Wednesday, June 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះចោរចិន ៣នាក់ កាន់កាំភ្លើង លួចស្លាក លេខឡាន

វ៉ៃ…/ខ្នោះចោរចិន ៣នាក់ កាន់កាំភ្លើង លួចស្លាក លេខឡាន

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នង ការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ តាមបណ្តឹងរបស់ជនរងគ្រោះ២នាក់។

ករណីលួចស្លាកលេខរថយន្តនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងតំបន់ភូមិ៣ សង្កាត់លេខ១ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ZHANG DING DING ហៅ MENG HU អាយុ៣៩ឆ្នាំ (កើតឆ្នាំ១៩៨៦)។ ទី២-ឈ្មោះ WEI YONGCHANG អាយុ៤៤ឆ្នាំ (កើតឆ្នាំ ១៩៨១) និងទី៣-ឈ្មោះ  WEI GUOQIANG អាយុុ៤០ឆ្នាំ (កើតឆ្នាំ១៩៨៥)។ ជនសង្ស័យទាំង៣នាក់ ជាជនជាតិចិន គ្មានលិខិតឆ្លងដែន ស្នាក់នៅសណ្ឋាគារ ហឺលិ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ចំពោះវត្ថុតាងដកហូតបាន រួមមាន រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ស្លាកលេខ 2B-3312។ អាវុធខ្លី ១ដើម ម៉ាករ៉ូឡូ។ ស្លាកលេខរថយន្ត ចំនួន៤សន្លឹក។ កាំបិតស្នៀតចំនួន២ដើម និងសម្ភារៈផ្សេងៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួច ស្លាកលេខរថយន្ត ចំនួន៣លើក រួចមកហើយ និងបានយកទៅលក់ឱ្យជនម្នាក់ឈ្មោះ A PING តាមប្រព័ន្ធតេឡេក្រាម ក្នុងតម្លៃស្លាកលេខ ១សន្លឹក ៤០០ដុល្លារ។ ចំពោះ អាវុធខ្លី ដែលជាកម្មសិទ្ធិរបស់ WEI GUOQIANG បានពីជនឈ្មោះ A WANG បច្ចុប្បន្នកំពុងរត់គេចខ្លួន។

សមត្ថកិច្ច បានបញ្ជាក់ថា សម្ភារៈដែលបានដកហូត ត្រូវបានប្រគល់ជូនម្ចាស់វិញ តាមនីតិវិធី។ ចំណែកជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត តាមច្បាប់៕

RELATED ARTICLES