ខេត្តកំពត ៖ ក្មេងស្រីម្នាក់ មានវាសនាអភ័ព្វណាស់ កើតមកក្នុងត្រកូលគ្រួសារទីទ័លក្រ ចំណែកឪពុកម្តាយ បានចេញទៅចុះទូកនៅសមុទ្រ ១ឆ្នាំ ទើបមកផ្ទះម្តង នៅសល់តែរូបនាង និងជីដូនជរាពិការ រស់ទាំងត្រដាប ត្រដួស គ្មានអង្ករសម្រាប់ដាំបាយហូប ទើបនាងតូច ដើរ រើសកួរស្រូវ ដើម្បីយកមកសម្រាប់ដាំបាយ ឬបបរ ឲ្យជីដូនហូប តែពេលខ្លះគ្មានសូម្បីតែអង្ករដាំបាយហូបទៀតផង។

ក្មេងស្រីដែលរើសកួរស្រូវ ដើម្បីចិញ្ចឹមដូនចាស់នេះ មានឈ្មោះ ចេង គន្ធា អាយុ១១ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់។
ក្មេងស្រីអភ័ព្វ ចេង គន្ធា បានរៀបរាប់ប្រាប់ថា ជីវភាពគ្រួសារនាងទីទ័លខ្លាំងបំផុត ហើយឱ្យតែពេលទំនេរ នាងតែងចេញទៅរើសកួរស្រូវ យកមកហាល រែង បុក ទុកដាំបាយ ឬបបរហូប ព្រោះគ្មានលុយទិញ អង្ករដាំ បាយហូប។ ក្នុងនោះនាងត្រូវមើលថែទាំងយាយអាយុ ៨៨ឆ្នាំ ដែលសម្រាន្តតែនៅលើគ្រែ ហើយនាងឆ្លៀត ទៅរៀនសូត្របន្តិចបន្តួចដែរ ដោយឆ្នាំនេះ នាងរៀនថ្នាក់ទី៧ហើយ។ នាងថា ថ្ងៃខ្លះបានអ្នកភូមិឱ្យចំណីអាហារ និងជួនកាលបើអត់ទេ ក៏ត្រូវទៅសន្សំកួរស្រូវ មកទុក ដើម្បីទុកដាំបាយហូប។

ចំពោះសម្លៀកបំពាក់ដែលនាងស្លៀកពាក់ គឺបានពីអ្នកភូមិផ្តល់ឱ្យ ព្រោះនាងគ្មានលទ្ធភាពទិញសម្លៀក បំពាក់ ថ្មីនោះឡើយ ដោយឪពុកម្តាយនាង ទៅធ្វើការនៅឆ្ងាយ គឺចុះសមុទ្រ ហើយរយៈពេល ១ឆ្នាំអី ទើបមកផ្ទះម្តង។ ដូច្នេះនាងត្រូវស្នាក់នៅជាមួយយាយ ក្នុងផ្ទះប្រក់ ស្លឹករហែកធ្លុះធ្លាយ រស់ក្នុងភាពក្រខ្សត់ជាមួយយាយ។នាងតូច ចេង គន្ធា បាបបញ្ជាក់ថា ឱ្យតែពេលទំនេរ ពេលអ្នកភូមិប្រមូលផលស្រូវរួច នាងតែងទៅរើសកួរស្រូវ ដោយរើសម្តង បាន១គីឡូក្រាម ទុកគ្រាន់ដាំបាយ ឬបបរ ឲ្យយាយហូប។

ក្មេងស្រីរូបនេះ បញ្ជាក់ថា ទោះបីលំបាកយ៉ាងណា ក៏នាងតស៊ូប្រឹងប្រែងបន្តការសិក្សា ដោយមិនបោះបង់ ចោលឡើយ៕

