Wednesday, June 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគោយន្តក្រឡា.../ប់ ស្លា.../ប់១ របួស១៦

គោយន្តក្រឡា…/ប់ ស្លា…/ប់១ របួស១៦

ខេត្តកំពង់ស្ពឺ ៖ គោយន្តកន្ត្រៃ ១គ្រឿង បានដឹកកម្មករបេះផ្លែស្វាយ សរុប១៧នាក់ ធ្វើដំណើរតាមផ្លូវក្នុងល្បឿនលឿន បានរេចង្កូតក្រឡាប់ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកមនុស្ស ១៦នាក់ទៀត រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់គោយន្តកន្ត្រៃនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣៥នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវក្រាលកៅស៊ូ មួយខ្សែ ត្រង់ចំណុចអូរថ្មដំរី ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្ត ១គ្រឿង ម៉ាកគូប៊ូតា ពណ៌ក្រហម សណ្តោងរ៉ឺម៉ក ដឹកកម្មករបេះផ្លែស្វាយ សរុបចំនួន១៧នាក់ (ស្រី១០នាក់) ដែលបើកបរដោយឈ្មោះងួន ទិទិ  ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសហគមន៍ខាងលិច  ឃុំភក្កី  ស្រុកបសេដ្ឋ បានបើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូ មួយខ្សែ ក្នុងទិសដៅពីលិច ទៅកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ គោយន្តកន្ត្រៃបានរេចង្កូតមកខាងស្តាំដៃ ធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ កង ធា ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក ១៦នាក់ទៀត (ស្រី១០នាក់) រងរបួសធ្ងន់-ស្រាល។

ប្រភពដដែល បន្តថា កម្មករដែលរងរបួសធ្ងន់ មានចំនួន៥នាក់ (ស្រី៤) រួមមាន  ទី១-ឈ្មោះសាយ មករា ភេទស្រី អាយុ២៤ឆ្នាំ។ ទី២-ឈ្មោះឈួន កាន ភេទស្រី អាយុ៤៤ឆ្នាំ។ ទី៣-ឈ្មោះសំ ថាវ ភេទស្រី អាយុ៥៦ឆ្នាំ។ ទី៤-ឈ្មោះសន សារិ ភេទប្រុស អាយុ១៨ឆ្នាំ និងទី៥-ឈ្មោះកង ផៃ ភេទស្រី អាយុ៦៣ឆ្នាំ។

ចំណែកអ្នករងរបួសស្រាល មានចំនួន១១នាក់ (ស្រី៦) រួមមាន ទី១-ឈ្មោះញិប និមល ភេទស្រី អាយុ៣០ឆ្នាំ។ ទី២-ឈ្មោះសែម ធីតា ភេទស្រី អាយុ២៦ឆ្នាំ។ ទី៣-ឈ្មោះវ៉ាត ចិន ភេទប្រុស អាយុ៣២ឆ្នាំ។ ទី៤-ឈ្មោះនួន នៅ ភេទប្រុស អាយុ៤៧ឆ្នាំ។ ទី៥-ឈ្មោះរ៉ង ដារ៉ូ ភេទប្រុស អាយុ៣ឆ្នាំ។ ទី៦-ឈ្មោះងួន ឆៃរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ។ ទី៧-ឈ្មោះកង កាន់ ភេទស្រី អាយុ៤៧ឆ្នាំ។ ទី៨-ឈ្មោះសយ ពិសិត ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៩-ឈ្មោះគាំ ស៊ីម ភេទស្រី អាយុ៥២ឆ្នាំ។ ទី១០-ឈ្មោះយ៉ត ធីម ភេទ ស្រី អាយុ៤៥ឆ្នាំ និងទី១១-មិនស្គាល់អត្តសញ្ញាណ។ ជនរងគ្រោះទាំង១៦នាក់ខាងលើ មានលំនៅក្នុងភូមិសហគមន៍ ឃុំភក្តី ស្រុកបសេដ្ឋ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាត់បញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកគោយន្តខាងលើ ត្រូវបានសមត្ថកិច្ច អូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ រង់ចាំដោះស្រាយនៅ ពេលក្រោយ។

ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES