ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្ម រក្សាលោក និងបានប្រកាសឈប់ធ្វើនយោបាយ គិតតែរឿងពន្យល់ធម៌ដល់សាវ័ករបស់ខ្លួន នៅក្នុងចម្ការ នា ជើងភ្នំគូលែន នោះ បានថ្លែងចំអកឱ្យព្រះសង្ឃធុតង្គ ព្រះធម្មវនវាសី ចន្ទមុនី ចៅអធិការវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ដែលពុទ្ធបរិស័ទផ្អើលជឿភ្លូកទឹកភ្លូកដីថា ជាលោកឪសួងទី២ ទេវតាដើរដីនោះថា ជាទេវតា រុកដីទេ។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ គណនីបណ្តាញសង្គម ហ្វេសប៊ុកមួយ របស់សមាជិក LDP បានបង្ហោះឃ្លីបវី ដេអូដែលលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និយាយពន្យល់ធម៌ដល់សាវ័ក របស់ ខ្លួន នៅក្នុងចម្ការ នាជើងភ្នំគូលែន នោះថា “… អ្ហែងជេរៗៗ អញជេរមែនៗ ប៉ុន្តែព្រោះអ្ហែងជាហេតុនាំឱ្យ អញ ជេរ បើចាក់ចង្កេះអញរហូត ដល់ពេលអញស្រែកយ៉ូយ! ម៉េចអ្ហែងស្រែកយ៉ូយ? អ្ហែងចាក់ចង្កេះ បានអញស្រែក យល់ទេ? អ្ហែងឈប់ចាក់ទៅ អ្ហែងឈប់ជេរទៅ អ្ហែងឈប់ចាក់អញម៉ោ យល់ទេ? អ្ហែងឈប់បោកប្រជាពលរដ្ឋ ទៅអញឈប់ជេរហើយ ហើយមើលអារុកដីនោះ ទេវតារុកដីនោះ យី! អត់មានជួយការគិតដល់ប្រជាពលរដ្ឋអី ម៉ាអឹក ធ្វើតែផ្លិត១ ដើរបក់អ៊ីចឹង ហើយមនុស្សផ្អើលតាមហ្វូងតាមហ្វាយ អ្ហែងគិតមើលទៅ ចុះនរកទេ? ល្ងិតទេ?»។

លោកខឹម វាសនា បន្តថា «សម័យព្រហ្ម ចុះមកបំភ្លឺឡើងវិញហ្នឹង គឺថាមានសព្វមានគ្រប់ អ្ហែងមើលទៅ ស្រុក ខ្មែរ មានសព្វមានគ្រប់ យល់ទេ? ខាងនយោបាយ ខាងអ្នកវិទ្យាសាស្ត្រ គេមិនជឿ ម្តុំគេទៅ គេជិះឡាន ជិះ ម៉ូតូទំនើប គេស្លៀកពាក់ខោអាវហ៊ឺហា ធ្វើដូចថាមែនទែនអ៊ីចឹងទៅណា អាជឿនោះម៉្យាងទៅ អ្ហែងគិតមើលទៅ សម័យពីដើមមក អ្ហែងដែលឃើញយេស៊ូ ចូលស្រុកខ្មែរទេ? អត់ទេ អត់ដែលឃើញយេស៊ូណាចូលស្រុកខ្មែរ ចូលមិនចុះទេ ខ្មែរគិតយល់ពីធម៌ ទៅចូលយេស៊ូ ម៉េច? ឱ្យជឿហ្នុង ចូលមិនចុះទេ ឥឡូវយេស៊ូ ចូលឡើងពេញ ស្រុក តាម ហ្វេសប៊ុក ឃើញគេបង្ហោះយេស៊ូ មកសព្វគ្រប់ ជ្រមុជទឹកជ្រមុជអី ថាយេស៊ូ ទៅយេស៊ូ វប្បធម៌ឆ្កួត វប្បធម៌ជឿ វប្បធម៌ឆ្កួតចូលស្រុកហើយណា រឿងដែលត្រូវគិតបានសោះ រឿងអីទៅត្រូវជឿ គិតយល់សោះ ដែលហៅថាយើងគឺវិញ្ញាណ ដែលហៅថាវិញ្ញាណដឹង គឺវិញ្ញាណគិតហេតុផល ពិគ្រោះហើយយល់ យល់ជា ការដឹងរបស់វិញ្ញាណ ហើយរឿងទាំងអស់ហ្នឹង យល់បានសោះហ្នឹង អ្ហែងម៉េចបានមិនយល់? អ្ហែងមិនប្រើការយល់ អ្ហែងទៅតាមអាទេវតារុកដី បក់ផ្លិតអ៊ីចឹងៗ យី! ប្រជាពលរដ្ឋយើងមានជំនឿខ្លាំងណាស់ ឆ្កួតៗ»។

លោកខឹម វាសនា បន្តទៀតថា «អ្ហែងគ្រាន់តែមើលទៅ កម្ពុជាក្រោម អ្ហែងគិតនឹងទ្វារខួរទៅ ដឹងហីយ ហេតុ អីបានវាបាត់ដីហ្នឹង? វាប្រើពាក្យថា ថែរក្សាឱ្យបានវត្ត ឱ្យបានប្រពៃណី ទំនៀមទម្លាប់ហ្នឹង គឺថានៅឋិត ថេរ ហើយខ្មែរ យើងរក្សាវត្តហ្នឹងឱ្យនៅ យួនវាដឹង វាឱ្យថែរក្សាទៅវត្តហ្នឹង ថែរក្សាទៅ បើអញវិញ អត់ទេ អ្ហែង ចង់កាប់ចោលវត្ត ចង់អីក៏ដោយ ក៏មិនបាត់ដែរ អញពន្យល់យល់ហើយ អាសារជាតិខាងក្នុងបេះដូងនេះ អ្ហែង ជាខ្មែរ អ្ហែងយល់ធម៌ហើយ អ្ហែងទៅវ៉ៃវត្ត វ៉ៃៗទៅ យល់ទេ? ជួយអ្ហែទៀតណោះ ជួយយួនទៀត ពន្យល់ យួនទៀត មនោគមន៍វិជ្ជា LDP មនោគមន៍ខ្មែរ រីកទៅក្រៅ យល់ទេ? ហើយដល់ពេលអាកម្ពុជាក្រោម គេថែ រក្សាវត្ត វប្បធម៌រលំ ជាតិរលាយ អើ! រលាយជាតិអ្ហែងទេ ជាតិអញមិនរលាយទេ ឱ្យតែយល់អាដំណើរធម៌ រស់នៅតាមដំណើរធម៌ អាហ្នុងពូជអ្នកជាហើយ ពូជអ្នកជានៅហើយ នៅដោយសារការយល់តើ មិនមែននៅ ដោយសារវត្តឯណា យល់ទេ? ដល់ពេលអ៊ីចឹង ត្រូវនៅហើយ កម្ពុជាក្រោម វាបាត់ ដោយសារអ៊ីចឹង ដោយ សារភ្លើអ៊ីចឹង តែអញថាភ្លើអ៊ីចឹង យកសម្តីអញទៅស្តាប់ ជេរអញងាប់ កម្ពុជាក្រោមទៀត ប្រហែលពល រដ្ឋខ្មែរកម្ពុជាក្រោម ១២លាននាក់ ស្តាប់យល់មិនដល់ ១០នាក់ផង អ្ហែងគិតទៅ ហើយនិយាយភាសាខ្មែរសោះ ស្តាប់យល់មិនដល់១០នាក់ អ្ហែងគិតទៅ ហើយអាសូរ តែអញហៅមកជឿទៅ អញពន្យល់តើ អ្ហែងយកទៅគិត ទៅ បើអ្ហែងយល់ឃើញថាត្រឹមត្រូវ ចាំអ្ហែងតាមអញ បើអ្ហែងយល់ថាមិនត្រូវ បដិសេធហើយសួរម៉ោ អត់ទេ អ៊ូយ! ខ្ញុំឃើញអាណិតណាស់ យាយៗហ្នឹងគាត់ស្លៀកពាក់ ខំប្រឹងថែរក្សាវប្បធម៌ខ្មែរនោះ ខំប្រឹងស្លៀកពាក់ ហែកឋិន ហែអី កម្ពុជាក្រោមហ្នឹង ថែរក្សាបានជាងយើងកម្ពុជាលើនេះទៀតនោះ…”។

គួរបញ្ជាក់ថា ការថ្លែងចំអករបស់លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំង ខ្លួនជាព្រហ្មរក្សាលោក ខាងលើនេះ បានធ្វើឡើងស្របពេលដែលមានព័ត៌មានច្បាស់ការណ៍ថា ព្រះសង្ឃធុតង្គ ព្រះវនវាសី ចន្ទមុនី ព្រះរាជាគណ:កិត្តិយស ជាព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) នៅខេត្តកំពង់ឆ្នាំង ដែលពុទ្ធបរិស័ទផ្អើលជឿថា ជាលោកឪសួងទី២ ទេវតាដើរដី នាំគ្នាទៅថ្វាយបង្គំសុំពរជ័យ ភ្លូកទឹកភ្លូកដីនោះ គ្រោងនិមន្តមកសម្តែងព្រះធម៌ នៅវត្តឥន្ទបត្តបុរី អង្គរខាងជើង ដែលស្ថិតនៅខាង ជើងប្រា សាទអង្គរវត្ត នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣៕