ខេត្តសៀមរាប ៖ អន្ទិតសាន សុជា អតីតព្រះធម្មកថិកល្បី ដែលលាចាកសិក្ខាបទបានជាង២ខែ ភ្ជាប់ពាក្យជា មួយនារីរូបស្រស់ម្នាក់ ជាកូនអ្នកស្រុកសៀមរាប នោះ នឹងត្រូវដឹកដៃគូដណ្តឹង ចូលរោងការ នៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះហើយ ។

យោងតាមលិខិតអញ្ជើញភ្ញៀវកិត្តិយស ចូលរួមពិធីមង្គលការ របស់អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលបាន ចែកជូនភ្ញៀវមិនតិចជាង១០០តុ បានបញ្ជាក់ថា លោកទិប ទុយ និងលោកស្រី អៀង ចែម ជាមាតាបិតាខាង ប្រុស ជាមួយលោកឡៅ ហូន និងលោកស្រី អ៊ុក នើយ ជាមាតាបិតាខាងស្រី មានកិត្តិយស សូមគោរព អញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ចូលរួមចម្រើនជោគជ័យ សិរីសួស្តី ជ័យមង្គល ដល់កូនប្រុសនាម សាន សុជា និងកូនស្រីនាម ឡៅ ដានេ ដែលនឹងរៀបអាពាហ៍ពិពាហ៍ និងពិសាភោជនាហារ នៅថ្ងៃអាទត្យ ៧រោច ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទីព្រឹក នៅសាលមង្គល លំដាប់ថ្មី ផ្លូវក្រវាត់ក្រុង ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ជាក់ថា អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលជាព្រះធម្មកថិកល្បី បានលាចាកសិក្ខាបទ កាលពី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅឯប្រទេសអូស្ត្រាលី ក្រោយពីបានបួសជាព្រះសង្ឃ អស់ពេលដល់ទៅ ៣១ឆ្នាំ ហើយក្នុងអំឡុងពេលបួសនេះ អតីតភិក្ខុនេះ ធ្លាប់បានសុំម្តាយសឹក ដល់ទៅ ៣ដង តែដោយគោរពតាមឱវាទ ក៏ដូចជាដើម្បីបំពេញបំណងម្តាយ ក៏ទ្រាំបន្តបួសរហូតដល់ចុងក្រោយ សុំសឹកលើកទី៣ ទើបម្តាយយល់ព្រម ឲ្យលាចាកសិក្ខាបទ។

បន្ទាប់ពីសឹករួចភ្លាម អន្ទិតសាន សុជា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលចាប្តបន្ទាប់ ជាមួយរូបភាពឱប កៀកកិតជាមួយស្រីៗក្មេង ដែលនាំឲ្យគេសង្ស័យជាគូស្នេហ៍ រហូតមានពាក្យរិះគន់ពីមជ្ឈដ្ឋានមួយចំនួន ជាពិ សេសក្រុមសាវ័កលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រហ្មរក្សា លោកនោះថា សឹកដោយសារតែគ្រប់គ្រងតណ្ហាខ្លួនឯងលែងបាន ឬថាលួចមានស្នេហាតាំងពីនៅគ្រងស្បង់ចីវរ ទើបសម្រេចចិត្តសឹក ជាដើម ។ ប៉ុន្តែទោះបីជាមានការរិះគន់ និងចោទយ៉ាងណា ក៏អន្ទិតសាន សុជា មិនចេញ បកស្រាយបំភ្លឺឡើយ រហូតដល់ប្អូនស្រីបង្កើត បានចេញមុខបំភ្លឺជំនួសបងប្រុសថា ស្រីៗក្មេងដែលឱប កៀកកិត ជាមួយអន្ទិតសាន សុជា ក្រោយពេលសឹក តាំងនោះ សុទ្ធតែជាប្អូនស្រីបង្កើត ទើបមហាជនបានស្ងប់ចិត្ត។ ប៉ុន្តែបន្ទាប់ពីស្ងប់ស្ងាតមួយរយះខ្លី ស្រាប់តែអន្ទិតសាន សុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលសាជាថ្មី ជាមួយ ការរៀបចំពិធីភ្ជាប់ពាក្យជាមួយនារីខ្មែរ នៅប្រទេសអូស្ត្រាលីម្នាក់ ឈ្មោះឡៅ ដានេ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ ក្រោយពីសឹកបានតែជាង២ខែ ហើយដែលនឹងត្រូវដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរ នៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ចុងសប្តាហ៍ក្រោយនេះ៕ ខៀវទុំ
