Tuesday, June 24, 2025
Homeព័ត៌មានសិល្បៈពេជ្រ ចរណៃ ភ្លើងឆេះហាងល្បុក្កតោ កាកបាទក្រហមកម្ពុជា ជួយ ៣ម៉ឺនដុល្លារ

ពេជ្រ ចរណៃ ភ្លើងឆេះហាងល្បុក្កតោ កាកបាទក្រហមកម្ពុជា ជួយ ៣ម៉ឺនដុល្លារ

ភ្នំពេញ ៖ កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ប្រធានសាលាគុនល្បុក្កតោ ជ័យតេជះ និងហាងពេជ្រ ចរណៃ ល្បុក្កតោ ដែលរងគ្រោះដោយភ្លើងឆេះបំផ្លាញខ្ទេចខ្ទី ទីតាំងដែលបានជួលគេដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ កំពុងដំណើរបាន២ថ្ងៃ និងអាហារដ្ឋានដែលជិតបើកដំណើរការ  ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨:៤៥ នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នោះ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ផ្តល់អំណោយថវិកាឧបត្ថម្ភមួយចំនួន ដើម្បីជួយរួមចំណែករៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ ឡើងវិញឆាប់ៗ។

ក្នុងឱកាសនៃការផ្តល់ថវិកាឧបត្ថម្ភ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រៅពីបាននាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលផ្តល់ថវិកាមួយចំនួនដល់កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ នៅពេលនេះ គឺបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលព័ត៌មាន បូករួមទាំងការសួរនាំនិងក្តាប់ព័ត៌មានលម្អិត ទាក់ទងនិងករណីគ្រោះអគ្គិភ័យនៅទីតាំងបង្ហាត់បង្រៀនគុនល្បុក្កតោ និងអាហារដ្ឋានជិតនឹងដំណើរការ ដែលបណ្តាលឲ្យខូតខាតនិងបាត់បង់ទ្រព្យសម្បត្តិ ពិសេសសៀវភៅយុទ្ធគុនល្បុក្កតោ ដែលជាមរតកដ៏មានតម្លៃរបស់កម្ពុជា រួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចជួយឧបត្ថម្ភថវិកា ដោយយោងលើគុណតម្លៃនៃការលើកតម្កើងគុនល្បុក្កតោកម្ពុជា របស់ពេជ្រ ចរណៃ ដែលបានខិតខំតស៊ូដើម្បីកសាងថែរក្សាគុនល្បុក្កតោកម្ពុជា ដូច្នេះទើបថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រីផ្ទាល់ ធ្វើការទំនាក់ទំនងប្រគល់ថវិកាមួយចំនួន ដើម្បីជាការរួមចំណែកក្នុងការរៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោឆាប់ៗឡើងវិញ ព្រមជាមួយនេះ ក៏សូមឲ្យការជជែកឬស្នើសុំជាមួយម្ចាស់ទីតាំងជួល ឲ្យបានសម្រេចជោគជ័យ ដោយអាចបន្តដំណើរ ក្រោយមានលទ្ធភាពរៀបចំឡើងវិញបាន។

កញ្ញាពេជ្រ ចរណៃ បានគូសបញ្ជាក់ថា ទ្រព្យសម្បត្តិដែលបានបាត់បង់ក្នុងគ្រោះអគ្គិភ័យនេះអស់ចំនួនជាច្រើន ប៉ុន្តែកញ្ញា មានការតក់ស្លុត និងសោកស្តោយបំផុតចំពោះការបាត់បង់នូវសៀវភៅដែលជាស្នាដៃបន្សល់ទុកពីព្រឹទ្ធាចារ្យក្រមាមាស ជូនកញ្ញា ផ្ទាល់ដៃ។

សូមបញ្ជាក់ថា កីឡាការិនីគុនល្បុក្កតោ អ៊ិត កន្និកា ហៅពេជ្រ ចរណៃ គឺជាកូនសិស្សមួយរូបរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលលោកព្រឹទ្ធាចារ្យ ទើបតែទទួលមរណភាព កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។  ដោយសារតែមានគំនិតចង់លើកតម្កើងនិងថែរក្សាការពារនូវគុនល្បុក្កតោ ឲ្យកាន់តែរីកចម្រើនឋិត ថេរយូរអង្វែងនោះ កញ្ញា ក៏បានបើកសាលារៀនមួយ ដែលមានឈ្មោះថា សាលាគុនល្បុក្កតោ ជ័យតេជះ ដោយបច្ចុប្បន្នមានសិស្សប្រមាណ២៩នាក់ហើយ ក្នុងចំណោមនោះគឺប្រមាណជា ៧០ភាគរយ គឺមិនមានបានបង់ថ្លៃនោះទេ ដោយសារតែជាសិស្ស-និស្សិតដែលខ្វះខាត ហើយក្រៅពីនោះ អ្នកដែលមានលទ្ធភាព ក៏បានជួយបង់ថវិកា ដើម្បីសាលារៀនអាចដោះស្រាយបង់ថ្លៃទឹកនិងភ្លើង ប្រចាំខែផងដែរ។

ដូច្នេះដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់និរន្តរភាពនៃដំណើរការសាលាគុនល្បុក្កតោ ជ័យតេជះនេះ ពេជ្រ ចរណៃ សម្រេចរៀបចំបើកអាហារដ្ឋានប្ហូបបែបខ្មែរ នៅបរិវេណសាលាគុន ប៉ុន្តែជិតបើកដំណើរការ ក៏ត្រូវអគ្គិភ័យបំផ្លាញខ្ទេចខ្ទីអស់ កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥៕ ខៀវទុំ

RELATED ARTICLES