ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ ជិះម៉ូតូបុកសត្វឆ្កែរត់ឆ្លងផ្លូវ បណ្តាលឱ្យដួលម៉ូតូ រងរបួសធ្ងន់ លុះឪពុកម្តាយដឹក បញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ស្រាប់តែមានគ្រូពេទ្យម្នាក់ បានឆ្លើយថា អត់មានសម្ភារៈសម្រាប់ សង្គ្រោះទេ និងថែមទាំងដេញឱ្យបញ្ជូនទៅកាន់មន្ទីរពេទ្យ ឯរាជធានីភ្នំពេញ ជាហេតុធ្វើឱ្យឪពុកយុវជនរងគ្រោះ សម្តែងនូវការខកចិត្ត និងរិះគន់ថា គ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខ្វះការទទួលខុសត្រូវ គ្មានឆន្ទៈ សង្គ្រោះជីវិតអ្នកជំងឺ។

លោកហុង សុខុម អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ ឈ្មោះជឹម ផាត អាយុ២០ឆ្នាំ កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-5977 ជិះម្នាក់ឯងតាម បណ្តោយផ្លូវលំ ពីទិសខាងកើត ទៅលិច លុះទៅដល់ខាងលិចរង្វង់មូលផ្សារកន្តួត ក៏បានជួបគ្រោះថ្នាក់ចរា ចរណ៍ ដោយបុកសត្វឆ្កែដែលរត់ឆ្លងផ្លូវ បណ្តាលឱ្យដួលម៉ូតូ រងរបួសធ្ងន់។
លោកហុង សុខុម បានបន្តថា ភ្លាមៗនោះគាត់បានយកកូនប្រុសទៅលាងរបួសនៅឱសថស្ថាន ១កន្លែង ម្តុំកន្លែងកើតហេតុ រួចហើយក៏ដឹកបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ស្រាប់តែទៅដល់ ក៏នជួបលោកគ្រូពេទ្យ ២នាក់ ដែលនៅប្រចាំការ ហើយលោកនិងសាច់ញាតិ បានយកកូនប្រុសចូល ស្រាប់ តែលោកគ្រូពេទ្យនិយាយថា មន្ទីរពេទ្យគ្មានសម្ភារៈសង្គ្រោះព្យាបាលកូនរបស់គាត់ទេ ហើយរុញឱ្យបញ្ជូន ទៅមន្ទីរពេទ្យ នៅភ្នំពេញទៅ។ ក្នុងនាមលោកជាឪពុក ពេលឮដូចនោះហើយ បារម្ភពីសុវត្ថិភាព និងអា ការកូនធ្ងន់ធ្ងរថែមទៀតផងនោះ ក៏បានលើកកូនដាក់ក្នុងរថយន្ត ហើយបន្តដំណើរលើផ្លូវល្បឿនលឿន ហើយ ប្រាប់គេថា ខ្ញុំប្រញាប់យកអ្នកជំងឺទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅភ្នំពេញ បើទៅពេទ្យមានសំបុត្របញ្ជាក់ មកបង្ហាញមក ខាងផ្លូវល្បឿនលឿន មិនយកលុយនោះទេ។ ពេលនោះលោកបានតបទៅវិញថា អត់មាន សំបុត្រពីលោកគ្រូពេទ្យបញ្ជាក់ឡើយ ដោយពេទ្យមិនទទួលមើលកូនខ្ញុំនោះទេ យកលុយតម្លៃពេញចុះ។
លោកហុង សុខុម បានបញ្ជាក់បន្ថែមថា ពេលដឹកយកទៅដល់មន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោក សង្ឃ ក្រុមគ្រូពេទ្យ បានសួរនាំថា ហេតុអ្វីចាំបាច់បញ្ជូនមកពេទ្យភ្នំពេញ មិនចូលមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ឱ្យគេព្យាបាល។ លោកឆ្លើយតបថា ពេទ្យគេមិនទទួល មើលទេ ដោយប្រាប់ថាមិនមានសម្ភារៈគ្រប់គ្រាន់។ជាចុងក្រោយ លោកហុង សុខុម សំណូមពរដល់អស់លោកគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មេត្តាជួយ យកចិត្តទុកដាក់ព្យាបាលប្រជាពលរដ្ឋ ដែលកំពុងតែជួបគ្រោះថ្នាក់ផង ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋផង បើទោះបីអស់លុយតិចច្រើនក្តី ប្រជាពលរដ្ឋសុខចិត្តរកលុយជូន កុំទុកអ្នកជំងឺចោលអី។ ប្រជាពលរដ្ឋជឿជាក់ថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ច្បាស់ជាមានសម្ភារៈគ្រប់គ្រាន់ សម្រាប់ព្យាបាលជំងឺ និងសង្គ្រោះប្រជាពលរដ្ឋ ពីព្រោះដោយសារតែថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ជួយមន្ទីរពេទ្យបង្អែកខេត្ត រហូតហើយ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ពលរដ្ឋខាងលើ ថាគ្រូពេទ្យ មិនជួយសង្គ្រោះពលរដ្ឋរងគ្រោះនោះ ប្រធានមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា លោកមិនទាន់ទទួលបានព័ត៌មាននោះទេ ហេតុនេះមិនទាន់ អាចបក ស្រាយអ្វីបានឡើយ។
ដោយឡែកលោកហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងតាមទូរស័ព្ទថា លោកមិនជឿថា មន្ត្រីហ៊ានធ្វើដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេ ពីព្រោះថា នៅក្នុងមន្ទីរពេទ្យ មានអ្នកគ្រប់គ្រងត្រឹម ត្រូវ ហើយប្រសិនបើលោករកឃើញមានរឿងអ៊ីចឹងមែន លោកនឹងដាក់ពិន័យឱ្យរាងចាលម្តង៕