ខេត្តព្រះសីហនុ ៖ រថយន្តទំនើប ១គ្រឿង បើកបរដោយបុរសជនជាតិខ្មែរម្នាក់ និងរួមដំណើរដោយបុរសជនជាតិចិនម្នាក់ កំពុងធ្វើដំណើរនៅលើផ្លូវល្បឿនលឿនសុខៗ លោតចេញសញ្ញាឆេក រួចក៏មានផ្សែងហុយចេញពីផ្នែកខាងមុខរថយន្ត និងធ្វើឱ្យកើតជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យអ្នកបើកបរប្រញាប់អែបឈប់ រួចចុះពីលើរថយន្តភ្លាមៗ ចំណែករថយន្ត ត្រូវភ្លើងឆាបឆេះបំផ្លាញអស់។

ករណីអគ្គិភ័យ ឆេះរថយន្តទំនើបនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៥៣នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវល្បឿនលឿន ស្ថិតត្រង់ចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។

រថយន្តស៊េរីទំនើប ដែលរងការឆាបឆេះ ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 2B-8888 បើកបរដោយឈ្មោះជ័យ រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិរវៀង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ និងមានអ្នករួមដំណើរម្នាក់ ភេទប្រុស ជាជនជាតិចិន។

តាមប្រភពបុរសជាអ្នកបើកបររថយន្ត បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈដែលគាត់បើកបររថយន្តខាងលើ តាមបណ្តោយផ្លូវល្បឿនលឿន មកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តរបស់គាត់ បានលោតចេញសញ្ញាឆេក ហើយក៏មានផ្សែងហុយចេញពីផ្នែកខាងមុខរថយន្តទៀតផង។ ភ្លាមនោះ គាត់ប្រញាប់អែបរថយន្តឈប់ រួចនាំគ្នាចុះពីរថយន្ត ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យរថយន្តទាំងមូល ត្រូវភ្លើងឆេះបំផ្លាញអស់ទាំងស្រុងតែម្តង មុនសមត្ថកិច្ចបានមកដល់។

បន្ទាប់ពីកើតមានករណីអគ្គិភ័យខាងលើ ក្រុមសង្ក្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ចំនួន១គ្រឿង ចុះទៅកាន់ទីតាំងកើតហេតុ និងបានប្រើប្រាស់ទឹកអស់ចំនួន១ឡាន ទើបអាចពន្លត់ភ្លើងឱ្យរលត់ទាំងស្រុង តែរថយន្តខាងលើ ត្រូវភ្លើងឆេះបំផ្លាញអស់ទៅហើយ។
សូមបញ្ជាក់ថា ហេតុការណ៍ខាងលើមិនមានអ្នករងរបួសឬស្លាប់ឡើយ ចំណែកគ្រោងឆ្អឹងរថយន្ត ត្រូវបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕