ខេត្តពោធិ៍សាត់ ៖ លោកភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសហការជាមួយកម្លាំងសមត្ថកិច្ចថ្នាក់ជាតិ (បង្ក្រាបបទល្មើសនេសាទ បឹងទន្លេ សាប) ប្រចាំការនៅកន្លែងអភិរក្សជលផល (ជ្រោយស្តី) និងកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹង ទន្លេសាប បានចុះឃាត់រថយន្ត ១គ្រឿង កំពុងដឹកលៀស ចេញដោយគ្មានលិខិតអនុញ្ញាតពីមន្ត្រីជំនាញដើម្បី យកទៅបន្តនីតិវិធី។

លោកភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ បានឱ្យដឹងថា ការបង្ក្រាបបទល្មើសជលផលនេះ ធ្វើឡើង នៅលើកំណាត់ផ្លូវកៅស៊ូ លេខ៥៤ (មាត់ទឹក) ស្ថិតនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ។លោកនាយផ្នែករដ្ឋបាលជលផល បានបន្តថា ជាលទ្ធផល កម្លាំងជំនាញបានឃាត់រថយន្ត ១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0729 ដឹកលៀសល្អិត (ចំណីសត្វ) ចំនួន៤០០ការ៉ុង ស្មើនឹងទម្ងន់ចំនួន ១៦តោន ដោយគ្មានលិខិតអនុញ្ញាត។

វត្ថុតាង (លៀស) ដែលដកហូតបាន ត្រូវបានចាក់ចូលបឹងទន្លេសាប វិញ។ ចំណែករថយន្ត ត្រូវបានឃាត់ទុក ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

