Saturday, September 20, 2025
Homeព័ត៌មានជាតិកូនស្រីទោល ឪស្រឡាញ់ទុករំលោភ        

កូនស្រីទោល ឪស្រឡាញ់ទុករំលោភ        

ភ្នំពេញ ៖ តាមប្រភពលោកស្រី ម៉ម សុម៉ាលី នាយិកាអង្គការអាហ្វេស៊ីបកម្ពុជា (Afesip Cambodia) បានឲ្យដឹងដោយ ក្តីសង្វេគថា ក្មេងស្រីម្នាក់ ជាកូនស្រីទោលក្នុងគ្រួសារ ឪពុកបង្កើតស្រឡាញ់ថ្នាក់ថ្នមហួងហែងយ៉ាងខ្លាំង មិនឲ្យខ្ញុំចេញ ក្រៅផ្ទះ ឬរាប់អានអ្នកណាទេ ធ្វើឲ្យកូនស្រីគិតថា ខ្លួនសំណាង បានឪពុកស្រឡាញ់ថ្នមថែបែបនេះ ប៉ុន្តែនៅពេលនាងធំ ឡើង បែរជាជួបរឿងឈឺចាប់ ទាំងផ្លូវកាយនិងចិត្ត រហូតធ្លាក់ខ្លួនឈឺដោយជំងឺផ្លូវចិត្ត នៅពេលឪពុកបង្កើតបាន បង្ហាញ សារ ជាតិពិតថា ការស្រឡាញ់ថ្នាក់ថ្នម ហួងហែងយ៉ាងខ្លាំងរបស់គាត់នោះ ការពិតគឺទុកនាងជាទាសីតណ្ហារបស់គាត់សោះ​ ដោយឪពុកតិរច្ឆាន បានចាប់រំលោភសេពសន្ថវ:លើរូបនាងសឹងតែរាល់ថ្ងៃ ខណ:ម្តាយនាងចេញទៅធ្វើការបាត់ មិនខុស ពីត្រីឆ្តោស៊ីកូនឯង។

លោកស្រីនាយិកាអង្គការអាហ្វេស៊ីបកម្ពុជា បានឲ្យដឹងថា​​ ឆ្លងកាត់ហេតុការណ៍ដ៏ឈឺចាប់នេះ ទើបទោះបីសព្វថ្ងៃក្មេងស្រីរងគ្រោះ ត្រូវបានសង្គ្រោះ មកនៅមណ្ឌលរបស់អង្គការអាហ្វេស៊ីបកម្ពុជា មានសុវត្ថិភាពពីការរំលោភបំពានរបស់ឪពុកតិរច្ឆាននោះហើយក៏ដោយ តែជំងឺផ្លូវចិត្តដ៏សែនធ្ងន់របស់ក្មេងស្រីរងគ្រោះ ពិតជាពិបាកព្យាបាលណាស់ ធ្វើឲ្យលោកស្រីមានក្តីសង្វេគអាណិតអាសូរនាងជាពន់ពេក តែមិនអាចជួយអ្វីបានក្រៅពីការជួយផ្តល់កម្លាំងចិត្ត និងមើលថែទាំ ព្យាបាល ហើយពេលជួបគ្នា មានតែយំជាមួយគ្នាប៉ុណ្ណោះ។

លោកស្រីម៉ម សុម៉ាលី នាយិកាអង្គការអាហ្វេស៊ីបកម្ពុជា បានបង្ហោះក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នូវរូបភាពលោកស្រី ជាមួយក្មេងស្រីរងគ្រោះ​ដែលលោកស្រីបានជួយសង្គ្រោះ រួចផុតពីក្រញាំតណ្ហាឪពុកបង្កើត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាមួយសំណេររៀបរាប់ពីស្ថានភាពរបស់ក្មេងស្រីរងគ្រោះថា «នេះគឺជាជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយ ដែលកុមារីរងគ្រោះ ពិបាកនឹងតស៊ូជាមួយ។ កើតក្នុងគ្រួសារ ជាកូនស្រីទោល ពីតួចៗមក ធ្លាប់តែត្រូវពុកស្រលាញ់ថ្នាក់ថ្នម គិតថា ជីវិតមានក្តីសុខទោះក្រលំបាក ។ ម្តាយនាង ទៅធ្វើការនៅរោងចក្រ មួយថ្ងៃវាល់ល្ងាច នាងត្រូវនៅជាមួយលោកពុកនាង។ នាងថា «ខ្ញុំតែងតែគិតថា ពុកខ្ញុំល្អជាងគេ គាត់ស្រលាញ់ថ្នាក់ថ្នមខ្ញុំ ផ្តល់ភាពកក់ក្តៅឲ្យខ្ញុំ មិនឲ្យខ្ញុំចេញទៅក្រៅ ឬរាប់អានអ្នកណាទេ។ រហូតថ្ងៃមួយ គាត់បានរំលោភខ្ញុំ ហើយគំរាមសម្លាប់ម្តាយខ្ញុំ បើសិនខ្ញុំហ៊ានប្រាប់អ្នកណា។ តាំងពីថ្ងៃនោះមក ខ្ញុំបានស្លាប់បាត់ទៅហើយ គាត់តែងតែមករំលោភខ្ញុំ ខ្ញុំឈឺចាប់ ចង់លេបថ្នាំសម្លាប់ខ្លួន ស្លាប់ឲ្យបាត់ ដើម្បីកុំឲ្យឈឺចាប់ទៀត»។  

អ្នកស្រី ម៉ម សុម៉ាលី សរសេរបន្តថា «ដោយការឈឺចាប់ នាងធ្លាក់ខ្លួនឈឺ ម្តាយបារម្ភតែងតែតេមកដាស់តឿនឲ្យនាងលេបថ្នាំ រហូតដល់នាងទប់កំហឹងមិនជាប់ ហើយប្រាប់ម្តាយថា (ឲ្យខ្ញុំលេបថ្នាំ រស់ដើម្បីអីទៅ បើពុករំលោភខ្ញុំរហូតនោះ?)។

ទោះនាងបានមកនៅមណ្ឌល Afesip Cambodia តែជំងឺដ៏សែនធ្ងន់នេះ ពិតជាពិបាកព្យាបាលណាស់។ កូនអើយកូន ពិតជាឈឺណាស់ កូនស្រីទោលដែលធ្លាប់តែពុកស្រលាញ់ ពេលនេះពុកក៏ជាអ្នកបំផ្លាញ។ ហ៊ឹម! មានតែយំជាមួយគ្នាទេ»។

ជាមួយគ្នានេះ លោកស្រីនាយិកា ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស​ បរិច្ចាគថវិកាតាមសទ្ធា ជួយឧបត្ថម្ភអង្គការអាហ្វេស៊ីបកម្ពុជា ដើម្បីមានលទ្ធភាព បន្តជួយដល់កុមារកម្ពុជា ដែលរងគ្រោះដោយសារការរំលោភបំពាន​ ដូចករណីក្មេងស្រីរងគ្រោះខាងលើ ដែលអង្គការអាហ្វេស៊ីប បានជួយសង្គ្រោះ នាំយកមកព្យាបាល មើលថែ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងមណ្ឌលរបស់អង្គការ ដើម្បីមានមុខរបរចិញ្ចឹមជីវិត សម្រាប់អនាគត។

សប្បុរសជនអាចជួយឧបត្ថម្ភដល់អង្គការអាហ្វេស៊ីបកម្ពុជា (AFESIP CAMBODIA ORGANIZATION) តាមរយ: ៖

ABA Bank : 001981605 ACLEDA Bank : 0001-04-050799-18, FTB Bank : 010-30-060-002959-3, Cambodia Post Bank (CPBank) : 610000000526 (USD) & 610000000534 (Riel), Canadia Bank : 0010005471597 (USD) & 0010005471643 (Riel), វីង (Wing) : 02705889, https://www.afesip.org/donate៕ ​ខៀវទុំ

RELATED ARTICLES