Thursday, July 3, 2025
Homeសង្គម និងជីវិតកើតកូនភ្លោះ៣ ម៉ែគាំងបេះដូងស្លាប់

កើតកូនភ្លោះ៣ ម៉ែគាំងបេះដូងស្លាប់

ខេត្តកំពង់ចាម ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ក្រោយពីមានផ្ទៃពោះ ទៅពិនិត្យអេកូឃើញមានកូនភ្លោះដល់ ទៅ៣នាក់ លុះដោយសារមានជំងឺបេះដូង ប្រចាំកាយផង ទើបមិនហ៊ានសម្រាលដោយធម្មជាតិ ដោយទទួល សេវាវះកាត់សម្រាល ពីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យ កាល់ម៉ែត តែអកុសល ក្រោយពីសម្រាល​កូនភ្លោះ​ទាំង៣ ប្រកបដោយសុវត្ថិភាពហើយ ស្រាប់តែស្ត្រីជាម្តាយ ចាប់ផ្តើមធ្វើទុក្ខ រហូតដល់បាត់បង់ជីវិត​យ៉ាងអា​ណោច​អាធ័ម ទាំងមិនទាន់បានឃើញមុខកូនទាំង៣នៅឡើយ។

ស្ត្រីដែលបាត់បង់ជីវិតក្រោយសម្រាលកូនភ្លោះ៣ មានឈ្មោះសូ សាវ៉ាន អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ​ខាលីនតុន រស់នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ។

ស្ត្រីរងគ្រោះបានសម្រាលកូន ដោយវះកាត់ បានកូនភ្លោះប្រុស៣នាក់ ប្រកបដោយសុវត្ថិភាព នៅឯមន្ទីរពេទ្យ​កាល់ម៉ែត ប៉ុន្តែជាអកុសល ក្រោយពីសម្រាលកូនរួច ស្ត្រីជាម្តាយបានទទួលបាត់បង់ជីវិត ដែលតាមការ​បញ្ជាក់​ពីក្រុមគ្រូពេទ្យជំនាញ គឺស្ត្រីរងគ្រោះ បានបាត់បង់ជីវិតដោយជំងឺបេះដូង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោកសេង ទៀង នាយករងខុទ្ទកាល័យ​សម្តេចនាយករដ្ឋមន្ត្រី បាននាំយកអំណោយរបស់សម្តេចហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រួសារកូនភ្លោះ៣នាក់ខាងលើ។

អំណោយដែលបានផ្តល់ជូនគ្រុមគ្រួសារកូនភ្លោះ៣ខាងលើ រួមមាន ១-អង្ករ ៥០គីឡូក្រាម។ ២-ទឹកដោះគោ ២កេះធំ។ ៣-ក្រមា២ សារុង២។ ៤-ស្ក-សរ ៥គីឡូ និង៥-ថវិកាចំនួន ៥លានរៀល ក្នុងនោះដែលសម្តេចទាំង២ បានចូលបច្ច័យបុណ្យសព ចំនួន២០លានរៀលផងដែរ។

ដោយឡែកសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ្រ ចន្ទមុនី បានចូលបច្ច័យបុណ្យសព ចំនួន២០លានរៀល និងលោកអភិបាលខេត្តកំពង់ចាម ២លានរៀល រដ្ឋបាលស្រុកជើងព្រៃ ២០ម៉ឺនរៀល។ ក្នុងនោះសរុបថវិកាដែលទទួលបាន ចំនួន ៤៧ ២០០ ០០០រៀល៕

RELATED ARTICLES