ភ្នំពេញ ៖ អ្នកមេម៉ាយពេជ្រ សូលីកា បានដឹងខ្លួនច្បាស់ថា ការដែលនាងបណ្ដើរប្រុសម្នាក់ ទៅចូលរួមមង្គល ការរបស់ងួន ចាន់ដេវីត-ទេព បូព្រឹក្ស គឺធ្វើឲ្យគេសង្ស័យច្រើនថា ប្រុសនោះ គឺជាគូស្នេហាថ្មីរបស់ខ្លួន ។ ដើម្បីជម្រះមន្ទិលទាំងឡាយ ទើបថ្មីៗនេះនាងចេញមុខឆ្លើយតបទៅអ្នកតាមដានរឿងស្នេហានាងថា កុំឲ្យសង្ស័យលើនាងច្រើនពេក ខូចក្រេឌីតនាងអស់ហើយ ព្រោះការពិត នាងនៅលីវ (Single) ទេ ។


ការចេញមុខអះអាងរបស់ គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា នាពេលនេះ មិនអាចធ្វើឲ្យស្ងាត់រឿងគេថាបុរសនោះជាគូស្នេហាថ្មីរបស់នាងឡើយ ដោយសារពួកគេល្អូកល្អិនគ្នាខ្លាំងដូចគូស្នេហ៍ ហើយបើមិនច្បាស់លាស់ទេ គេជឿថានាងក៏មិនហ៊ានបង្ហាញមុខរួមគ្នានាពេលនេះដែរ។ Fan របស់ស្រីពេជ្រ ក៏បានសាទរនាងផងដែរ នៅ ពេលដែលឃើញអ្នកមេម៉ាយរូបស្រស់ ចេញសញ្ញារកបានបណ្ដូលចិត្តថ្មី ក្រោយនាងប្រកាសថា បេះដូងរងា និងស្វែងរកភួយសាច់ កាលពីចុងឆ្នាំ២០២៤ ។ ប៉ុន្ដែប្រភពខ្លះថា ការចេញមុខច្រានចោលថា ខ្លួនគ្មានសង្សារថ្មី ដូចគេម៉ៃរបស់ស្រីពេជ្រ នាពេលនេះ ដោយសាតែនាងនៅមានជម្រើសស្នេហាច្រើន ដែលក្នុងនោះក៏មានអ្នក ឧកញ៉ាម្នាក់ តែងតែងបង្អួតរូបភាពស្អិតល្មូតជាមួយនាង លើសពីធម្មតាផងដែរ រហូតមានអ្នកខ្លះហ៊ានចេញមុខខម្មិនថា នាងនិងបុរសទ្រព្យមហាសាលរូបនោះ សមគ្នាទៀតផង បើទោះជាគេដឹងថា បុរសរូបនោះមានប្រពន្ធកូនទៅហើយក្ដី ។

ពេជ្រ សូលីកា បានប្រើជីវិតមេម៉ាយ ជាង២ឆ្នាំមកហើយ ក្រោយចែកផ្លូវអតីតប្ដី លោកគឹម ហាន កាលពីឆ្នាំ២០២២ បន្សល់ចំណងដៃកូនប្រុស១ អាយុជាង៥ឆ្នាំ តែស្រីពេជ្រ ជាមេម៉ាយហាយសូ ពោលគឺមិនមែនធ្លាក់ខ្លួនទេ ព្រោះនាងរស់នៅយ៉ាងហ៊ឺហា ជិះរថយន្ដថ្លៃៗ ដេកខុនដូរប្រណិត គ្មានវិបត្តិសេដ្ឋកិច្ចឡើយ។ ប៉ុន្ដែទាក់ទងប្រុសថ្មីដែលស្រីពេជ្រ ដឹកដៃឡើងចងដៃទេព បូព្រឹក្ស-ងួន ចាន់ដេវីត កាលពីពេលថ្មីៗនេះ គេនៅមិនទាន់ស្គាល់ពីអត្តសញ្ញាណ ឬតួនាទីរបស់បុរសនោះឡើយ ខណៈតារាខ្លះខ្សឹបខ្សៀវគ្នាថា ប្រុសនោះហើយដែលយកយន្ដហោះឯកជន (Private Jet ) ដឹកនាងកម្សាន្ដជាច្រើនប្រទេស កាលពីចុងឆ្នាំ២០២៤ ។

ពេជ្រ សូលីកា ស្ថិតក្នុងចំណោមតារាដែលធ្លាក់ខ្លួនមេម៉ាយ តែនៅមានទីផ្សារសិល្បៈល្អ ដូចគ្នាទៅនឹងពេជ្រ សោភា, កែវ និសា និងសុខ សោម៉ាវត្តី ជាដើម ។ ប៉ុន្តែតាមរយៈការបង្ហាញខ្លួនចុងក្រោយនេះ គេឃើញនាងមានព្រលឹងជាមុន ហើយបើបណ្ដោយឲ្យឡើងគីឡូថែមទៀតនោះ អាចនឹងប្រឈមលែងត្រូវប៉ាន់ជាមិនខាន ខណៈដែលក្រោយមានបទល្បី ២បទ នៅឆ្នាំ២០២៤ ធ្វើឲ្យនាងរកចំណូលពេញមួយឆ្នាំ បានជាង៣០ម៉ឺនដុល្លារ ព្រោះចេញច្រៀងដល់ទៅ ៩៩កម្មវិធីផ្សេងគ្នា តែនៅឆ្នាំ២០២៥ នេះ ស្រីពេជ្រ នៅមិនទាន់មានបទថ្មីៗល្បីដូចមុនទេ ។ តាមព័តមានថា មូលហេតុដែលស្រីពេជ្រ សម្រេចចិត្តបញ្ចេញមុខម្ចាស់ចិត្ត នាពេលនេះ គឺដោយសាតែអតីតប្ដីនាង លោកគឹម ហាន បើកបង្ហាញមុខអនាគតថ្មី និងថត Pre-Wedding ជាចំហទៅហើយ ហេតុនេះបើសិនជាប្រុសនោះចង់ធ្វើឲ្យនាងរំភើប គឺប្រញាប់ដឹកដៃនាងចូលការមុនអតីតប្ដីនាង រឹតតែល្អ ។

សូមបញ្ជាក់ថា ពេជ្រ សូលីកា បានដើរចេញពីហង្សមាស ជាលើកទី២ កាលពីចុងឆ្នាំ២០២៤ ហើយពេលនេះនាងមានក្រុមការងារផលិតបទចម្រៀងផ្ទាល់ខ្លួន ដែលពួកគេមានតួនាទីធ្វើបទចម្រៀងឲ្យត្រូវទៅនឹងសំឡេងរបស់ស្រីពេជ្រ ។ យ៉ាងណា ជិត១ឆ្នាំ ល្បីបានតែ ២បទ មិនទាន់គ្រប់គ្រាន់អាចរក្សាលំនឹងអាជីពចម្រៀងនាងបានទេ ហេតុនេះស្រីពេជ្រ ដែលល្បីដោយសាតែលេងសម្រស់ជាងសំឡេងរូបនេះ ប្រាកដជាពិបាកឈរជើង បើសិនជាងនាងចង់បានតំណែងក្នុងចំណោមតារាល្បីៗលំដាប់ជូរមុខ ហើយនៅតែផ្ដោតលើបទស្លូវ មួយច្រកបែបនេះទៀត ៕

