្កើតហាងភីហ្សា និងម្ហូបបារាំងផងដែរ។

លោកថៅកែនៅលីវរូបនេះ បានឲ្យដឹងថា លោកបានសម្រេចចិត្តមករស់នៅស្រុកខ្មែរ វិញ ជាអចិន្ត្រៃយ៍ហើយ តែអាចចុះឡើងទៅលេងអាមេរិក ម្ដងម្កាលប៉ុណ្ណោះ។ លោកថា សូមឲ្យបងប្អូនអញ្ជើញទៅភ្លក្សរសជាតិម្ហូបនៅហាងរបស់លោក ក៏ដូចជាជួយគាំទ្រស្នាដៃចុងភៅកូនខ្មែរ មកពីខេត្តព្រៃវែង ដែលបានសម្រេចចិត្តមករស់នៅស្រុកកំណើតវិញ ហើយនាំយកចំណេះ និងជំនាញធ្វើម្ហួបអ៊ីតាលី មកដល់រាជធានីភ្នំពេញ នេះ៕

RELATED ARTICLES